ដូចដែលបានដឹងរួចមកហើយថា មួយរយៈចុងក្រោយនេះ មានបញ្ហារវាង តារាចម្រៀងហ៊ីបហប លោក វណ្ណដា បាននឹងមានបញ្ហាល្អក់កករជាមួយនឹង ក្រុមហ៊ុន Smart Axiata ចំពោះរឿងកិច្ចកុងត្រារវាងតារារូបនេះ ជាមួយនឹងខាងក្រុមហ៊ុន Smart។
យ៉ាងណាមិញ កាលពីម្សិលមិញនេះដែរ លោក វណ្ណ ដា ក៏បានចេញមុខបកស្រាយបំភ្លឺតាមរយៈវីដេអូជុំវិញបញ្ហាដែលកំពុងតែផ្ទុះកក្រើកមួយនេះ។ ស្របពេលនេះដែរ ខាងក្រុមហ៊ុន បារមី ដែលជាក្រុមហ៊ុនគ្រប់គ្រងរាល់ការងារសិល្បៈ អាជ្ញាប័ណ្ណ កិច្ចសន្យា និងការទទួលកក់ សម្ដែង/ច្រៀង របស់វណ្ណដាផ្ទាល់តែម្ដង ក៏បានចេញសេចក្ដីប្រកាស បកស្រាយបំភ្លឺ និងធ្វើការគាំទ្រដល់តារាចម្រៀងរូបនេះ ដោយបានរៀបរាប់ថា ៖
សួស្ដីអ្នកទាំងអស់គ្នា!
អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបអំពីការបកស្រាយរបស់វណ្ណដាដោយផ្ទាល់តាមរយៈខ្សែវីដេអូខ្លីមួួយ កាលពីប៉ុន្មាន ម៉ោងមុននេះ ដែលនិយាយទាក់ទងទៅនឹង បញ្ហារវាងវណ្ណដានិង ក្រុមហ៊ុន Smart Axiata ។
ដូច្នេះតាមកាស្នើរសុំរបស់វណ្ណដា យើងខ្ញុំសូមចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ និងធ្វើការគាំទ្រ នូវអ្វីដែលវណ្ណដា បាននិយាយ នៅក្នុងវីដេអូបកស្រាយរបស់គាត់ទាក់ទងទៅនឹងរឿងផ្លូវច្បាប់ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Smart Axiata ។
ក្រុមហ៊ុនបារមី គឺជាក្រុមហ៊ុនគ្រប់គ្រងរាល់ការងារសិល្បៈ អាជ្ញាប័ណ្ណ កិច្ចសន្យា និងការទទួលកក់ សម្ដែង/ច្រៀង របស់វណ្ណដា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មកម្លេះ។ ក្នុងនាមជាសិល្បករក្រុមហ៊ុនបារមី វណ្ណដាស្ថិតក្រោមការគ្រប់គ្រង និងការគាំទ្រ ពីផលិតកម្មបារមី រហូតមកដល់សព្វថ្ងៃនេះ។
ក្រុមហ៊ុន Smart Axiata បានចេញសេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ជិកា ដើម្បី ការពារសកម្មភាពរបស់ពួកគេ។ ក្រុមហ៊ុនបារមីយើងខ្ញុំ បានព្យាយាមអស់រយៈពេលជាច្រើនខែកន្លងមក ដោយធ្វើការ ឆ្លើយតបជាមួយក្រុមហ៊ុន Smart Axiata ក្នុងលក្ខណៈឯកជនទៅតាមរបៀបរបបនៃការធ្វើការ ហើយឥលូវនេះ យើងយល់ថាយើងគ្មានជម្រើសអ្វីក្រៅពីការធ្វើការឆ្លើយតបក្នុងវេទិកាសាធារណៈនេះទេ។ យើងខ្ញុំក៏បានផ្ដល់មេធាវីនិង ក្រុមប្រឹក្សាផ្នែកច្បាប់ដ៏ល្អបំផុតសម្រាប់វណ្ណដាហើយ នឹងព្យាយាមយ៉ាងស្វិតស្វាញដើម្បីឱ្យគាត់ទទួលបានយុត្តិធម៌មួយ នេះ ។
ក្រុមហ៊ុន Smart Axiata បានលើកឡើងដោយត្រឹមត្រូវអំពីចំណុចក្នុងកិច្ចសន្យារវាងសិល្បករ និង Smart ពីលក្ខខណ្ឌ មួយក្នុងការ «បន្តកិច្ចសន្យាចាស់ដោយស្វ័យប្រវត្តិ» ដែលហៅថា Automatic renewal ។ ប៉ុន្តែនៅក្នុងរឿង ក្តីរបស់វណ្ណដា អំពី «ការបន្តកិច្ចសន្យាចាស់ដោយស្វ័យប្រវត្តិ» ដែលយើងហៅថា Automatic renewal នោះ ត្រូវបានអស់សុពលភាពដោយហេតុ នៅមុនពេលផុតកំណត់នៃកិច្ចសន្យា យើងខ្ញុំបានចំណាយពេលជាច្រើនខែ ធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Smart Axiata។ ក្រុមហ៊ុន Smart Axiata បានសរសេរយ៉ាងច្បាស់នៅក្នុងអ៊ីមែល និងសារ តាម Whatsapp ជាច្រើនដែលក្រុមហ៊ុន Smart Axiata មិនមានបំណងក្នុងការបន្តកិច្ចសន្យាចាស់តទៅទៀតទេ។ នៅខែតុលាឆ្នាំ ២០១៩ ប្រធានផ្នែកតន្រ្តីរបស់ Smart Axiata, Mr. Felipe Noguchi បានទាក់ទងមក ក្រុមហ៊ុនបារមី ដើម្បីផ្តួចផ្តើមសសេរកិច្ចសន្យាថ្មីមួយ។
នៅខែកុម្ភៈឆ្នាំ ២០២០ ក្រុមហ៊ុនបារមី នឹង Smart Axiata បានយល់ព្រមគ្នា ទៅលើលក្ខខណ្ឌថ្មី ហើយចាប់ផ្តើមរៀបចំកិច្ចសន្យាថ្មី មួយខែមុនកិច្ចសន្យា របស់វណ្ណដាផុតកំណត់។ ពេលភ្លាមៗនោះ Mr.Felipe Noguchi បានលាឈប់ពីក្រុមហ៊ុន Smart Axiata។ ការព្រមព្រៀងទៅលើកិច្ចសន្យាថ្មីនេះត្រូវបាន ផ្ទេរទៅ ឱ្យបុគ្គលិក Smart ម្នាក់ទៀតគឺ Mr. Chiseng Lam។ Mr. Chiseng Lam បានធានាដល់ Baramey ថាគ្រប់យ៉ាង មិនមានការផ្លាស់ប្តូរទេ។
បន្ទាប់មក ស្រាប់តែ Mr. Chiseng Lam ជូនដំណឹងដល់ Baramey ថា Smart Axiata មិនទទួលយក កិច្ចព្រមព្រៀងថ្មីទៀតទេ។ បញ្ហានេះ បានធ្វើឱ្យ Baramey ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ Baramey បានស្នើទៅ Smart Axiata សូមឱ្យក្រុមហ៊ុន កុំងាករេចេញពីអ្វី ដែលបានព្រមព្រៀង និងបានចរចារកន្លងមកនេះ។ Smart Axiata បានឆ្លើយថា នេះគឺជាការសម្រេចចិត្តចុងក្រោយ។
ដូច្នេះទើបក្រុមហ៊ុនបារមី បានឆ្លើយទៅកាន់ក្រុមហ៊ុន Smart Axiata វិញថា បើយើងទាំងពីរមិនឯកភាពចំពោះលក្ខខណ្ឌថ្មីនោះទេ យើងមិនអាចបន្ដការងារជាមួយគ្នា ទៀតបានឡើយ។ នេះបានបញ្ជាក់យ៉ាងច្បាស់ណាស់ អំពីដំណើររឿងមួយនេះ។
ជាអកុសល ក្រុមហ៊ុនSmartAxiata បានជូនដំណឹងមកដល់ពួកយើងអំពី «គោលបំណងក្នុងការចោទ ប្តឹងទៅលើ សិល្បកររបស់ពួកយើង(វណ្ណដា)» ហើយពួកគេបានច្រានចោល រាល់ភស្តុតាងរបស់យើង ដែលបានបញ្ជាក់ថា កិច្ចសន្យាត្រូវបានបញ្ចប់ តាំងពីខែមិនា ឆ្នាំ២០២០ មកម្លេះ។ ក្រុមហ៊ុន Smart Axiata នៅតែបន្តមិនឆ្លើយតប រាល់ការស្នើសុំរបស់ពួកយើង ដើម្បីផ្តល់នូវព័ត៌មាន ដែលមានការទាក់ទងទៅនិងការបញ្ចប់ កិច្ចព្រមព្រៀងមួយនេះ។
តាមការពិត «បន្តកិច្ចសន្យាចាស់ដោយស្វ័យប្រវត្តិ» តម្រូវឱ្យមានលក្ខខណ្ឌនៅដដែល។ SmartAxiata គឺជាភាគី ដែលបានផ្តួចផ្តើមធ្វើការចរចាទៅលើលក្ខខណ្ឌកិច្ចសន្យាថ្មី ប៉ុន្តែក្រោយមកក៏បានបោះបង់កិច្ចសន្យាថ្មីចោលដែលធ្វើ អោយ «បន្តកិច្ចសន្យាចាស់ដោយ ស្វ័យប្រវត្តិ» អស់សពុលភាព។
យើងខ្ញុំពិតជាគោរព និងធ្វើការកោតសរសើរនូវការខិតខំប្រឹងប្រែងជួយលើកស្ទួយជ្រោមជ្រែង វិស័យតន្រ្ដីនៅកម្ពុជា កន្លងមក ដែលក្រុមហ៊ុន Smart Axiata បានធ្វើរហូតមកដល់សព្វថ្ងៃ។ នៅក្នុងគោលការណ៍របស់ក្រុមហ៊ុន Smart Axiata គឺបានចែងយ៉ាងច្បាស់ថា ពួកគេតែងតែគាំទ្រនូវទេពកោសល្យ និង លើកកម្ពស់ស្នាដៃសិល្បៈក្នុងស្រុក។ ក្រុមហ៊ុន Smart Axiata ធ្លាប់ជួយជ្រោមជ្រែងវិស័យតន្រី្តខ្មែរ ឱ្យខិតទៅរកគុណភាពកម្រិតស្តង់ដារពិភពលោក។ នេះជារឿងពិតដែលមិនអាចបំភ្លៃបាន។ ជាការនឹកស្មានមិនដល់ ក្រុមហ៊ុន Smart Axiata បានសំរេចចិត្ត ដាក់ពាក្យបណ្តឹងសិល្បករទៅវិញ ដែលការធ្វើអំពើទាំងអស់នេះ ហាក់ដូចជាប្រាសចាកពីកិច្ចព្រមព្រៀង និងឆន្ទៈរបស់ Smart Axiata ជាមួយសិល្បករកម្ពុជា។
ពួកយើងបន្តការសង្ឃឹម យ៉ាងមុតមាំថា យើងនៅតែអាចបន្តធ្វើការងាររួមគ្នា ជាមួយក្រុមហ៊ុន Smart Axiata បើទោះបីជាស្ថានការណ៍ដ៏តាងតឹងមួយនេះ បានកើតឡើងចំពោះពួកយើងយ៉ាងណាក៏ដោយ។ ពួកយើងជឿថា ទាំង ក្រុមហ៊ុនបារមី និងក្រុមហ៊ុន Smart Axiata សុទ្ធតែមានឆន្ទៈរួមគ្នា គឺអភិវឌ្ឃន៍សិល្បៈតន្ត្រីនៅកម្ពុជាអោយបានទៅមុខ ជាលំដាប់។
យើងខ្ញុំក៏ដឹងថា អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ស្រឡាញ់ និងចូលចិត្តចម្រៀងរបស់វណ្ណដា និង ស្នាដៃរបស់ សិល្បករ ដទៃទៀតពីក្រុមហ៊ុនបារមី ដោយផ្អែកទៅលើ ចំនួនអ្នកស្តាប់តាម Pleng ជារៀងរាល់សប្ដាហ៍។ ទោះជាយ៉ាងណាក៏ដោយ ពួកយើងនៅតែប្រកាន់គោលជំហរថានឹងងើបឈរឡើងតតាំង ដើម្បីការពារសិទ្ធសិល្បករ របស់យើង នៅក្នុងការបង្កើតសំលេងមួយដែលសិល្បករខ្មែរយើងអាចលូតលាស់ និងចែករំលែក នូវសិល្បៈ របស់ពួកគាត់ បានបង្កើតឡើង ដើម្បីរៀបរាប់រឿងរ៉ាវរបស់ពួកគាត់ ទៅកាន់ប្រជាជនកម្ពុជា និងពិភពលោកផងដែរ។
យើងទាំងអស់គ្នាសង្ឃឹមថា ក្រុមហ៊ុន Smart Axiata នឹងចូលរួមជាមួយពួកយើងដើម្បីសិល្បករកម្ពុជាទាំងអស់គ្នា។
ដោយសេចក្តីគោរពពី!
ក្រុមហ៊ុនបារមី