ជឿថាអ្នកកំពុងចុចអានអត្ថបទនេះ ជាមនុស្សដែលមានអាយុស្រករ ១៨-២០ ឬខ្លះហៀរចូល ២០ ឆ្នាំជាង ដែលក្នុងវ័យនេះមិនទាន់ជាចាស់ចិត្តចាស់គំនិតខ្លាំងនោះទេ នាំឲ្យការអនុវត្តនូវសកម្មភាពមួយចំនួនមិនទាន់ជាល្អឥតខ្ចោះនៅឡើយ។
នៅក្នុងជីវិតរបស់យើង អ្នកគួរតែចេះលុតដំខ្លួន បង្កើតបញ្ហា-ដំណោះស្រាយសម្រាប់ខ្លួនឯងជារឿយៗដើម្បីទទួលបានបទពិសោធន៍យកទៅអភិវឌ្ឍខ្លួនបន្ត។ ក្នុងអត្ថបទនេះផ្ញើជូនជាពិសេសសម្រាប់អ្នកមិនទាន់ឈានដល់វ័យ ២៥ ឆ្នាំ ដែលគួរតែគិតពីចំណុច ៥ យ៉ាងហើយត្រូវឈប់និងផ្លាស់ប្តូរជាបន្ទាន់៖
៥) ឈប់ដើរ Shopping តាមចិត្តចង់
អ្នកគួរមានផែនការណ៍និងពេលវេលាច្បាស់លាស់ក្នុងការចំណាយទៅលើសំលៀកបំពាក់ គ្រឿងតុបតែងលំអខ្លួន ដែលមិនគួរបណ្តោយទៅតាមអារម្មណ៍មួយឆាវ ឬរកបានច្រើនទិញច្រើនដូចមុនទៀតនោះទេ។ ល្អបំផុតគួរតែគណនាការចំណាយ ហើយបើរបស់មានប្រើហើយ សូមកុំបន្ថែមទៅផ្ទួនគ្នា។
៤) ឈប់គិតពីអារម្មណ៍អ្នកដទៃ
ក្នុងន័យនេះមិនមានន័យថា ឲ្យអ្នកធ្វើអ្វីដោយឯករាជ្យ និងលែងខ្វល់ពីអារម្មណ៍មនុស្សជុំវិញខ្លួននោះទេ។ ប៉ុន្តែចង់ថា ពាក្យសម្តីមើលងាយ ពាក្យសម្តីបន្ទាបតម្លៃនិងពាក្យសម្តីឆ្កឹះឆ្កៀលរបស់អ្នកដទៃ ត្រូវតែប្រាកដថានឹងមិនអាចប៉ះពាល់គោលដៅរួមរបស់អ្នក ឬការអនុវត្តរបស់អ្នកដែលកំពុងតែដំណើរការទៅហើយនោះ។ ចូររៀនគិតពីខ្លួនឯង ក្តីសុខរបស់ខ្លួនឯង ឲ្យបានច្រើនជាងការរស់នៅគ្រាន់តែចង់បំពេញមាត់អ្នកដទៃ។
៣) ឈប់មើលរំលងឪពុកម្តាយ
អ្នកឈានមកដល់វ័យដែលត្រូវសងគុណលោកទាំងពីរហើយ ស្ថិតនៅវ័យដំណាលជាង ២០ នេះ ជឿថាភាគច្រើនចេះគិត ចេះគូរ ចេះមានមុខរបរការងារបង្កើតប្រាក់ចំណូលដោយខ្លួនឯងខ្លះហើយ។ ចូរទម្លាប់ពីពេលនេះទៅ ដោយចាយទាំងលុយកាក់ និងពេលវេលាសម្រាប់លោកអ្នកមានគុណទាំងពីរ ដែលបានចិញ្ចឹមបីបាច់យើងតាំងពីបាតជើងក្រហមមកម្ល៉េះ។
២) ឈប់ចំណាយពេលច្រើនលើអ៊ីនធឺណិត
ប្រសិនអ្នកពុំមែនជាអ្នកបង្កើតចំណូលតាមរយៈប្រព័ន្ធអ៊ីនធឺណិតទេនោះ អ្នកគួរតែកុំទម្លាប់ចាយពេលលើវាដូចមុនទៀតអី។ ឧទាហរណ៍៖ អ្នកប្រើពេលវេលាច្រើនលើការទស្សនាភាពយន្ត ការប្រើប្រាស់បណ្តាញសង្គមជាប្រចាំ ទាំងដែលវាពុំមេនជាប្រភពចំណូល ឬត្រូវជំនាញរបស់អ្នកផង។
១) ឈប់បំផ្លាញសុខភាពរបស់ខ្លួនឯង
មិនថាតែការទទួលទានអាហារ គ្រឿងស្រវឹង បារី សុទ្ធតែជារបស់សន្សំជំងឺពីឥឡូវទៅ។ បើអ្នកនៅតែបណ្ដែតបណ្ដោយខ្លួន មិនហួស ១០ ឆ្នាំទៅមុខទេ សុខភាពរបស់អ្នកនឹងកាន់តែចុះទ្រុឌទ្រោមទៅ ហើយប្រព័ន្ធភាពសាំក៏កាន់តែបាត់បង់ដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក