មនុស្សគ្រប់គ្នាមិនថាអ្នកធ្វើការ អ្នករកស៊ី ឬ កសិករនោះទេ សុទ្ធតែចង់ជោគជ័យលើអ្វីដែលខ្លួនកំពុងធ្វើដូចគ្នា។ ហើយទាំងនេះគឺជាចំណុចសំខាន់ខ្លះៗដែលអ្នកគួរធ្វើ បើសិនជាអ្នកចង់ជោគជ័យ។
*បើកចិត្តឲ្យទូលាយទទួលយកនូវរាល់មតិដែលគេផ្តល់ឲ្យ
ចូរអ្នកកុំអន់ចិត្តឬស្អប់នរណាម្នាក់នៅពេលដែលគេផ្តល់នូវមតិក៏ដូចជាគំនិតខ្លះៗមកកាន់អ្នក ព្រោះអ្នកមិនបានខាតបង់អ្វីឡើយ ហើយគេក៏មិនទទួលបានអ្វីពីការផ្តល់គំនិតឲ្យនោះទេ។ ផ្ទុយទៅវិញអ្នកទេដែលចំណេញ ព្រោះអ្នកទទួលបាននូវគំនិតដែលគេផ្តល់ឲ្យដោយមិនចាំបាច់ចំណាយអ្វីទាំងអស់។ អ្នកមានសិទ្ធទទួលយកឬមិនទទួលយកនូវគំនិតរបស់គេ។ បើសិនជាអ្នកគិតថាវាមិនល្អ អ្នកក៏បោះចោល បើគិតថាវាល្អក៏ទទួលយកមកទុករួចបូកជាមួយនិងគំនិតរបស់អ្នកនោះវានឹងកាន់តែប្រសើរជាងមុន ព្រោះគំនិតចាប់ពីពីរឡើងទៅគឺតែងតែល្អជាងគំនិតមួយ។
*កុំបាក់ទឹកចិត្តនៅពេលដែលគេរិះគន់
គ្មាននរណាម្នាក់ដែលអាចធ្វើបានល្អគ្រប់រឿងនោះទេ ហើយមនុស្សជាច្រើនគឺមិនសូវជាមើលឃើញនូវរាល់អំពើរល្អឬការធ្វើត្រូវនោះឡើយ, ប៉ុន្តែបើសិនជាអ្នកធ្វើអាក្រក់ឬធ្វើមិនត្រូវនូវទង្វើរណាមួយ នោះគេនឹងចាប់កំហុសហើយរិះគន់ភ្លាមៗតែម្តង។ ពេលដែលគេរិះគន់នូវចំណុចខ្វះខាតរបស់អ្នក ចូរអ្នកកុំអន់ចិត្តឬបាក់ទឹកចិត្តឲ្យសោះ ព្រោះការរិះគន់ទាំងនោះនឹងធ្វើឲ្យអ្នកទទួលបានចំណេះដឹងបន្ថែមកាន់តែច្រើនជាងមុន។ នូវរាល់មតិរិះគន់ទាំងអស់មិនមែនសុទ្ធតែអាក្រក់ឡើយ អ្នកគួរទទួលយកមកគិតនូវមតិរិះគន់ណាដែលគេរិះគន់មកដើម្បីស្ថាបនាអ្នកឲ្យប្រសើរជាងមុន។ មួយវិញទៀតគួរបោះចោលឬកុំរើសយកមកគិតនូវមតិរិះគន់ណាដែលគេនិយាយមកដើម្បីជាន់ពន្លិចអ្នក ព្រោះវានឹងធ្វើឲ្យអ្នកបាក់ទឹកចិត្ត ព្រមទាំងអាចបោះបង់ចោលនូវគោលដៅដែលអ្នកកំពុងតែដើរទៅផងដែរ។
*កុំឆាប់ត្រេកអរឬមោទកភាពលើខ្លួនឯងលឿនពេកពេលគេសរសើរ
មនុស្សគ្រប់គ្នាសុទ្ធតែចង់បាននូវការសរសើរពីមហាជននូវរាល់ទង្វើដែលខ្លួនបានធ្វើឡើងមក។ នូវរាល់ការសរសើរទាំងអស់មិនមែនសុទ្ធតែល្អនោះទេ ពេលខ្លះនូវពេលដែលអ្នកឆាប់សប្បាយចិត្តឬត្រេកអរហើយមានមោទកភាពលើទង្វើដែលខ្លួនឯងបានធ្វើនិងមហាជនសរសើរច្រើនពេក វាអាចធ្វើអោយអ្នកក្លាយជាមនុស្សបរាជ័យវិញ ដោយហេតុថាអ្នកនឹងបោះបង់នូវភាពព្យាយាមរបស់អ្នកចោលលើសពីហាសិបភាគរយនៃការព្យាយាមពីមុន។ ជាក់ស្តែងនៅពេលដែលអ្នកឈានដល់ចំណុចនេះអ្នកនឹងលែងទទួលយកនូវមតិរិះគន់ដែលអ្នកធ្លាប់ទទួលយកពីមុនមកជាក់ជាមិនខាន ព្រោះអ្នកកំពុងតែមានមោទកភាពលើទង្វើដែលខ្លួនបានធ្វើបាត់ទៅហើយ។ ដូច្នេះហើយ អ្នកគួរតែរីករាយរួចបន្តការព្យាយាមរបស់អ្នកបន្ថែមទៀត ដើម្បីការជោគជ័យរបស់អ្នកអាចទទួលបានកាន់តែធំជាងមុន។
