ការនិយាយស្តី មុននឹងហាចេញពីមាត់ ចូរអ្នកប្រើខួរក្បាលដើម្បីធ្វើការវិនិច្ឆ័យសិន ព្រោះពាក្យខ្លះអាចប៉ះពាល់ដល់អ្នកដទៃ ហើយពាក្យខ្លះទៀតអាចធ្វើឲ្យអ្នកដែលបានស្តាប់គេងាយនឹងផ្តល់ឬបន្ទាបតម្លៃអ្នកបានឆាប់រហ័សបំផុត។
ប្រភេទរឿងទាំង ៣ នេះ បើអ្នកបានលឺពីនរណា ចូររក្សាគម្លាតនៅឲ្យឆ្ងាយពីពួកគេ ព្រោះមនុស្សចរិតចាស់ទុំ គេនឹងមិននិយាយរឿងដូចខាងក្រោមនោះទេ៖
៣) មនុស្សពូកែខាងប្រឌិតរឿង
ការនិយាយដើម ប្រហែលជារឿងសប្បាយសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែបើការដែលនិយាយនោះជារឿងត្រូវ រឿងពិតមិនសូវអីទេ តែបើជារឿងប្រឌិតចេះថែមស្ករ ថែមអំបិលឲ្យកាន់តែមានឱជារស គឺជាកំហុសធ្ងន់ធ្ងរបំផុត។ ការបង្កាច់បង្ខូចអ្នកដទៃ វាស្មើនឹងកំពុងបង្ហាញទៅមនុស្សដែលបានស្តាប់ ឲ្យគេដឹងច្បាស់ពីចរិតរបស់ខ្លួនឯងថាជាមនុស្សបែបណា។
២) ញុះញង់បំបែកបំបាក់អ្នកដទៃ
អ្នកខ្លះនៅមិនសុខ ចេះតែបង្កើតពាក្យពេចន៍ ញុះញង់ឲ្យអ្នកនេះទៅមើលងាយ ឬទៅថាស្តីឲ្យនរណាម្នាក់ ទាំងដែលម្នាក់ទៀតនោះគេមិនដឹងអីទាល់តែសោះ។ និយាយទៅរឿងខ្លះវាប្រែពីសមកខ្មៅ ពីខ្មៅមកស លើតែមាត់របស់អ្នកនិយាយ។
១) មនុស្សដែលសន្យាតែមាត់
ប្រភេទមនុស្សសន្យាតែមាត់ បើដឹងឬស្គាល់ចរិតពួកគេច្បាស់ហើយ ចូរជៀសឲ្យឆ្ងាយកុំនៅក្បែរពេកអី។ រាល់ពាក្យសម្តីដែលគេហាមាត់ ក៏កុំសូវទុកចិត្ត ប្រសិនអ្នកធ្លាប់ទទួលបានបទពិសោធន៍កុហកពីគេម្តងហើយនោះ។
អ្នកត្រូវចាំថាពេលខ្លះទៅការនិយាយដើម ឬបង្ខូចអ្នកដទៃ ដែលយកមកនិយាយនៅនឹងមុខអ្នក នោះក៏មានន័យថាទៅថ្ងៃខាងមុខមនុស្សម្នាក់នោះ ក៏អាចនឹងនិយាយពីអ្នកទៅកាន់អ្នកផ្សេងទៀតដូចគ្នា។ បែបនេះមានរឿងល្អ អាក្រក់អ្វី កុំសូវចែករំលែកឲ្យប្រភេទមនុស្សទាំងនោះបានដឹងលឺពេក៕