ភ្នំពេញ៖ ក្រុមការងារផលិតកម្ម អ្នកដឹកនំា ផលិករ អ្នកនិពន្ធ និងតួសម្តែងក្នុងខ្សែភាពយន្តភាគស៊ើបអង្កេតពិសេសរឿង ឧក្រិដ្ឋជន «Usual Suspects» សហការជាមួយអង្គការអភិវឌ្ឍន៍ក្រីក្រក្នុងទីក្រុង បានរៀបចំកម្មវិធីចែកអំណោយសប្បុរសធម៌ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ ។
ដោយសារតែគ្រោះទឹកជំនន់នៅតែបន្តហានិភ័យដែលបណ្តាលមកពីភ្លៀងធ្លាក់និងឥទិ្ធពលនៃព្យុះពីប្រទេសជិតខាង ក្រុមការងារផលិកកម្មបានផ្តូចផ្តើមកម្មវិធីចែកអំណោយសប្បុរសជន និងបានចុះទៅសួរសុខទុក្ខ បរិច្ចាគជាស្បៀងដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះនិងក្រីក្រខ្លាំងចំនួន១១០គ្រួសារ នៅតំបន់ព្រែកតាគង់៣ និងព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីចែកអំណោយសប្បុរសធម៌នេះដែរ ក្រៅពីមានការរៀបចំពីក្រុមការងារផលិតរឿងភាគ «ឧក្រិដ្ឋជន» និងប្រធានអង្គការអភិវឌ្ឍន៍ស្រី្តក្រីក្រក្នុងទីក្រុង ក៏មានការចូលរួមផ្តល់កិតិ្តយសពីលោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្តមណ្ឌលភ្នំពេញ លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ មន្រ្តីសង្កាត់ ក្រុមបឹក្សាសង្កាត់ លោកមេភូមិ និងសហការីជាច្រើនរូបទៀត។ អំណោយសប្បុរធម៌ទំាងនោះរួមមាន នំឃុកគី (Kukis) ទឹកប្រទាលកន្ទុយក្រពើម៉ាកT’best អង្ករ ត្រីខកំប៉ុង សម្រាប់ចែកជូនដល់ប្រជាជនរងគ្រោះចំនួន១១០គ្រួសារ និងអំណោយមួយចំនួនទៀតសម្រាប់ជូនដល់អាជ្ញាធរ និងក្រុមការងារដែលបានចូលរួមជាកិតិ្តយស។
យោងតាមអ្នកស្រី គឹម ធីតាកល្យាណី ប្រធានផ្នែកគ្រប់គ្រងផលិតកម្មរឿង ឧក្រិដ្ឋជន «Usual Suspects» បានមានប្រសាសន៍ថា៖ «តំណាងក្រុមការងារផលិតរឿង ឧក្រិដ្ឋជន ដែលរួមមាន តួសម្តែង អ្នកដឹកនាំរឿង អ្នកនិពន្ធ និងក្រុមបច្ចេកទេសទាំងអស់ យើងខ្ញុំមានកត្តិយស និងរំភើបក្រៃលែងដែលបានមកជួបផ្ទាល់ជាមួយបងប្អូនទាំងអស់គ្នា ដែលបានឆ្លងកាត់នូវការលំបាកដោយសារជំនន់ទឹកភ្លៀង និងនាំយកនូវអំណោយបន្តិចបន្តួច ដែលជាទឹកចិត្តរបស់យើងខ្ញុំ ដើម្បីជួយគ្នាក្នុងគ្រាលំបាកក្នុងពេលនេះ»។
លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើតំណាង បានជម្រាបប្រាប់នៅក្នុងកម្មវិធីចែកអំណោយសប្បុរសធម៌ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមផលិតខ្សែភាពយន្តរឿង«ឧក្រិដ្ឋជន»ចំពោះទឹកចិត្តចែកអំណោយដល់ប្រជាជនចំនូន១១០គ្រួសារ ក្នុងចំណោម៥៥៧គ្រួសារនៅក្នុងសង្កាត់ដែលមានផលប៉ះពាល់ពីទឹកជំនន់នេះ ហើយក្រុមការងារររបស់សង្កាត់បានព្យាយាមចែកអំណោយមនុស្សធម៌ដល់គ្រប់ក្រុមគ្រួសារដែលខ្វះខាតនូវអំណោយស្មើៗគ្នាទំាងអស់»។
កញ្ញា ម៉ៅ រចនា ជាតួអង្គឯកស្រីម្នាក់ក្នុងចំណោមតួអង្គ៣នាក់ទៀតក្នុងខ្សែភាពយន្ត «ឧក្រិដ្ឋជន» បានឲ្យដឹងថា៖ «ពួកខ្ញុំសូមចូលរួមចែករំលែកដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ និងសង្ឃឹមថាការផ្តល់ជាអំណោយសប្បុរសធម៌មួយនេះអាចជួយដល់បងប្អូនប្រជាជន ហើយបងប្អូនរួចផុតពីគ្រោះធម្មជាតិ និងជំងឺផ្សេងៗ»។
គួរបញ្ឋាក់៖ នៅដើមខែតុលាឆ្នាំ២០២០កន្លងមកនេះ គ្រោះទឹកជំនន់បានបង្កឲ្យមានការខូចខាតដល់ទ្រព្យ សម្បត្តិរបស់រដ្ឋ និងប្រជាជនមួយចំនួនដែលរួមមាន ហេដ្ឋារចនាសម័ន្ព (ទំនប់ទឹក ស្ពាន ផ្លូវ ថ្នល់ សាលារៀន ផ្ទះសម្តែង) និងឈានដល់ការបាត់បង់អាយុជីវិតរបស់ប្រជាជននៅទូទំាងខេត្តក្រុង៕
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូឯកសារ ក្រុមការងារផលិតរឿង«ឧក្រិដ្ឋជន» ខាងក្រោមនេះទាំងអស់គ្នា៖