រាជធានីភ្នំពេញ (១១ វិច្ឆិកា ២០២០) - ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភ អង្ករចំនួន ១០០ តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ កាលពីពេលថ្មីៗ។
ពិធីប្រគល់បានធ្វើឡើងនៅឯកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងលោក Sanjay Chakrabarty អគ្គនាយកចាត់តាំង របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។
លោកជំទាវ ពុំ ចន្ទីនី បាននាំយកសារថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលបានជួយឧបត្ថម្ភអង្ករចំនួន១០០តោនដល់កាកបាទក្រហមកម្ពុជាសម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សឆ្នាំ២០២០នេះនិងរងគ្រោះដោយមហន្តរាយផ្សេងៗ។កាកបាទក្រមកម្ពុជានឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋាងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។
លោកជំទាវ ពុំ ចន្ទីនី ផ្ទាល់ក៏បានមានប្រសាសន៍ក្នុងឱកាសនោះថា៖ “ ខ្ញុំសូមអរគុណព្រូដិនសលណាស់ ដែលបានឃើញកាកបាទក្រហមកម្ពុជា តាមមើលកាកបាទក្រហមកម្ពុជា ហើយមកតាមជួយ ។ ការជួយតាមរយៈ កាកបាទក្រហមកម្ពុជានេះ គឺជាការតាមជួយមួយដ៏ល្អបំផុតហើយ ព្រោះកាកបាទក្រហម កម្ពុជាបានអំណោយមក គឺយកទៅធ្វើភ្លាម ហើយដល់ដៃប្រជាពលរដ្ឋភ្លាម មិនទុកយូរទេ។ នេះជាគំរូមួយដ៏ប្រពៃណាស់ សម្រាប់ក្រុមហ៊ុនដទៃៗទៀតមើលឃើញ” ។
លោកជំទាវ Tina Redshaw មានប្រសាសន៍ថា៖ “ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនអង់គ្លេស ហើយនេះជាការងាររបស់ខ្ញុំក្នុងការជួយគាំទ្រលើកទឹកចិត្តដល់ក្រុមហ៊ុនអង់គ្លេសនៅទីនេះ ក៏ដូចជាក្រុមហ៊ុនថ្មីៗ ដែលចង់ចូលមកធ្វើប្រតិបត្តិការ ក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុនព្រូដិនសលមានវត្តមានយូរដែរមកហើយ ហើយខ្ញុំមាន សេចក្ដីរីករាយ ដែលក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់នៅកម្ពុជា ដោយបានពង្រីកវិសាលភាពក្រុមហ៊ុនកាន់តែច្រើននៅក្នុងប្រទេស។ ខ្ញុំក៏មានសេចក្ដីរីករាយក្រៃលែងដែល ថ្ងៃនេះក្រុមហ៊ុនព្រូដិនសលកម្ពុជា ធ្វើការអនុវត្តកម្មវិធីសង្គមរបស់ខ្លួន ដោយចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ កាកបាទក្រហម កម្ពុជា ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះមហន្តរាយទឹកជំនន់នេះ” ។
នៅក្នុងពិធីប្រគល់អំណោយនោះដែរ អគ្គនាយកចាត់តាំងក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty បានសម្ដែងការរំលែកទុក្ខចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់ និងទ្រព្យសម្បត្តិ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។ លោកក៏បានកោតសរសើរចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និង វិស័យឯកជនក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងភាពលំបាក។
លោកបានមានប្រសាសន៍បន្តទៀតថា៖ ៉ នេះជាកិត្តិយសណាស់ ដែលយើងខ្ញុំបានចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជាក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះក្នុងការកាត់បន្ថយការឈឺចាប់ និងការលំបាក ដែលពួកគាត់កំពុងជួបប្រទះពេលនេះ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។ យើងមានបុគ្គលិក ភ្នាក់ងារ និងអតិថិជននៅក្នុងតំបន់ដែលរងគ្រោះដោយសារទឺកជំនន់នេះដែរ ដូច្នេះនេះជាកាយវិការដ៏ស្មោះចេញពីដួងចិត្តរបស់ពួកយើង ដើម្បីជួយដល់ប្រជាពលរដ្ឋទាំងអស់នោះ។ ក្នុងរយៈពេល ខ្លីខាងមុខនេះ យើងនឹងមានអ្នកស្ម័គ្រចិត្តមកជួយសកម្មភាពមនុស្សធម៌នេះផងដែរ។ សម្រាប់យើងខ្ញុំ យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីនានា របស់កាកបាទក្រហមកម្ពុជា មិនថា ក្នុងកំរិតណានោះទេ”។
គួរបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជាកំពុងបន្តធ្វើការជាមួយទីភ្នាក់ងារ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាតិ អន្តរជាតិ ដើម្បីកំណត់ពីតម្រូវការរយៈពេលវែងនានា សម្រាប់ជួយឲ្យសហគមន៍រងផលប៉ះពាល់ អោយមានភាពប្រសើរឡើងវិញ។
អំពីក្រុមហ៊ុន ព្រូដិនសល នៅកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ហៅកាត់ថា ព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជនក៏ដូចជាការធ្វើសិក្ខាសាលានានាស្តី ពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស*។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។ នៅក្នុងទ្វីបអាស៊ី ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។
*ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតបុគ្គលម្នាក់ៗឱ្យមានភាពប្រសើរឡើង តាមរយៈធានារ៉ាប់រងអាយុជីវិតនិងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអឹម & ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។”