ជាការពិតណាស់ ចិត្តមនុស្សស្រីណាក៏ដូចគ្នាដែរ នាងមិនចង់បានត្រឹមតែពាក្យសម្ដី និយាយថាស្រឡាញ់នាងតែម្នាក់ ស្រឡាញ់នាងរាល់ថ្ងនោះទេ តែនាងចង់បានមនុស្សម្នាក់ដែលស្រឡាញ់នាងជានាង ស្រឡាញ់នាងពិតប្រាកដ ស្រឡាញ់នាងដោយមិនខ្វល់ពីអតីតកាលរបស់នាង ជាពិសេសគឺ ស្រឡាញ់នាងដោយផ្ដល់នូវក្ដីសុខ សុភមង្គល និងភាពច្បាស់លាស់ អនាគតដ៏ល្អពិតប្រាកដដល់នាង។
មនុស្សប្រុសមួយចំនួន ស្រឡាញ់នាងពិតមែន តែមិនដែលបង្ហាញនូវភាពច្បាស់លាស់ណាមួយដល់នាងទេ មិនដែលគិតថា នឹងផ្ដល់តំណែងពិតប្រាកដ ឬផ្ដល់អនាគតមួយឱ្យជាក់លាក់ដល់នាងឡើយ។ មិនដែលនិយាយរឿងអនាគតជាមួយនាង ... មិនដែលគិតគូរចង់រៀបការជាមួយនាង ... អាងថាខ្លួនស្មោះនឹងនាង អាងថាខ្លួនស្រឡាញ់តែនាង តែគ្មានភាពក្លាហានក្នុងការថែរក្សា ការពារនាងទាល់តែសោះ បើបែបនេះ ទោះស្រឡាញ់គ្នាច្រើនឆ្នាំយ៉ាងណា ក៏មិនអាចនឹងថែរក្សានាងឱ្យបានដែរុំ ផ្ទុយទៅវិញ អ្នកក្រោយគេទើបតែចូលមក គេក្លាហាន គេហ៊ាន គេមានផែនការជីវិតច្បាស់លាស់ នាងប្រាកដជាជ្រើសយកម្នាក់នោះហើយ។
មនុស្សស្រីនាងស្រឡាញ់អ្នក នាងជឿជាក់លើអ្នក ទើបនាងព្រមរង់ចាំអ្នក ៥ឆ្នាំ ១០ឆ្នាំ តែបើអ្នកនៅតែផ្ដល់ត្រឹមតំណែងជាសង្សារឱ្យនាង វាក៏មិនមានអ្វីដែលនាងត្រូវបន្តតំណែងនេះទៀតដែរ។ នៅត្រឹមនាមជាសង្សារ នាងប្រាកដជាមានសិទ្ធក្នុងការជ្រើសរើសអ្នកថ្មី បើអ្នកមិនអាចផ្ដល់នូវអ្វីដែលនាងត្រូវការ និងចង់បានទេ ទោះសង្សារ ១០ឆ្នាំ ២០ឆ្នាំ ក៏អាចបែកបានដែរ។ កុំអាងថាស្ដាយអនុស្សាវរីយរាប់ឆ្នាំជាមួយគ្នា កុំអាងថា ខ្លួនមិនដែលក្បត់នាងសូម្បីតែម្ដងនោះ មនុស្សស្រីនាងច្បាស់លាស់ទើបនាងរង់ចាំ តែមនុស្សប្រុសឱ្យនាងរង់ចាំ ព្រោះតែមិនច្បាស់លាស់ មិនប្រាកដចិត្ត...។
កុំបន្ទោសដែលនាងជ្រើសយកអ្នកថ្មី កុំខឹងដែលនាងបោះបង់អ្នកចោល ព្រោះកន្លងមនេះ ច្រើនឆ្នាំមកនេះ នាងក៏បានទុកពេលវេលា និងផ្ដល់ឱកាសដល់អ្នកច្រើនពេកហើយ តែអ្នកនៅតែគ្មានភាពក្លាហាន និងរឹងមាំគ្រប់គ្រាន់ក្នុងការបង្កើតគ្រួសារមួយឱ្យជាក់លាក់ដល់នាង ដូច្នេះ នាងចាកចេញ នាងសម្រេចចិត្តជ្រើសអ្នកថ្មីវាជារឿងដែលត្រឹមត្រូវបំផុតហើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