ភ្នំពេញ កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ - ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែលរៀបចំរួមគ្នាដោយ នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី លោក Pham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះនឹងផ្ដល់សេវានានាដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដូចជាសេវាទូទាត់ប្រាក់តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងក្រុមហ៊ុនឈានមុខគេផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។
ភាគីទាំងបី នឹងសហការគ្នាលើប្រតិបត្តិការមួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូននឹងផ្ដល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា នូវសេវាហៅនិងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រង តាមរយៈប្រព័ន្ធបង់ប្រាក់អ៊ី-ម៉ាន់នី ឬគណនីតាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជានូវដំណោះស្រាយដែលនឹងជួយសម្រួលដល់ការទូទាត់សំណងពីព្រូដិនសលកម្ពុជាទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជានឹងអាចផ្សព្វផ្សាយពាណិជ្ជកម្មស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិតនៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។
ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅប្រើកម្មវិធីសុខភាពលើទូរស័ព្ទដៃរបស់ព្រូដិនសលកម្ពុជា ឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃសេវាថែមទៀតផង។
នាយកចាត់ការទូទៅក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា៖ “ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបីនឹងផ្ដល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុត”។
លោកបានបន្ថែមថា៖ “កិច្ចសហប្រតិបត្តិការនេះដាក់ចេញនូវវិធីសាស្ត្រថ្មីក្នុងការបង់ប្រាក់សេវាធានារ៉ាប់រងអាយុជីវិត ដែលនេះជាជំហានបន្ទាប់នៃការវិវត្តផ្នែកឌីជីថលរបស់យើង ក៏ដូចជាបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបម្រើសេវាកម្មដែលធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់រស់នៅមានសុខភាពល្អ និងមានផាសុកភាពជាងមុន”។
នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី លោក Pham Doan Cuong មានប្រសាសន៍ថា៖ “ភាពជាដៃគូ នេះនឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជាក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងរបស់ខ្លួន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចទូទាត់សំណងជូនដល់អតិថិជនរបស់ខ្លួន តាមរយៈភ្នាក់ងារជាង ៨០០០ ទីតាំងរបស់អ៊ី-ម៉ាន់នី នៅទូទាំងប្រទេសផងដែរ”។
អគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា៖ “គោលបំណងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជួយឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវជីវិតដ៏ប្រសើរ។ ដើម្បីបំពេញគោលបំណងនេះ ទំនួលខុសត្រូវរបស់យើងនៅពេលនេះ គឺកាន់តែមានភាពបន្ទាន់ និងសំខាន់ជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនក្នុងកម្ពុជា ពោលគឺដោយសារតែរោគរាតត្បាតកូវីដ-១៩ ហើយនិងទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផងដែរ ចំនួនប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតនៅមានកម្រិតទាបនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅកម្ពុជា ដោយមានអតិថិជនជាង ២០ ម៉ឺននាក់ ហើយតាមរយៈការជួយគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រពីសំណាក់ក្រុមហ៊ុននាំមុខគេទាំងពីរ គឺក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី ខ្ញុំជឿជាក់ថា យើងនឹងមានលទ្ធភាពពិសេសក្នុងការពង្រីកវិសាលភាពសេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាពលរដ្ឋរាប់លាននាក់នៅកម្ពុជាដែលពុំទាន់ទទួលបានការធានារ៉ាប់រង ឬមានការធានារ៉ាប់រងតិចតួច”។
#ចប់#