ជ័យលាភីក្នុង​ការ​ប្រកួត​ខ្លែង​ឯកខ្មែរបាន​ទៅលើ​កុមារ​អាយុ​១២​ឆ្នាំ​មួយ​ក្រុម​ដែល​មាន​ខ្លែង​ឯកលេខ​៩ ​

រាជធានីភ្នំពេញ​៖ ​ កុមារមួយ​ក្រុម អាយុ​១២​ឆ្នាំ​ដូច​ៗគ្នា​​គឺជា​អ្នក​ទទួល​បាន​ពាន​រង្វាន់​លេខ​១ ​នៅ​ក្នុង​​ការ​​ប្រកួត​ខ្លែង​ឯកខ្មែរ​ដែល​ត្រូវ​បាន​រៀប​ចំឡើង​​​ដោយ​ក្រុម​អ្នក​ស្រឡាញ់​​និង​គាំទ្រ​វប្បធម៌នៃ​ការ​បង្ហោះ​ខ្លែង​ឯកខ្មែរ​កាល​ពី​ថ្ងៃទី​០១ ខែ​មករា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ។​​ 

Photo_2021 01 02_16 17 26

Photo_2021 01 02_16 15 43

ការ​ប្រកួត​​ខ្លែង​ឯក​ខ្មែរ​ដែល​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ភូមិ​ត្បូង​ធំ សង្កាត់​ពញាន់ ខណ្ឌព្រែក​ព្នៅ​ រាជធានីភ្នំពេញ​បាន​រក​ឃើ​ញ​ជ័យ​លាភីរបស់​ខ្លួន​ហើយ ដែល​ជ័យ​លាភីលេខ​១ បាន​ទៅ​លើ​​កុមារា​មួយ​ក្រុមមាន​ខ្លែង​លេខ​៩ ទទួល​បាន​ពាន​រង្វាន់​លេខ​១ ទឹក​ប្រាក់​២០០​ដុល្លារ និង​នំមួយ​ចំនួន​ ជ័យ​លាភីលេខ​២ដោយ​យុវជន​ មាស​ លាង​ហេង​​មាន​ខ្លែង​លេខ​១០​ ទទួល​បាន​ពានរង្វាន់​លេខ​២ ទឹក​ប្រាក់​១៥០​ដុល្លារ និង​នំ​មួយ​ចំនួន​ និងជ័យ​លាភី​លេខ​៣​ដោយ​​យុវជន​សន ធួន​មាន​ខ្លែង​លេខ៧​ ទទួល​បាន​ពាន​រង្វាន់​ទី​៣ ទឹក​ប្រាក់​១០០​និង​នំមួយ​ចំនួន​​។

Photo_2021 01 02_16 16 39

ការ​ប្រកួត​ខ្លែង​ឯក​ខ្មែរ​នេះ​ត្រូ​វ​បានប្រារព្ធ​ធ្វើ​ឲ្យ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ ដែល​ជ័យ​លាភី​​គឺជា​អ្នក​ដែល​ទទួល​បាន​ពិន្ទុ​ល្អ​​ទៅ​លើ​​សោភ័ណ្ឌភាព​ខ្លែង ការ​រត់​បង្ហោះ កម្លាំង​ខ្លែង​ហោះ​ឡើង​ សម្លេង​ឯក​និង​របៀប​នៃ​ការ​សម្រូត​ខ្លែង​ចុះ​ចត​ជា​ដើម។​

Photo_2021 01 02_16 16 41 (2)

 ខ្លែងឯកដែល​ត្រូវ​បាន​ដាក់​​​ប្រកួតមាន​​​ចំនួន​​១៧​ខ្លែង​ និង​ចែក​ចេញ​ជា​បី​ទំហំដែល​ប្រភេទខ្លែង​​ឯកទី​មួយ​មាន​ទំហំ២.៧​ម៉ែត្រ  ប្រភេទខ្លែង​​ឯកទី​ពីរ​មាន​ទំហំ២.៥ម៉ែត្រ និង​ទីបី​មាន​ទំហំ១.៥ម៉ែត្រ​។​ 

