ក្នុងទំនាក់ទំនងស្នេហារវាងបុរសនិងនារី សម្រាប់នារីភាគច្រើនរមែងមិនសូវឲ្យតម្លៃទៅលើរាងកាយរបស់ខ្លួន។ ជាពិសេសនៅត្រង់ផ្នែកដើមទ្រូងខាងលើ និងត្រគាកខាងក្រោម ពេលមានទំហំតូច អ្នកខ្លះច្រណែននឹងអ្នកដទៃហើយចង់បានទំហំធំ ខំទៅកែគុណ ឬប៉ះប៉ូវបែបគីមីដើម្បីបំពេញភ្នែកបុរសៗ។
ប្រុសស្មោះគេមិនមែនសម្លឹងតែលើផ្នែកទាំងនោះទេ ផ្ទុយទៅវិញអត្តចរិត ភាពស្រស់បស់ពីធម្មជាតិ ពេលខ្លះវាមានតម្លៃជាងរូបរាងកាយដែលជាសំបកក្រៅរបស់អ្នកទៅទៀត។ ខាងក្រោម Knongsrok បង្ហាញ ៥ ចំណុចដែលនារីអាចប្រើប្រាស់យកទៅទាក់ចិត្តប្រុសស្មោះ ជំនួសពីរូបរាងកាយខាងក្រៅ៖
៥) ភាពស្មោះត្រង់
មនុស្សប្រុសចាស់ទុំ មនុស្សប្រុសដែលច្បាស់លាស់នឹងអ្នក អ្វីដែលពួកគេចង់បានបំផុតនោះ គឺភាពស្មោះត្រង់ ភាពជឿទុកចិត្តគ្នាជាពិសេស។ ក្នុងវិថីឆ្ពោះទៅមុខជាមួយគ្នា ពួកគេត្រូវការនារីដែលមានចិត្តស្មោះត្រង់ និងនឹងនក្នុងទំនាក់ទំនងស្នេហា។
៤) ភាពជឿទុកចិត្ត
មនុស្សដូចគេថា ខ្វះអីខ្វះបាន តែកុំខ្វះទំនុកចិត្តនិងការជឿជាក់លើខ្លួនឯង។ បុរសស្រលាញ់នារីដែលមានទំនុកចិត្ត តែមិនសំដៅដល់អ្នកជឿជាក់ជ្រុលនោះឡើយ ហើយម្យ៉ាងទៀតគឺអ្នកសម្តែងមនុស្សប្រុសស្អប់រមែងស្អប់បំផុត។
៣) ការប្រើប្រាស់ទឹកមុខ
អ្នកជឿទេថា ស្នាមញញឹមរបស់មនុស្សស្រី អាចឆក់យកបេះដូងរបស់មនុស្សប្រុសត្រឹមរយៈពេល ៣ វិនាទី? អ្នកធ្លាប់ជួបរឿងហ្នឹងប្រាកដជាយល់ហើយ ជាក់ស្តែងទៅមិនថាតែការញញឹម ការសើច ឬសកម្មភាពមួយចំនួនផ្សេងទៀត ដែលបង្ហាញចេញមក ក៏អាចឆក់យកចិត្តបុរសម្នាក់នោះបានដែរ។
២) ភាពថ្លៃថ្នូរសុភាពរាបសា
អត្តចរិតថ្លៃថ្នូរ សុភាពរាបសា មិនក្រអឺតក្រទម ចេះដឹងចាស់ដឹងទុំ ហើយចេះគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន ទាំងនោះជាចំណុចដែលមិនមែនមនុស្សស្រីរាល់គ្នាមាននោះទេ។ ប៉ុន្តែប្រសិនអ្នកមាន វាជាគ្រាប់ពេជ្រមួយដែលអ្នកគួរបន្តថែរក្សា ហើយបុរសៗណាក៏គេចង់បានដែរ។
១) របៀបរបបនៃការផ្ញើសារ
ចំណុចចុងក្រោយនេះវាតាមគូស្នេហ៍ដែរ ខ្លះទៅគេមិនសូវចូលចិត្តការផ្ញើសារទេ តែចូលចិត្តការនិយាយផ្ទាល់ ឬជួបមុខគ្នាផ្ទាល់។ ប៉ុន្តែបើអ្នកស្ថិតក្នុងប្រភេទគូស្នេហ៍ ដែលចូលចិត្តការ SMS ឬ Chat តាមរយៈបណ្តាញសង្គម នោះបុរសគឺត្រូវការនារីដែលមានតិចនិកនិងយុទ្ធសាស្រ្តក្នុងការនិយាយ ហើយគ្រប់ពាក្យគ្រប់ពេជន៍គឺឆ្លងកាត់ខួរក្បាលឲ្យធ្វើការវិនិច្ឆ័យ មុននឹងផ្ញើចេញ ដោយមិនងាយឲ្យប៉ះពាល់អារម្មណ៍របស់បុរសនោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក