ជាការពិតណាស់ ឪពុកម្ដាយណាក៏ដូចគ្នាដែរ តែងតែមានចិត្តតែមួយគត់គឺ ចង់ឃើញកូនស្រីបានប្ដីល្អ ខ្ពង់ខ្ពស់ រស់នៅស្រណុកសុខស្រួល មានសំណាង បានរស់នៅផ្ទះធំទ្រនំខ្ពស់ មិនលំបាក ផុតពីទុក្ខវេទនា ទើបឪពុកម្ដាយតែងតែចង់ឱ្យកូនស្រីបានប្ដីអ្នកមាន ជាកូនអ្នកខ្ពស់មុខខ្ពស់មាត់។ ប៉ុន្តែសម្រាប់ឪពុកម្ដាយខ្លះទៀត ពេលបានអ្នកមានទ្រព្យស្ដុកស្ដម្ភ ជាកូនអ្នកមាន កូនអ្នកអភិជនចូលស្ដីដណ្ដឹងកូនស្រី បានគេជូនថ្លៃបណ្ណាការច្រើនលើសលប់ដល់រាប់ម៉ឺន ក៏ខ្វារ-ក រហូតដល់ភ្លេចគិតពីជីវិតទៅថ្ងៃមុខរបស់កូនស្រីទៅវិញ។
ឪពុកម្ដាយខ្លះ សប្បាយអរណាស់បានថ្លៃបណ្ណាការ ២ម៉ឺន ៣ម៉ឺន មុខមាត់ក្នុងភូមិក្នុងស្រុក បានអួតអ្នកជិតខាង តែភ្លេចគិតថា ២ម៉ឺន ៣ម៉ឺននេះ តាមពិតជាលុយសម្រាប់បិទមាត់ បាំងភ្នែក និងជាបន្ទុកទឹកភ្នែកកូនស្រីបន្ទាប់ពីថ្ងៃរៀបការរួចតែប៉ុណ្ណោះ។ សួរថា បានថ្លៃបណ្ណាការរាប់ម៉ឺនយកមកទូទាត់ថ្លៃចាយវាយក្នុងការរៀបចំកម្មវិធីរួចរាល់អស់ ចុះសុភមង្គលពេញមួយជីវិតរបស់កូនស្រីអ្នកគិតបែបណា?
- ជួនកាល គេកូនអ្នកមាន ឪពុកម្ដាយគេ អាចនឹងមិនស្រឡាញ់ ថ្នាក់ថ្នមកូនស្រីយើងដូចយើងគិតទេ ពេលខ្លះគេមានពេក កូនយើងរៀបការហើយ ទៅធ្វើជាអ្នកបម្រើសាច់ញាតិ បងប្អូនគេតែប៉ុណ្ណោះ។
- ជួនកាលគេមានពេក គេអាងទ្រព្យ គេអាងលុយ អាងអំណាចយសសក្តិ គេមិនខ្វល់ មិនគោរព មិនឱ្យតម្លៃកូនស្រីយើងទេ គេដើរលេង ស៊ីផឹក មិត្តភក្តិបនភឿន មានស្រីញីខាងក្រៅ យ៉ាងណា ក៏កូនយើងមិនហ៊ានក្អកដែរ ព្រោះតែខ្សែស្រឡាយគេធំពេក រហូតដល់គាបសង្កត់កូនស្រីយើងទៅវិញ។
- ជួនកាលគេមានពេក គេអាងអី អាងថា លុយបណ្ណាការគេជូនយើងច្រើនណាស់ មិនមែនយកកូនយើងមកទទេរៗទេ ដូច្នេះសិទ្ធិលើគេ យើងគ្មានសិទ្ធិតវ៉ានោះឡើយ...។
សុំចិត្តឪពុកម្ដាយទាំងឡាយ កុំសប្បាយអរនឹងលុយបណ្ណាការ ៣ម៉ឺន ៤ម៉ឺន រហូតដល់លែងគិតពីសុភមង្គល សេចក្ដីសុខ និងសេរីភាពរបស់កូនស្រីទៅថ្ងៃមុខឱ្យសោះ សួរនាំចិត្តកូនផង កុំអាងថាទារគេបានច្រើន ដើម្បីទុកអួតអ្នកជិតខាង តែពេលរៀបការរួច លុយនោះក៏មិនសល់ តែដូចរុញកូនស្រីចូលទៅក្នុងគុកឥតជញ្ជាំងទៅវិញ។
អ្នកមានពិត ត្រកូនអភិជនពិត គេនឹងមានចិត្តអាណិតអាសូរ ស្រឡាញ់ ចង់បានកូនស្រីដែលមានចរិតល្អរបស់យើង គេមើលថែថ្នាក់ថ្នមកូនស្រីយើង តែសូមចាំថា មនុស្សស្រីដែលមានសំណាងបែបនេះ មានមិនច្រើននោះទ ដូច្នេះ សូមគិតពិចារណាឱ្យបានច្បាស់ កុំធ្វើបាបកូនស្រីខ្លួនឯងអី មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងបានជួបគូគាប់ដែលល្អនោះទេ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