រាជធានីភ្នំពេញ, កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបរិច្ចាគសម្ភារៈសុវត្ថិភាព ដែលមានគុណភាពខ្ពស់នូវម៉ាស់ 3M N95 ចំនួន ១២៥០០ ម៉ាស់ និង ជេលលាងដៃគុណភាពខ្ពស់ ចំនួន១២០០ដប ដល់ក្រសួងសុខាភិបាល ដើម្បីជួយការពារមន្ត្រីសុខាភិបាលដែលបម្រើការជួរមុខ ក្នុងរាជធានី-ខេត្ត ទូទាំងប្រទេស ដែលជាមន្ទីពេទ្យទទួលព្យាបាលជំងឺកូវីដ-១៩។
ពិធីប្រគល់សម្ភារៈសុវត្ថិភាពនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអគ្គនាយកចាត់តាំង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។
ក្រសួងសុខាភិបាល បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ដែលបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាលត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែមានប្រសិទ្ធិភាព។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «វិស័យឯកជនបានជួយបរិច្ចាគបរិក្ខាពេទ្យ មធ្យោបាយដឹកជញ្ជូន និងថ្នាំបាញ់សម្លាប់មេរោគ។ នេះគឺជាកាយវិការមនុស្សធម៌ល្អមួយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។»
ការបរិច្ចាគពីសំណាក់ក្រុមហ៊ុនឯកជននានា រាប់បញ្ចូលទាំងក្រុមហ៊ុនព្រូដិនសលកម្ពុជា នាពេលនេះផង គឺជាការរួមចំណែកធំនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ រហូតមកទល់នឹងពេលនេះ យើងទទួលបានជោគជ័យក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ ប៉ុន្តែយើងត្រូវតែបន្តប្រុងប្រយ័ត្ន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺឆ្លងនេះតទៅទៀត”។
លោក Sanjay Chakrabarty មានប្រសាសន៍ថា៖ «នៅ ព្រូដិនសលកម្ពុជា បេសកកម្មចំបងរបស់យើង គឺជួយការពារអតិថិជន និងសហគមន៍របស់យើងប្រឆាំងនឹងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក។ ស្របជាមួយបេសកកម្មរបស់យើង យើងជួយការពារមន្ត្រីសុខាភិបាលជួរមុខ តាមរយៈការផ្ដល់នូវសម្ភារការពារខ្លួនដែលមានគុណភាពខ្ពស់។
ការបរិច្ចាគនេះគឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមជាច្រើនផៀត ដែលយើងបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីជួយដល់អ្នកពាក់ព័ន្ធរបស់យើង។ ឧទាហរណ៍ យើងបានចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងប្រឆាំងនិងជំងឺកូវីដ-១៩ ដើម្បីជួយផ្តល់ការការពាផ្នែកហិរញ្ញវត្ថុដល់អ្នកដំណើរមកកាន់ប្រទេសកម្ពុជា ដោយមិនចាំបាច់បារម្ភលើការចំណាយផ្នែកវេជ្ជសាស្ត្រ។
យើងបានដាក់ចេញនូវវិធានការណ៍ជំនួយសង្គ្រោះបន្ទាន់ប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជួយដល់អតិថិជនរបស់យើង ដែលមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ យើងក៏បានបន្ថែម និងពង្រីកវិសាលភាពនៃការការពាររបស់យើងសម្រាប់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងសូមកោតសរសើរចំពោះវិធានការឆ្លើយតប ប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមកដល់ពេលនេះ យើងនៅតែបន្តគាំទ្រដល់ក្រសួងនានា និងក្រុមអង្គការសង្គមស៊ីវិល ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។»
ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃមូលនិធិ ព្រូដិនស៍ ដែលមានទឹកប្រាក់ ២.៥ លានដុល្លារ សហរដ្ឋអាមេរិក ដែលមូលនិធិនេះត្រូវបានបែងចែកទៅតាមប្រទេសដែលជាទីផ្សារ របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងគោលដៅគាំទ្រដល់គម្រោងមនុស្សធម៌ និងសហគមន៍ ដើម្បីដោះស្រាយផលប៉ះពាល់ភ្លាមៗពីជំងឺរាតត្បាតនេះ ក៏ដូចជាដោះស្រាយផលវិបាកផ្នែកសង្គម និងសេដ្ឋកិច្ចដែលកើតចេញពីជំងឺនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងបរិច្ចាគមូលនិធិមួយចំនួនទៀតដែលបានមកពីមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូ ដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិកដើម្បីគាំទ្រដល់អង្គការដៃគូមិនរកប្រាក់ចំណូលនានា សម្រាប់កិច្ចការរបស់អង្គការទាំងនោះ ក្នុងការសម្រាលផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះមកលើសហគមន៍នានាក្នុងប្រទេសកម្ពុជា។
មូលនិធិព្រូដិនស៍ បានអនុវត្តគម្រោងមួយចំនួនផងដែរនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៣មក។
ក្នុងនោះរួមមានកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារ ឆា-ឈីង (Cha-Ching Money Smart Kids) សហការជាមួួយក្រសួងអប់រំ យុវជន និង កីឡា តាមរយៈអង្កការ សិទ្ធកុមារ (Child Right Foundation); កម្មវិធីជំហានសុវត្ថិភាព (SAFE STEPS) ដែលផ្ដល់ព័ត៌មានសំខាន់ៗឲ្យសាធារណជនបានដឹងអំពីសុវត្ថិភាពនៅតាមដងផ្លូវ និងការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយធម្មជាតិជាដើម; កម្មវិធី អំណាន ដំបូង (First Read) ដែលជាកម្មវិធីអប់រំកុមារតូច សហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) កម្នវិធី សាលារៀនសុវត្ថិភាព សហការជាមួយអង្គការ ផ្លែន អន្តរជាតិ (Plan International) និងកម្មវិធីជាច្រើនផ្សេងទៀតទាក់ទងនឹងសុខភាព អប់រំ និងហិរញ្ញវត្ថុ ជាដើម។ គម្រោងទាំងអស់នេះទទួលបានការទ្រទ្រង់ពីសំណាក់បុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលស្ម័គ្រចិត្តចំណាយពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីធានាថា គម្រោងនេះទទួលបានលទ្ធផល និងប្រសិទ្ធភាពក្នុងកម្រិតអតិបរមា។