Photo_2021 01 02_16 16 41

យុវជន​ សន​ ធួន​បាន​ឲ្យ​ដឹង​ថា​​ ខ្លែងឯក​របស់​ខ្លួន​ត្រូវ​ចំណាយ​ពេល​២​ថ្ងៃ​ដើម្បី​ធ្វើ ហើយ​វត្ថុ​ធាតុ​ដើម​​ក្នុង​ការ​ធ្វើ​វា​គឺរួម​មាន​ឬស្សី​ ក្រដាស​ស៊ីម៉ងត៍និង​ផ្តៅ​សម្រាប់​ធ្វើ​ជា​ឯក​ឲ្យ​លឺ​សម្លេង​។ 

Photo_2021 01 02_16 16 42

លោក​ ស៊ីម សូយុង ដែល​អ្នក​ផ្តួច​ផ្តើម​គំនិត​នៃ​ការ​ប្រកួត​ខ្លែង​ឯកខ្មែរ​នេះ​ បាន​មាន​ប្រសាសន៍​​ថា​៖ «​ខ្ញុំ​តែង​​តែ​ស្រឡាញ់​និង​ចូល​ចិត្ត​ការ​បង្ហោះ​ខ្លែង​ ហើយ​ការ​ដែល​ខ្ញុំ​ជ្រើស​រើស​យក​ខ្លែង​ឯក​ជា​លក្ខខណ្ឌ​ក្នុង​ការ​ប្រកួត​គឺ​ដោយ​សារ​ ខ្លែង​ឯក​គឺជា​ខ្លែង​ខ្មែរ​ ដែល​ពិបាក​​ក្នុង​ការ​ធ្វើ​និង​មិន​សូវ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​និយម​យក​មក​បង្ហោះ​លេង​នោះ​ទេ។ ហេតុដូច្នេះ​ហើយ ខ្ញុំ​ចង់​ឲ្យ​ការ​ប្រកួត​លើក​នេះ ជា​ការ​រំលឹក​នូវ​វប្បធម៌​នៃ​ការ​បង្ហោះ​ខ្លែង​ឯក​របស់​យើងនា​រដូវ​ជំនោរ​និង​នាំ​យករបៀប​​​នៃ​ការ​ធ្វើ​ខ្លែងឯក​នេះ​មក​ចែក​រំលែក​ឡើង​វិញ​»។

Photo_2021 01 02_16 17 25 (2)

Photo_2021 01 02_16 17 25

Photo_2021 01 02_16 17 25 (3)

លោក​បាន​បន្ត​ថា ភាពជោគជ័យ​នៃ​ការ​រៀប​ចំ​ប្រកួត​ខ្លែង​ឯក​លើក​ទី​១នេះ ​ពិត​ជាធ្វើ​ឲ្យ​លោក​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ ដែលលោក​​បាន​មើល​ឃើញ​ពីភាព​ប៉ិន​ប្រសព្វ​របស់​បេក្ខជន​នីមួយៗ ក្នុង​ការ​ខិត​ខំ​ធ្វើ​ខ្លែង​​ឯក​របស់​ខ្លួន​​ឲ្យ​រឹង​មាំ និង​មាន​សម្លេង​លឺ​ខ្លាំង​​ ហើយ​លោក​សន្យា​ថា​​នឹង​បន្ត​រៀប​ចំការ​ប្រកួត​​ខ្លែង​ឯក​ខ្មែរ​នៅ​ឆ្នាំ​​ក្រោយ​ៗទៀត​។

គួរ​បញ្ជាក់​​ថា​ ការ​ប្រកួត​ខ្លែង​ឯក​នេះ​ក៏​ត្រូវ​បាន​ចូល​រួម​ឧបត្ថម្ភគាំទ្រ​ដោយ​​ក្រុម​ហ៊ុន​MSA​ និងក្រុម​ហ៊ុន​KBSK ជាមួយ​នឹង​ទឹក​ប្រាក់​៦០០​ដុល្លារ​និង​ទឹក​អាឡូវឺរ៉ាចំនួន​១០​កេសផង​ដែរ​៕