ស្នេហារវាងមនុស្សពីរនាក់ នៅពេលដែលចាប់ផ្តើមបញ្ឆេះវាឡើងគឺឆ្លងកាត់រឿងលំបាកនិងរយៈពេលយូរណាស់ ប៉ុន្តែនៅពេលដែលអស់ចិត្តចង់បែក គឺរមែងដើរចេញដោយគ្មានការស្តាយស្រណោះ។
មានហេតុផលផ្សេងៗពីគ្នាក្នុងការបែកបាក់ ដោយគូស្នេហ៍ខ្លះដោយសារមើលឃើញពីតម្រូវការនិងការគិតផ្សេងគ្នា ខ្លះមានចិត្តផិតក្បត់ ខ្លះទៀតមានបញ្ហាគ្រួសារ ឬបញ្ហាផ្ទាល់ខ្លួនអ្វីជាដើម។ ក្នុងអត្ថបទនេះយើងសរសេរឡើងសម្រាប់នារីៗជាពិសេស ដែលអាចកត់សម្គាល់ទៅលើគូស្នេហ៍របស់ខ្លួនបាន ថាប្រសិនណាគេចេញអាការៈទាំង ៥ នេះ ស្មើនឹងគេមានចិត្តចង់បែកពីយើងហើយ៖
៥) ចាប់អារម្មណ៍លើទូរសព្ទជាងមុន
ពីដំបូងឡើយគេមិនសូវខ្វាយខ្វល់ថានរណា ខលមក ឬផ្ញើសារមកនោះទេ ប៉ុន្តែពេលនេះគេបែរជាប្លែកជាងមុន ហើយហាក់ដូចជាមានអ្វីលាក់លៀមនៅក្នុងនោះ និងមិនងាយឲ្យយើងប៉ះទូរសព្ទរបស់គេបានងាយៗឡើយ។
៤) ចេះបារម្ភពីខ្លួនឯងខ្លាំងជាងមុន
មនុស្សប្រុសនៅពេលដែលស្រលាញ់មនុស្សស្រីណាម្នាក់ ការបារម្ភឬការមើលថែទៅលើខ្លួនឯងគឺមិនសូវមាននោះទេ ពោលផ្តល់អាទិភាពសម្រាប់នារីដែលខ្លួនស្រលាញ់ខ្លាំងជាង។ ប៉ុន្តែបើមកទល់ពេលនេះ គេចាប់ផ្តើមចេះគិតថាមើលថែខ្លួនឯង និងធ្វើរឿងល្អៗសម្រាប់ខ្លួនឯង នោះជារឿងដែលគួរឲ្យសង្ស័យហើយ។
៣) ការអត់ធ្មត់ចាប់ផ្តើមធ្លាក់ចុះ
បុរសដែលស្រលាញ់អ្នកបំផុត គឺជាបុរសដែលពូកែអត់ធ្មត់ខ្លាំងបំផុតដូចគ្នា។ គ្មានអ្វីធំជាងការដែលអស់ចិត្តនោះទេ បើអស់ចិត្តហើយ គេលែងសូវខ្វល់ពីចិត្តអ្នក លែងសូវខ្វល់ពីការស្រក់ទឹកភ្នែករបស់អ្នកទៀតហើយ និយាយទៅពេលឈ្លោះគេមិនចាំបាច់លួងគ្រប់ពេល ឬមករកយើងមុនគ្រប់ពេលដូចមុននោះឡើយ។
២) អ្នកពិបាកនឹងទទួលបានចម្លើយពីគេ
ពីមុនវាហាក់ធ្វើឲ្យអ្នកមានការជឿជាក់ទៅលើគេខ្លាំងណាស់ តែពេលនេះរឿងខ្លះស្តាប់ទៅដូចជាអាថ៌កំបាំង សូម្បីតែសួរនាំក៏ពិបាកនឹងទទួលបានចម្លើយមកវិញដែរ។ ជាការពិតនោះក៏ដោយសារគេមានរឿងលាក់បាំងនៅពីក្រោយ ដែលមិនអាចប្រាប់មកកាន់អ្នកបាន។
១) គម្លាតរវាងគ្នាកាន់តែកើនឡើង
គម្លាតនៅឆ្ងាយពីគ្នាកាន់តែមានរវាងអ្នកនិងគេ មិនថាតែការនិយាយទូរសព្ទ ការផ្ញើសារសួរនាំពីនេះពីនោះ និងការនៅក្បែរគ្នា។ អារម្មណ៍របស់គេ ពេលវេលារបស់គេ កាន់តែដកចេញពីជីវិតរបស់អ្នក ហើយបែរជាមិត្តភ័ក្ដិនិងអ្នកដទៃ សំខាន់សម្រាប់គេជាងអ្នកទៅវិញ៕