ទីបំផុតក្រុមហ៊ុនហុងដាបានចេញលក់ម៉ូតូស៊េរីថ្មី PCX ស៊េរីចុងក្រោយដែលមានការផ្លាស់ប្តូររូបរាងថ្មីផងដែរនៅអ៊ឺរ៉ុបរួចរាល់ហើយ។ មានការផ្លាស់ប្តូរជាច្រើន ចំណុចដែលមិនធ្លាប់មាន។
ការផ្លាស់ប្តូរដំបូងបង្អស់របស់វាគឺជារូបរាងដែលខុសគ្នាពីស៊េរី២០២០ ដើមដោយធ្វើការកែប្រែផ្នែកមួយចំនួនដូចជាអំពូលភ្លើងបំភ្លឺមុខ ក្រោយ និងស៊ីម៉ាងជាដើម។ ជាពិសេសនៅពេលនិយាយអំពីការរចនាអំពូល LED ថ្មី តួថ្មីរាងពងក្រពើមានរាងជាអក្សរ X ដែលបានរចនាថ្មីជាមួយនឹងបែបផែនភ្លើងបំភ្លឺ 3D ដើម្បីធ្វើឱ្យវាកាន់តែទាន់សម័យ ទាក់ទាញ និងឆើតឆាយ។
អេក្រង់បង្ហាញកុងទ័រគឺត្រូវបានរចនាថ្មីទាំងស្រុង។ ចំពោះកែបវិញត្រូវបានកែលម្អឡើងវិញដើម្បីធ្វើឱ្យការអង្គុយបញ្ជារម៉ូតូកាន់តែងាយស្រួល។ ការផ្ទុកនៅខាងក្រោមកែបវិញត្រូវបានកើនឡើងពី ២៨ លីត្រដល់ ៣០,៤ លីត្រ និងមានលក្ខណៈពិសេសបន្ថែមទៀតដូចជារន្ធសាក USB-C ព្រមជាមួយសោរអូតូ (ស្មាតឃី) ដែលបញ្ជារប្រព័ន្ធពីចម្ងាយដ៏ឆ្លាតវៃ។
ចំពោះចំណុចសំខាន់គឺម៉ាស៊ីនប្រើប្រាស់បច្ចេកវិទ្យា eSP+ ។ ជាមួយគ្នានេះដែរកម្លាំងម៉ាស៊ីនជាអតិបរមាបានកើនឡើងដល់ទៅ ១២.៣ សេស លើសពីនេះទៅទៀតវាក៏ជាលើកទីមួយដែលម៉ូតូហុងដាត្រកូល PCX ត្រូវបានបំពាក់បន្ថែមមុខងារទប់លំនឹង Traction Control ដើម្បីការពារការទួងកង់លើផ្លូវរអិលទៀតផង។
ទោះបីជា PCX 2021 ដែលមានកម្លាំង ១២៥ នេះមិនត្រូវបានដាក់លក់នៅក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែយើងអាចជឿជាក់បានថាហុងដា PCX 150 ម៉ូដែលថ្មីដែលនឹងត្រូវដាក់លក់នៅប្រទេសថៃនៅដើមឆ្នាំ ២០២១ នឹងមានរូបរាង និងលក្ខណៈពិសេសជាមូលដ្ឋានរួមទាំងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីទាំងនេះដូចគ្នាផងដែរ៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ greatbiker