ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០- ការចំណាយពេលវេលាផ្ទាល់ខ្លួនលើការសម្រួលចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះ ការប្រើថវិកាផ្ទាល់ខ្លួនដើម្បីទិញសៀវភៅសម្រាប់សិស្ស និងការគាំទ្រកុមារកំព្រា និងមនុស្សចាស់ គឺគ្រាន់តែជាអំពើល្អមួយចំនួនដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនធ្វើសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ និងសម្រាប់ប្រជាពលរដ្ឋផ្សេងទៀតក្នុងប្រទេស។
នៅក្នុង ការស្ទង់មតិ ក្រៅផ្លូវការមួយ ដែលធ្វើឡើងនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញដោយអ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជាបានកោតសរសើរដល់អ្នកដែលពួកគេបានស្គាល់ ដែលបានធ្វើអំពើល្អជាប្រចាំ។
លោក ទឹម ម៉ន អាយុ ៤៨ឆ្នាំ ដែលជាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានថ្លែងថា៖ “ខ្ញុំចង់ឱ្យលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ប្រកួតប្រជែងនៅកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart”។
លោកបានបន្ថែមថា៖ “ម៉ោង ៥ យើងចប់ម៉ោងរដ្ឋបាល គាត់អត់ទៅផ្ទះទេ គាត់នៅចាំនៅសង្កាត់។ គាត់ឱ្យកម្លាំងប្រជាការពារមកកែងវត្ត មកលើថ្នល់។ កាលណាដឹងថាផ្លូវស្ទះហើយ គាត់បញ្ជាកម្លាំងចេញពីសង្កាត់មកជួយ ហើយគាត់អត់ទៅផ្ទះទេ គាត់ធ្វើតាំងពីម៉ោង ៥ ចប់ហើយតសកម្មភាព និងធ្វើជុំវិញវត្ត លើថ្នល់ ២៧១ មុខពេទ្យរុស្ស៊ី ហើយគ្មានកម្រៃ គ្មានអ្នកណាជូនស្អីមកពីណាទេ គឺគាត់មានទឹកចិត្តជួយប្រជាពលរដ្ឋគាត់”។
ប្រជាពលរដ្ឋម្នាក់ទៀតគឺលោក លឹម សុខផេង អាយុ ៣៣ ឆ្នាំ មកពីខេត្តកណ្តាល បានកោតសរសើរដល់នាយកសាលាម្នាក់នៅខេត្តកណ្តាល។
លោក លឹម សុខផេង៖ “ខ្ញុំធ្លាប់ស្គាល់ម្នាក់។ គាត់ជានាយកសាលានៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ការជួយរបស់គាត់នៅសាលាហ្នឹងដូចជាពាក់ព័ន្ធជាមួយសិស្សក្រីក្រ ដែលអត់មានសម្ភារសិក្សាគ្រប់គ្រាន់ គាត់ជួយជាថវិកា ឬគាត់ទិញជាសម្ភារៈសិក្សាឱ្យសិស្ស”។
លោកបន្តថា៖ “សម្រាប់មាតាបិតាសិស្សដែលខ្វះខាត ឧទាហរណ៍ថាគាត់ស្លាប់។ អញ្ចឹង គាត់មានថវិកា ឬរៃអង្គាសនៅក្នុងសាលាដើម្បីជួយដល់សិស្សហ្នឹង។ គាត់ជួយជាកម្លាំងចិត្តដល់សិស្សកុំឱ្យ ដូចថា ឪពុកម្តាយគ្នាស្លាប់ចឹងទៅ វាអាចនឹងចង់បោះបង់ការសិក្សា។ គាត់ជួយពន្យល់សិស្ស ហើយជួយជាថវិកា។ បើសិស្សអត់មានមធ្យោបាយធ្វើដំណើរ គាត់ទិញជាកង់ឱ្យ បើទោះជាគាត់អត់មានថវិកាគ្រប់គ្រាន់ក្តី គាត់អាចរៃអង្គាសពីក្នុងសហគមន៍ដើម្បីជួយដល់សិស្ស”។
អ្នកស្រី សិទ្ធិ ស្រីទៀង ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានកោតសរសើរដល់ព្រះសង្ឃមួយអង្គដែលចំណាយពេលវេលារបស់ព្រះអង្គក្នុងការជួយយកអាសារដល់កុមារកំព្រា និងមនុស្សចាស់។
អ្នកស្រីបានថ្លែងថា៖ “ខ្ញុំស្គាល់លោកមួយអង្គ។ លោកគង់នៅវត្តភ្នំពេញថ្មី លោកព្រះនាម យី ហាក់។ លោកតែជួយចាស់ជរា ក្មេងកំព្រា ជនក្រីក្រ។ លោកមានព្រះទ័យទុកដាក់ជាមួយអ្នកក្រ។ លោកតែងយកអាសារជាមួយអ្នកក្រច្រើន។ ចិត្តខ្ញុំចង់ឱ្យលោកចូលប្រកួតដែរ តែមិនដឹងថា លោកទៅអត់”។
ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ពួកគេ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។
ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំងអ្នកដែលបានធ្វើអំពើល្អៗជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងពិតជាសង្ឃឹមថា ពលរដ្ឋគំរូណាម្នាក់ នឹងត្រូវបានទទួលស្គាល់ សម្រាប់ទង្វើដ៏ល្អដែលគេបានធ្វើឡើង ក្នុងការជួយអ្នកដទៃ”។
ក្នុងនាមជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងជ្រើសតាំងអ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះអាចធ្វើឡើងតាមរយៈគេហទំព័រ https://bit.ly/3lZwpVl។
អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើសបេក្ខជន១០នាក់ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី ពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយគណៈកម្មការមួយដែលមានសមាសភាពបីរូប ដើម្បីឈ្នះទឹកប្រាក់ ១ម៉ឺនដុល្លារ។ ឈ្មោះរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។
អ្នកជ្រើសតាំងមានពេលរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដើម្បីជ្រើសតាំងអ្នកដែលពួកគេគិតថាជាពលរដ្ឋគំរូរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
កម្មវិធី «ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata»
I ការពិពណ៌នារូបភាព៖ បុគ្គលគំរូក្នុងចិត្តពលរដ្ឋ
II ការពិពណ៌នារូបភាព៖ ពលរដ្ឋនិយាយអំពី បុគ្គលគំរូក្នុងចិត្តរបស់ពួកគេ