រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ - អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុង ប្រឹងប្រែងសម្របខ្លួនទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយរោគរាតត្បាត កូរ៉ូណា ហើយក្នុងនោះអាជីវកម្មជាច្រើនកំពុងតាមដានមើល ដំណើរឌីជីថលនីយកម្មយ៉ាងលឿន នៃសេដ្ឋកិច្ច ក្នុងស្រុក ដើម្បីមានឱកាសក្នុងការទទួលបានជោគជ័យសម្រាប់អាជីវកម្ម។
ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា ហើយជួយឲ្យសហគ្រិនអាចសម្រេចបាននូវ ជោគជ័យក្នុងការធ្វើអាជីវកម្មតាមអនឡាញ ក្រុមហ៊ុន Facebook បានរៀបចំសិក្ខាសាលាតាម អ៊ិនធឹណិតលើកទីពីរ ជាភាសាខ្មែរ នៅក្នុងភាគកម្មវិធី “និយាយអំពីអាជីវកម្មជាមួយ Facebook” ដែលមានវាគ្មិនជាអ្នកជំនាញផ្នែកផ្សព្វផ្សាយទីផ្សារឌីជីថល និងពាណិជ្ជកម្មតាមបណ្ដាញសង្គម និងពាណិជ្ជកម្មបែបសន្ទនា។
សិក្ខាសាលាកាលពីពេលថ្មីៗនេះត្រូវបានផ្សាយផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃទី ពុធ (២១ តុលា) លោក ហែម សុបញ្ញា នាយកក្រុមហ៊ុន Httpool ប្រចាំប្រទេសកម្ពុជា ជាដៃគូទទួលសិទ្ធិ ផ្ដាច់ មុខផ្នែកលក់របស់ ក្រុមហ៊ុន Facebook នៅកម្ពុជា បានបង្ហាញអំពីឧត្តមានុវត្តន៍ក្នុងការបង្កើត ខ្លឹមសារដែលទាក់ទាញ ការកសាងទំព័រ Facebook ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងការ ផ្សព្វផ្សាយឲ្យដល់ទស្សនិកជនគោលដៅរបស់យើង ក៏ដូចជាគន្លឹះជាច្រើនទៀត។
វីដេអូទីមួយ ដែលអាចមើលបាន ដោយចុចត្រង់នេះ មានការពិភាក្សាយ៉ាងរស់រវើកស្ដីពី ពាណិជ្ជកម្មបែបសន្ទនា និងស្វែងយល់ពីឱកាសថ្មីៗសម្រាប់ការប្រើប្រាស់កម្មវិធីនានា ដូចជា Messenger ឬ Instagram ជាដើម ដើម្បីឈោងទៅចាប់យកអតិថិជន និងលក់ឲ្យបានច្រើន។
លោក សុបញ្ញា មានប្រសាសន៍ថា៖ “ស្របពេលដែលអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនកំពុង បង្វែរទៅរកប្រតិបត្តិការតាមអនឡាញ ក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ ដូច្នេះ វារឹតតែ សំខាន់ថែមទៀត ដែលអាជីវកម្មទាំងនោះ ត្រូវធានាឲ្យបាននូវប្រសិទ្ធភាពនៃ យុទ្ធសាស្ត្រ ផ្សព្វផ្សាយទីផ្សារឌីជីថលរបស់ខ្លួននៅ លើកម្មវិធីអនឡាញនានា ដូចជា Facebook និង Instagram ជាដើម”។
លោកបន្ថែមថា៖ “ការនិយាយអំពីអាជីវកម្ម គឺជាវិធីល្អ ដើម្បីជួយគាំទ្រដល់សហគ្រិនខ្នាតតូច ចែករំលែកគំនិត និងមតិយោបល់នានា ដើម្បីជួយពួកគេក្នុងការធ្វើឲ្យក្រុមហ៊ុនលូតលាស់”។
អនុសាសន៍ល្អៗសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម គឺកសាងទំព័រ Facebook ដែលមានផ្សព្វ ផ្សាយ ខ្លឹមសារ រឹងមាំ និងទាក់ទាញ ចូលឲ្យកាន់តែជ្រៅក្នុងការងារគ្រប់គ្រងពាណិជ្ជកម្មតាម Facebook ហើយប្រើប្រាស់ឧបករណ៍នានារបស់ Facebook ដើម្បីកំណត់វត្ថុបំណង និងវាស់វែង ពីលទ្ធផលនៃការផ្សព្វផ្សាយ។
ចំណុចសំខាន់មួយដែលត្រូវបានលើកឡើងអំឡុងសិក្ខាសាលាតាមអនឡាញនោះ គឺថា ដើម្បី ឈានទៅរកគោលដៅ ដែលខ្លួនចង់សម្រេចឲ្យបាននៅពេលផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebook សហគ្រិនចាំបាច់ត្រូវផ្ដោតលើការលក់ផលិតផល និងសេវាកម្ម ជាជាង ការចុច Likes និងការ ចូលមកប្រាស្រ័យទាក់ទង។
លោក សុបញ្ញា បានបន្ថែមថា៖ “ផ្អែកតាមបទពិសោធន៍របស់យើង នៅតាមទីផ្សារអាស៊ី និង អឺរ៉ុប យើងបានស្វែងយល់អំពីតម្រូវការរបស់អាជីវកម្មខ្នាតតូច ហើយក៏មានជំនាញផ្ទាល់ ទាក់ទងនឹង របៀបដែល Facebook អាចជួយសហគ្រិនទាំងនោះលូតលាស់បាន។ ការប្រើប្រាស់ ឧបករណ៍ដែលត្រឹមត្រូវ និងអនុវត្តតាមគន្លឹះពីអ្នកជំនាញរបស់យើង នោះអាជីវកម្មខ្នាតតូច និងមធ្យមអាចឈានទៅរកគោលដៅរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព”។
កម្មវិធីជជែកពីអាជីវកម្ម ដែលមានការផ្សាយផ្ទាល់តាមអនឡាញនេះ អាចចូលមើលនៅ លើ ទំព័រ Geeks in Cambodia ។ នៅក្នុងវគ្គក្រោយៗទៀត អ្នកជំនាញខាងបណ្ដាញព័ត៌មានសង្គម និង តំណាងរបស់ក្រុមហ៊ុន Facebook នឹងជជែក ក៏ដូចជាឆ្លើយសំណួរនានា ទាក់ទិននឹងការធ្វើ អាជីវកម្មនៅលើ Facebook រាប់បញ្ចូលទាំងមុខងារ Facebook Shops ថ្មី ឬការផ្សព្វផ្សាយទីផ្សារ ដោយប្រើតារាល្បីផងដែរ។