ជីវិតដែលរស់នៅម្នាក់ឯងវាល្អ តែបើអាចរកបានគូស្រករដែលល្អ នោះជីវិតនឹងរឹតតែមានន័យ

ការរស់នៅម្នាក់ឯងវាប្រហែលជាសប្បាយចិត្ត ជាងការដែលយើងមានស្នេហា​ មានសង្សារ ឬសាងគ្រួសារ តែឃ្លានេះ ​វាប្រហែលជាមានតែមនុស្សដែលធ្លាប់ខកចិត្តព្រោះតែរឿងស្នេហា មនុស្សដែលធ្លាប់បរាជ័យរឿងគ្រួសារ ឬមនុស្សដែលមិនសមប្រកបក្នុងការដែលរស់នៅមានគ្នា មានគូជីវិតតែប៉ុណ្ណោះ។

ការរស់នៅម្នាក់ឯងវាល្អមែន ព្រោះយើងមិនចាំបាច់ទៅពិបាកចិត្តព្រោះតែអ្នកណា មិនចាំបាច់ទៅហត់នឿយនឹងតាមផ្គាប់គេ គ្មានអ្នកណាមកធ្វើឱ្យយើងមិនសប្បាយចិត្តទេ ចង់ទៅណាមកណា ធ្វើការ ឬសម្រេចចិត្តអ្វី ក៏យើងមានតែធ្វើដោយខ្លួនឯង មិនបាច់ត្រូវទៅសុំអនុញ្ញាតិ ឬខ្លាចក្រែងអ្នកណាម្នាក់ឡើយ។

120120268_162898218776799_2212108526514161898_n

គ្រាន់តែថានៅម្នាក់ឯង យើងមិនហត់នឹងផ្គាប់ចិត្តអ្នកណាទេ តែយើងហត់នឿយនឹងការធ្វើអ្វីតែម្នាក់ឯង មានរឿងខ្លះ បើយើងមិនមានដៃគូជួយជ្រោមជ្រែងទេ វាពិតជាលំបាកណាស់ ជាពិសេសគឺ ក្នុងការងាររកស៊ី យើងប្រាកដជាដើរយឺតជាងអ្នកដែលគេមានគ្នាជួយហើយ ព្រោះយើងមានតែម្នាក់ឯង។ នៅម្នាក់ឯង មានសេរីភាព ទៅណាមកណា ញុំាអីក៏ស្រួលដែរ រហ័ស លឿនមានគ្នានាំតែយឺតយ៉ាវ តែជីវិតនេះ វាមិនអាចសប្បាយនឹងសេរីភាពរហូតទេ យើងប្រាកដជាមានអារម្មណ៍ថា ឯកា ស្រងេះស្រងោចមិនខាន។

ដូច្នេះជីវិតនៅម្នាក់ឯងវាល្អមែន តែបើយើងអាចរកបានដៃគូ ឬគូជីវិតដែលល្អមកធ្វើជាគ្នាកំដររួមដំណើរជីវិតវិញនោះ យើងនឹងយល់ថា ការពិតទៅ ជីវិតដែលមានគ្នា មានដៃគូរួមដំណើរវាជាសេចក្ដីសុខ សុភមង្គល សប្បាយរីករាយ និងកក់ក្ដៅបំផុត។

120191062_2439330906372866_73627373462048197_o

នៅពេលដែលយើងអាចរកបានមនុស្សល្អពិតប្រាកដម្នាក់ មកធ្វើជាដៃគូជីវិត មនុស្សដែលស្រឡាញ់យើងពិត គេនឹងខ្វាយខ្វល់ពីយើង គិតគូដល់យើង ផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់យើង វាមិនដូចជីវិតដែលនៅម្នាក់ឯងនោះឡើយ។ ដៃគូជីវិតគឺពិតជាល្អ តែអ្នកខ្លះមានសំណាងបានត្រឹមតែឆ្លងកាត់ជីវិតគូតែប៉ុណ្ណោះ ព្រោះថាជីវិតគូរបស់គេមិនអាចបានសមបំណង មិនអាចដល់ត្រើយ ដូច្នេះហើយ គេគួរតែប្រើជីវិតនៅម្នាក់ឯងវាល្អជាង។

ការមានគូជីវិតដែលល្អសមប្រកប រស់នៅចុះសម្រុងនឹងគ្នា អាចផ្ដល់ក្ដីសុខ សុភមង្គល និងភាពកក់ក្ដៅដល់គ្នា គឺវាមានន័យជាង ការដែលយើងទ្រាំរស់នៅលំបាកតែម្នាក់ឯង ឯកា និងនឿយហត់តែម្នាក់ឯង។ ប៉ុន្តែសម្រាប់អ្នកដែលគាត់មិនសមប្រកបក្នុងការរស់នៅជាគូជីវិត មិនអាចរកបានមនុស្សល្អត្រឹមត្រូវមកកាន់ដៃរួមដំណើរជីវិតជាមួយ ឬជីវិតស្នេហារបស់គាត់មានតែការទ្រាំត្រាំត្រែង ឈឺចាប់ វេទនា នៅជាមួយគ្នាមានតែទុក្ខលំបាកទ្វេដង នោះគាត់គួរតែរស់នៅម្នាក់ឯងវាល្អជាង៕

120040932_162780925455195_6117980649288525386_o

អត្ថបទ ៖ ភី អេក /​ ក្នុងស្រុករក្សាសិទ្ធិ