Bruno Fernandes បានបង្ហាញគ្រប់យ៉ាងអស់ហើយដើម្បី Manchester United ខណៈដែលការប្រកួតយប់មិញក្នុងជំនួប Manchester United ឈ្នះ Manchester City ២ទល់០ រូបគេបានធ្វើឲ្យគេនឹកឃើញមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo កាលពីឆ្នាំ២០១៦ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Euro 2016។
នាទី៩០ទៅហើយលោក Ole Gunnar Solskjaer បានដក Bruno មកឲ្យអង្គុយសម្រាកបន្ទាប់ពីអស់កម្លាំងជួយក្រុម ប៉ុន្តែរូបគេបានបដិសេធទៅអង្គុយដោយឈរពីក្រោយគ្រូបង្វឹកចាំមើលមិត្តរួមក្រុមលេងទាល់តែចប់ការប្រកួតទើបអបអរជាមួយគ្នា។
ទង្វើនេះធ្វើឲ្យគេនឹកឃើញកាលពីឆ្នាំ២០១៦ដែលជម្រើសជាតិព័រទុយហ្គាល់លេងវគ្គផ្ដាច់ព្រ័ត្រ Euro ជាមួយបារាំង Ronaldo បានរងរបួសនៅដើមវគ្គទីមួយត្រូវប្ដូរចេញទាំងឈឺចាប់។ ក្រោយធូស្រាលពីរបួសទោះមិនអាចចូលទីលានវិញបានក៏គាត់នៅឈរមើលមិត្តរួមក្រុមលេង និងស្រែកលើកទឹកចិត្ត បញ្ជាលិចកើតបន្ថែមលើគ្រូបង្វឹករហូតដល់ការប្រកួតបញ្ចប់ហើយព័រទុយហ្គាល់លើកពាន Euro 2016 នោះតែម្ដង។
ងាកមកកាន់ Bruno វិញ! យប់មិញរូបគេរកបាន១គ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រនៅដើមវគ្គទីមួយ ខណៈដែលគ្រាប់បាល់ទី២ស៊ុតបញ្ចូលទីដោយខ្សែការពារ Luke Shaw៕