ជួបមនុស្សប្រុសដ៏ល្អម្នាក់ មនុស្សប្រុសដែលច្បាស់លាស់នឹងអ្នកដល់ថ្ងៃចុងក្រោយ គឺពិបាកនឹងរកបំផុត។ រហូតដល់មនុស្សស្រីខ្លះត្រូវឆ្លងកាត់ស្នេហា ២-៣ ទម្រាំតែជួបបានស្នេហ៍ពិត ហើយកំឡុងពេលឆ្លងកាត់នោះ គឺនាំឲ្យខូចអារម្មណ៍ និងបាត់បង់ទឹកភ្នែករាប់លានដំណក់។
ចុះអ្នកអាចសម្គាល់ដឹងថា បុរសនោះជាបុរសដែលស្រលាញ់អ្នកពិត និងស្រលាញ់អ្នកតែម្នាក់រហូតទៅបានដោយរបៀបណា? ក្នុងអត្ថបទនេះ Knongsrok មាន ៦ ចំណុចលើកយកមកបង្ហាញ៖
៦) គេស្មោះត្រង់មិនបោកប្រាស់ចិត្តអ្នក
គេជាមនុស្សប្រុសដែលមិនចេះញ៉ែងញ៉ងនារីដទៃ ហើយមើលឃើញតែអ្នកម្នាក់ រហូតដល់ទោះបីជាមានអ្នកទីបីលេចមុខចេញមក ក៏គេនៅតែផ្តល់តម្លៃលើក្តីស្រលាញ់សម្រាប់អ្នក និងគ្មានចិត្តផិតក្បត់នោះទេ។
៥) ព្រមស្តាប់ព្រមផ្តល់យោបល់ ព្រមធ្វើជាទីប្រឹក្សាផ្លូវចិត្ត
គាត់ជាមនុស្សប្រុសដែលមិនចេះធុញទ្រាន់នឹងស្តាប់បញ្ហារបស់អ្នក ហើយគាត់ក៏ជាទីប្រឹក្សាផ្លូវចិត្តដ៏ល្អបំផុតម្នាក់ដែរ ពោលមិនមែននៅតែពេលមានក្តីសុខនោះទេ ពេលកើតទុក្ខក៏រមែងតែងមានគាត់នៅក្បែរ។
៤) តែងតែសាទរលើកទឹកចិត្តអ្នក
បើគាត់ដឹងពីគោលដៅក្នុងឆាកជីវិតរបស់អ្នក គាត់ដឹងនូវអ្វីដែលអ្នកចង់សម្រេចបាន នោះគាត់តែងតែឈរចាំលើកទឹកចិត្ត និងជាជំនួយគ្រប់ពេលវេលា តាមដែលគាត់អាចធ្វើទៅបាន។
៣) គាត់តែងតែធ្វើឲ្យអ្នកសើចនិងញញឹមច្រើន
មនុស្សប្រុសដែលស្រលាញ់អ្នកបំផុត គឺជាមនុស្សប្រុសដែលខ្លាចទឹកភ្នែករបស់អ្នកស្រក់ចុះមកបំផុត។ ក្នុងកាលៈទេសៈណាក៏ដោយ គាត់នឹងព្យាយាមធ្វើឲ្យអ្នកសើច ធ្វើឲ្យអ្នកញញឹម ហើយពេលនៅក្បែរគាត់ អ្នកដូចមានអារម្មណ៍ថាគាត់ជាថ្នាំទិព្វធ្វើឲ្យអ្នករីករាយគ្រប់ពេល នោះហើយជាបុរសដែលស្រលាញ់អ្នកពិត។
២) គាត់យល់ពីអ្នកច្បាស់បំផុត
គាត់ជាមនុស្សដែលយល់ពីអ្នកគ្រប់យ៉ាង ហើយកម្រមានរឿងណាដែលចន្លោះខ្លាំងណាស់។ ឧទាហរណ៍ថា ពេលអ្នកស្ងាត់ស្ងៀម គាត់នឹងដឹងច្បាស់ថាអ្នកមានរឿងអ្វី ហើយអ្នកកំពុងគិតអ្វី? ចំណង់ចំណូលចិត្តរបស់អ្នកគឺអ្វី បើជាបុរសដែលទុកអ្នកជានារីចុងក្រោយគឺគាត់នឹងព្យាយាមយល់គ្រប់យ៉ាងទាំងអស់។
១) គាត់អាចការពារអ្នក
មិនត្រឹមជាបុរសដែលស្រលាញ់ក្នុងនាមជាសង្សារឬគូស្នេហ៍ តែគាត់ក៏ដើរតួជាឪពុក ជាបងប្រុស ដែលតែងតែនៅពីមុខអ្នកចាំការពារអ្នក មិនថាតែផ្លូវចិត្ត និងផ្លូវកាយ។ គាត់តែងតែបារម្ភ ចង់ដឹងសុខទុក្ខរបស់អ្នកគ្រប់ពេលទាំងអស់ ជាពិសេសពេលដែលអ្នកនៅឆ្ងាយពីគាត់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក