ការប្រកួតពានរង្វាន់ Metfone Cambodian League សម្រាប់រដូវកាលថ្មី២០២១ នេះនឹងចាប់ពីថ្ងៃសៅរ៍ ទី០៦ ដល់ថ្ងៃអាទិត្យ ទី០៧ ខែមីនា នេះហើយខណៈដែលគូល្អមើលជាងគេប្រចាំសប្ដាហ៍ទីមួយគឺបឹងកេតប៉ះជាមួយណាហ្គាវើល។
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកម្មវិធីប្រកួតផ្លូវការ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះថា ការប្រកួតកីឡាបាល់ ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីមាន១៣ក្រុម ចូលរួមប្រកួតប្រជែងម្ចាស់ជើងឯក ដោយចំនួននេះមានចំនួនដូចគ្នានឹងរដូវកាល២០២០កន្លងទៅដែរ ដោយនឹងចាប់ផ្តើម នៅថ្ងៃទី០៦ ខែមីនា មាន៣ប្រកួត និងថ្ងៃទី០៧ ខែមីនា មាន៣ប្រកួត។
ក្រុមទាំង១៣ ត្រូវជួបគ្នាគ្រប់ក្រុមទាំងអស់ចំនួនពីរជើងប្រកួតសន្សំពិន្ទុសុទ្ធ (ម្ចាស់ផ្ទះ-ភ្ញៀវ) ដោយក្នុង១ក្រុមៗមានប្រកួតសរុបចំនួន២៤ប្រកួត ដោយប្រើប្រាស់ចំនួន២៦សប្តាហ៍។ កាលពីរដូវកាល២០២០ ដែលគ្រោងប្រើប្រាស់ការប្រកួតសន្សំពិន្ទុសុទ្ធដូចគ្នានោះមិនអាចដំណើរបានទេ ពោលគឺសន្សំពិន្ទុសុទ្ធបានត្រឹមតែជើងទី១ ហើយជើងទី២ CNCC បានយក ៦ក្រុម លើកំពូលតារាងមកប្រកួតជុំទី២ ដើម្បីស្វែងរកជើងឯក ដោយពេលនោះមានការផ្អាក ការប្រកួតជាច្រើន ដោយស្ថានភាពជំងឺកូវីដ-១៩ មិនអាចធ្វើទៅបានដោយសារមានរយៈ ពេលខ្លី។
រដូវកាល ២០២១នេះ ក្រុមថ្មី១ក្រុម គឺព្រៃវែង FC ដែលជាក្រុមជើងឯកលីគលំ ដាប់ទី២ បានឡើងមកលីគកំពូលកម្ពុជានេះ ដោយ១ក្រុម នៅបាតតារាងធ្លាក់ទៅលេងនៅលីគទី២ វិញនោះគឺក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។ សម្រាប់សប្ដាហ៍ទីមួយថ្ងៃសៅរ៍នេះ សូលទីឡូអង្គរត្រូវជួបក្រុមម្ចាស់ជើងឯក៦សម័យកាលភ្នំពេញក្រោន អគ្គិសនីកម្ពុជាប៉ះនគរបាលជាតិ និងព្រៃវែងប៉ះអង្គរថាយហ្គ័រ។ សម្រាប់ថ្ងៃអាទិត្យទី៧ វិសាខាទទួលក្រុម TIFFY ARMY FC, គិរីវង់សុខសែនជ័យ ប៉ះអាស៊ីអឺរ៉ុប និងបឹងកេតប៉ះណាហ្គាវើល ខណៈដែលព្រះខ័នរាជស្វាយរៀងអង្គុយចាំសិន។
ចំពោះរូបមន្តជ្រើសរើសជើងឯកវិញ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា នេះតែម្តង។ ប៉ុន្តែប្រសិនបើក្នុងករណី២ក្រុម ឬច្រើនក្រុមមានពិន្ទុស្មើគ្នា នោះក្រុម ជើងឯកនឹងត្រូវគិតទៅលើលក្ខខណ្ឌចំនួន៨ចំណុចតាមលំដាប់លំដោយ រួមមាន៖ ពិន្ទុសរុប (លទ្ធផល) ក្រុមដែលពាក់ព័ន្ធ Head to head, ផលសងគ្រាប់បាល់សរុប រវាងក្រុមដែល ពាក់ព័ន្ធ Head to head, គ្រាប់បាល់ទាត់បញ្ចូល ទីគេសរុបរវាងក្រុមដែលពាក់ព័ន្ធ Head to head, ផលសងគ្រាប់បាល់សុរប, គ្រាប់បាល់ទាត់ចូលទីសរុប, ទាត់បាល់១១ម៉ែត្រ ។ ប្រសិនបើពាក់ព័ន្ធតែពីរក្រុម ហើយក្រុមទាំងពីរកំពុងប្រកួតនៅលើទីលាន, ក្រុមមានចំណាត់ថ្នាក់ Fare Play ល្អជាងគេ និងពិន្ទុតិចជាងគេ ក្នុងការបូកសរុបកាតលឿង-កាតក្រហម នៅក្នុង ការប្រកួតទាំងអស់, ចាប់ឆ្នោតកំណាត់យកក្រុមឈ្នះ។
សម្រាប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០២១ ផ្អាកមិនឱ្យទស្សនិកជនចូលរួមទស្សនាដោយផ្ទាល់នៅកីឡដ្ឋានជាបណ្តោះអាសន្ន រហូដល់មានការជូនដំណឹងជាថ្មី ដោយសារការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩សហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ៕