រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ - សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ម៉ីនដុល្លារ បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។
ថ្លែងអំពីមូលហេតុដែលគាត់ផ្តើមយុទ្ធនាការ «រត់ជាមួយសាយ» នេះឡើង លោក សាយ បាននិយាយថា៖ «ខ្ញុំគោរព និងកោតសសើរការងារ ដែលមន្ទីរពេទ្យកុមារអង្គរកំពុងធ្វើ ដើម្បីផ្ដល់ការព្យាបាលដល់កុមារកម្ពុជា ហើយខ្ញុំបានជួយពួកគេតាមរយៈមធ្យោបាយដែលខ្ញុំអាចធ្វើទៅបាន។ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមានអារម្មណ៍រំភើបណាស់ចំពោះការគាំទ្រ និងសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរក្នុងបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរនេះ។»
លោកបានបន្តទៀតថា ៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលក្រុមហ៊ុនធំៗនៅកម្ពុជា ដូចជាក្រុមហ៊ុន Smart បានចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌របស់ខ្ញុំ ក្នុងការជួយប្រជាជនកម្ពុជាឲ្យចេះជួយយកអាសារគ្នា ជាពិសេសដល់អ្នកដែលមិនមានសំណាងជាងខ្លួន ជាពិសេសក្មេងៗ។»
លោក សាយ ក៏ទទួលបានការតែងតាំងជាច្រើនពីពលរដ្ឋកម្ពុជា ដើម្បីក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart ផងដែរ ដែលជាផ្នែកមួយផ្សេងទៀតនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដើម្បីជ្រើសរើសពលរដ្ឋកម្ពុជាដែលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេទោះបីជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បានមានប្រសានស៍ថា៖ «លោក សាយ បានលើកទឹកចិត្តដល់ពួកយើងទាំងអស់គ្នា ហើយពួកយើងនៅក្រុមហ៊ុន Smart មានមោទនភាពក្នុងការរួមចំណែកដល់សមិទ្ធិផលដ៏អស្ចារ្យរបស់គាត់ក្នុងការរៃអង្គាសថវិការជាច្រើនតាមរយៈគំនិតផ្តួចផ្តើម ការខិតខំ និងការលះបង់ផ្ទាល់ខ្លួន។ យើងសង្ឃឹមថាការបរិច្ចាគរបស់ក្រុមហ៊ុនទៅកាន់យុទ្ធនាការ «រត់ជាមួយសាយ» នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់យើងនឹងលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាឲ្យចេះរួមគ្នា និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយអ្នកដែលងាយរងគ្រោះបំផុត ក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។»
នៅពេលចុះបញ្ចប់នៃការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart ក៏បានប្រកាសឲ្យដឹងថាក្រុមហ៊ុននឹងពង្រីកការគាំទ្រដល់សេវាថែទាំសុខភាពកុមារឥតគិតថ្លៃ តាមរយៈការរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ និងបរិច្ចាគថវិការបស់ក្រុមហ៊ុនឲ្យគ្រប់ចំនួន១០ម៉ឺនដុល្លារ។ ការប្រគុំតន្រ្តី Smile Charity Concert នឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នឹងមានការសម្ដែងពីតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។
ថវិកាទាំងអស់នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យកុមារឈានមុខគេខាងផ្នែកផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។
លោក Feiruz បានបន្ថែមទៀតថា៖ «ការធានាឲ្យបានថាពលរដ្ឋកម្ពុជា ជាពិសេសកុមារ ទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព គឺជាផ្នែកមួយដ៏សំខាន់ នៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការគាំទ្រដល់ការអភិវឌ្ឍជាតិក្នុងរាល់មធ្យោបាយដែលអាចធ្វើទៅបាន។
លោក ប្រុសឡា តារាម្នាក់ក្នុងចំណោមតារាល្បីៗដ៏ទៃទៀត ដែលបានចូលរួមក្នុងព្រឹតិ្តការណ៍រត់នេះ បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះកម្មវិធីយុទ្ធនាការរបស់សាយ ដើម្បីរៃអង្គាសថវិការសម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នៅពេលដែលខ្ញុំបានចូលរួមរត់ជាមួយគាត់ ពិតជាជំរុញឱ្យខ្ញុំជួយធ្វើការងារផ្សេងទៀតសម្រាប់សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ។ ខ្ញុំពេញចិត្តក្នុងការធ្វើការជាមួយក្រុមហ៊ុន Smart ដែលក្រុមហ៊ុនបានចំណាយពេលវេលាជាច្រើនរាប់មិនអស់ ជាមួយនិងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានសុខុមាលភាពល្អផងដែរ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមការប្រគុំ តន្រ្តី Smile Charity Concert នាពេលខាងមុខនេះផងដែរ។»
នាពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានផ្ដើមយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរកប្រជាពលរដ្ឋ កម្ពុជាដែលបានធ្វើការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសហគមន៍របស់ពួកគាត់។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ
www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។