រាជធានីភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ - ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា ក្រុមការងាររបស់ក្រុមហ៊ុន Smart ចំនួនប្រមាណជាង៨០នាក់ បាននាំយកកូនដើមកោងកាងចំនួន ២០២១ ដើម ទៅដាំនៅក្នុងសហគមន៍ត្រពាំងសង្កែ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយមានការគាំទ្រពីសហគមន៍ផ្ទាល់ និងការចូលរួមរបស់តំណាងសក្រសួងបរិស្ថានផងដែរ។
យុទ្ធនាការដាំកូនដើមកោងកាងនេះ គឺជាផ្នែកមួយនៃក្របខណ្ឌនិរន្ដរភាពរបស់ក្រុមហ៊ុន Smart ដើម្បីឆ្ពោះទៅសម្រេចឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG13) និងជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាកន្លែងថែទាំ និងជាជម្រកសម្រាប់ពពួកត្រី និងសត្វទឹកសំខាន់ៗ។
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បាបញ្ជាក់ថាយុទ្ធនាការដាំដើមកោងកាង ២០២១ ដើមនេះនឹងជម្រុញបុគ្គលិកក្រុមហ៊ុនបន្តការជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។
លោក ទីវា មានប្រសាសន៍ថា ៖ «ការដាំដើមកោងកាង នេះគឺជាផ្នែកមួយនៃការជម្រុញបុគ្គលិករបស់យើង ឲ្យបន្តចូលរួមជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។ ហើយយើងជឿជាក់ថាដើមកោងកាងនេះធំឡើងនឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ផ្ទាល់សម្រាប់ធើ្វការនេសាទ ក៏ដូចជាដោយផ្ដល់ជម្រកដល់សត្វដែលរស់នៅក្នុងទឹក និងជីវៈចំរុះផ្សេងៗទៀតផងដែរ។
តំណាងក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណដល់ សហគមន៍ត្រពាំងសង្កែ និងក្រសួងបរិស្ថាន ដែលបានចូលរួមគាំទ្រការដាំដើមកោងកាង ចំនួន ២០២១ ដើម ជាមួយពួកយើងនៅថ្ងៃនេះ។»
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាថ្ងៃល្អ មួយដែលមានក្រុមការងារក្រុមហ៊ុន Smart បានមកដាំដើមកោងកាង ដោយក្រសួងបរិស្ថានតែងតែចង់បានដៃគូចូលរួមការពារបរិស្ថាន។
នៅពេលយើង ដាំដើមកោងកាងនេះ មានន័យថាយើងកំពុងបង្កើតជម្រកបន្ថែមសម្រាប់មច្ឆាជាតិរបស់យើង ហើយក៏ជួយដល់ជីវភាពពលរដ្ឋនៅតាមសហគមន៍ឲ្យកាន់តែប្រសើរឡើង។»
ដើមកោងកាងអាចជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ព្រៃកោងកាងជួយផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីតាមតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសឹករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់។
កញ្ញា យិន ផាដាវ បុគ្គលិកក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងការដាំដើមកោងកាង បានឲ្យដឹងថា៖ «នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានមកដាំដើមឈើជាមួយក្រុមការងារ ហើយនេះគឺជាលើកទីមួយដែលបានមកដាំដើមកោងកាងជាមួយពួកគាត់។
ក្រុមហ៊ុន Smart ផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការងារ ដើម្បីសហគមន៍ ហើយនេះគឺជាផ្នែកមួយនៃក្រុមហ៊ុន ដោយជម្រុញឲ្យពួកខ្ញុំស្រលាញ់ធម្មជាតិ និងធ្វើការដើម្បីសហគមន៍នានា។»
កម្មវិធីបរិស្ថានល្អ គឺជាសសរស្ដម្ភដ៏សំខាន់មួយនៃកម្មវិធីទំនួលខុសត្រូវសង្គមទាំងបួនរបស់ក្រុមហ៊ុន Smart រួមមាន ១/ការអប់រំ ២/បច្ចេកវិទ្យាបែបច្នៃប្រឌិត ៣/កីឡាសហគមន៍ ៤/បរិស្ថាន។
កម្មវិធីនិរន្ដរភាព និងកម្មវិធីទំនួលខុសត្រូវសង្គមគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ខ្លួន នឹងតែងតែធានាថាអាជីវកម្មរបស់ក្រុមហ៊ុន រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។