*ហ៊ានលះបង់
ចូរចាំថាបើអ្នកមិនហ៊ានលះបង់ទេ ភាពជោគជ័យសម្រាប់អ្នកក៏គ្មានដូចគ្នា។
ជាក់ស្តែងដូចជា៖
-សិស្សានុសិស្សឬមនុស្សដែលស្ថិតក្នុងវ័យសិក្សា បើសិនជាពួកគាត់មិនលះបង់ពេលវេលាដើម្បីនោះទេ ពួកគាត់នឹងមិនអាចរៀនចប់ បាក់ឌុប បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត...ឡើយ។
-អ្នកធ្វើការជាបុគ្គលិកឯងជនឬស្ថាប័នរដ្ឋនានា បើសិនជាអ្នកមិនលះបង់ពេលវេលាក្រៅម៉ោងធ្វើការ ដើម្បីស្វែងរកប្រភពចំណេះដឹងផ្សេងៗដូចជាតាម Google Facebook ឬ YouTube បន្ថែមទេ នោះការងាររបស់អ្នកក៏ពិបាកក្នុងការជោគជ័យដូចគ្នា។ ការលះបង់នេះមិនមែនជាការលះបង់ឥតប្រយោជន៍នោះឡើយ ទោះបីវាមិនបានទទួលចំណូលបន្ថែមដូចជាការធ្វើការ, ប៉ុន្តែអ្នកអាចទទួលបានចំណេះដឹងបន្ថែមទៀតលើចំណេះដឹងដែលអ្នកកំពុងតែមានបច្ចុប្បន្ន។
"ចូលធ្វើការងារឲ្យក្រុមហ៊ុនជំពាក់ការងារ ប្រសើរជាងធ្វើការងារហើយជំពាក់ការងារក្រុមហ៊ុន"
+ធ្វើការងារឲ្យក្រុមហ៊ុនជំពាក់ការងារ មានន័យថា គ្រប់ការងារដែលអ្នកទទួលធ្វើទាំងអស់ គឺអ្នកបានធ្វើហើយមុនថ្ងៃកំណត់ដែលគេយកការងារពីអ្នក។
+ធ្វើការងារហើយជំពាក់ការងារក្រុមហ៊ុន មានន័យថា គ្រប់ការងារដែលអ្នកទទួលយកមកធ្វើទាំងអស់ អ្នកមិនអាចធ្វើហើយមុនថ្ងៃកំណត់ឬថ្ងៃកំណត់ដែលគេត្រូវយកការងារពីអ្នក។ ដូច្នេះនូវពេលដែលមានការងារថ្មីធ្លាក់មកឲ្យអ្នកត្រូវធ្វើទៀត អ្នកនឹងត្រូវធ្វើការងារពីក្នុងពេលតែមួយ។
-អ្នករកស៊ី បើអ្នកមិនចំណាយពេល ព្យាយាមតាមដានទីផ្សារឬតម្រូការរបស់អ្នកប្រើប្រាស់នោះទេ ការរស៊ីរបស់អ្នកក៏មិនប្រាកដថាអាចរលូនទៅមុនបានល្អដែរ។ ជួនកាលអ្នកផលិត"ក" តម្រូវការអ្នកប្រើប្រាស់"ខ" នោះអ្នកនឹងបរាជ័យដោយសារតែអ្នកផលិតរបស់មកលក់មិនដាច់។
ដូច្នេះហើយការលះបង់គឺសំខាន់បំផុតសម្រាប់គ្រប់កិច្ចការ "គ្មានការលះបង់ គ្មានភាពជោគជ័យ" ។
អរគុណសម្រាប់ការអាន និង សូមអភ័យទោសនូវរាល់កំហុសឆ្គងដែលកើតមានឡើងដោយប្រការណាមួយ។
អត្ថបទដោយ: Mr. Fun Cambodia
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក