ការស្វែងយល់អំពីពាណិជ្ជកម្មបែបសន្ទនា តាមរយៈកម្មវិធី “និយាយអាជីវកម្មជាមួយ Facebook”
រាជធានីភ្នំពេញ (១១ កញ្ញា ២០២០) - អាជីវកម្មខ្នាតតូច និងមធ្យមនានាកំពុងតែសម្របខ្លួនទៅនឹង ពិភពលោកបែបថ្មី គឺការអនុវត្តគម្លាតសង្គម និងសម្របទៅតាមឌីជីថលនីយកម្មយ៉ាងលឿននៃ សេដ្ឋកិច្ច និងសេវាកម្មផ្សេងៗ ធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យនៅចំពោះមុខបញ្ហាប្រឈម ដែលកើតឡើងដោយសារតែជំងឺរាតត្បាតកូរ៉ូណា។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា និងសហគ្រិននានា នៅក្នុងការ ធ្វើអាជីវកម្មតាមអនឡាញ និងទទួលជោគជ័យពីការប្រើប្រាស់ទំព័រអនឡាញរបស់ខ្លួននោះ ក្រុមហ៊ុន Facebook បានបង្កើតឲ្យមានកម្មវិធីអប់រំជាស៊េរី មួយឈ្មោះថា “និយាយអំពីអាជីវកម្មជាមួយ Facebook”។
កម្មវិធីអប់រំនេះ បានចាប់ផ្ដើមដំណើរការតាមរយៈព្រឹត្តិការណ៍ផ្សាយផ្ទាល់លើអនឡាញមួយ ដែលក្នុងនោះ អ្នកឯកទេសខាងបណ្ដាញព័ត៌មានសង្គម ម្ចាស់អាជីវកម្មនានានៅកម្ពុជា និងតំណាងមកពីក្រុមហ៊ុន Facebook លោកស្រី Charlotte Trudgil ដែលជានាយកប្រតិបត្តិការក្រុមហ៊ុន Facebook ប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ លោក អ៊ិន វិចិត្រ ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Media Load និង Little Digital និងលោក ហែម សុបញ្ញា នាយកក្រុមហ៊ុន Httpool ប្រចាំប្រទេសកម្ពុជា ចូលរួមឆ្លើយសំណួរអំពីពាណិជ្ជកម្មបែបសន្ទនា (Conversational Commerce) និងអាជីវកម្មតាម បណ្ដាញសង្គម (Social Commerce) ដោយបានផ្ដល់នូវគន្លឹះ និងអនុសាសន៍ ផ្សេងៗ ដល់សហគ្រិនដែលចាប់អារម្មណ៍។
លោកស្រី Charlotte Trudgil មានប្រសាសន៍ថា៖ “អ្នកប្រើកម្មវិធី Facebook កាន់តែច្រើនឡើងនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ កំពុងងាកទៅរកពាណិជ្ជកម្មបែបសន្ទនា ដោយរិះរកមធ្យោបាយ លក់ផលិតផល របស់ខ្លួន ដោយប្រើវិធីលឿនៗ មានអន្តរកម្ម និងតម្រូវតាមបុគ្គល។ ពាណិជ្ជកម្មបែបសន្ទនា កំពុងជួយ ដល់ការទិញទំនិញ និងសេវា ទាំងតាមអនឡាញ និងតាមទីតាំងផ្ទាល់ ហើយកំពុងតែផ្លាស់ប្ដូររបៀបរបប ដែលយើង ទិញ ទំនិញ និងសេវានានា”។
នៅក្នុងកម្មវិធីផ្សាយតាមអនឡាញនេះ វាគ្មិនបានផ្ដោតលើអត្ថប្រយោជន៍របស់ពាណិជ្ជកម្មបែបសន្ទនា និងដំណោះ ស្រាយចម្រុះ ដែលផ្ដល់លទ្ធភាពឲ្យអាជីវកម្មនានា និងអតិថិជនបានភ្ជាប់ទំនាក់ទំនងគ្នា ដែលជួយបង្កើនភាពងាយស្រួលក្នុងការទិញទំនិញ និងសេវាកម្ម និងតម្រូវតាមការរំពឹងទុក របស់ អតិថិជន។
លោក ហែម សុបញ្ញា មានប្រសាសន៍ថា៖ “ក្នុងនាមជាដៃគូទទួលសិទ្ធិផ្ដាច់មុខផ្នែកលក់របស់ ក្រុមហ៊ុន Facebook យើងពិតជាមានក្ដីរំភើបរីករាយក្នុងការចួលរួមក្នុងកម្មវិធីបែបនេះ ។ ក្រោយពេលបាន ជជែក ជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មក្នុងស្រុក និងស្វែងយល់ពីការលំបាករបស់ពួកគេរួចមក គឺយើងអាច ជួយពួកគេឲ្យចំចំណុចដែលគេត្រូវការ និងពេលវេលាដែលគេត្រូវការ។ យើងធានាថា នឹងបន្តអប់រំ អ្នកផ្សាយពាណិជ្ជកម្មនៅកម្ពុជា ពីរបៀបប្រើប្រាស់សំណុំកម្មវិធីពី Facebook ដើម្បីបានទទួលផល ឲ្យបាន ច្រើនបំផុតសមនឹងការខិតខំប្រឹងប្រែង ក៏ដូចជាជួយគាំទ្រដល់អាជីវកម្មរបស់ពួកគេ”។
លោក អ៊ិន វិចិត្រ មានប្រសាសន៍ថា៖ “តាំងពីខ្ញុំចាប់ផ្ដើមប្រើប្រាស់ពាណិជ្ជកម្មបែបសន្ទនា និងចាប់ផ្ដើម លក់ផលិតផលតាមកម្មវិធី Messenger មក ការលក់របស់ខ្ញុំបានកើនឡើងជាងទ្វេដង។ អតិថិជនរបស់ ខ្ញុំមានអារម្មណ៍ងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មបែបនេះ ហើយខ្ញុំកំពុងរង់ចាំមើលថាតើ ទៅថ្ងៃអនាគត នឹងមានកម្មវិធីអ្វីបន្ថែមទៀតសម្រាប់ឲ្យយើងប្រើប្រាស់”។
កម្មវិធីពិភាក្សានេះអាចចូលទៅមើលបានតាមរយៈតំណភ្ជាប់នេះ Geeks in Cambodia Facebook Page។ នៅក្នុងវគ្គក្រោយៗ អ្នកជំនាញ ខាងបណ្ដាញព័ត៌មានសង្គម និងតំណាងរបស់ក្រុមហ៊ុន Facebook នឹងជជែកគ្នា និងឆ្លើយសំណួរ អំពីទិដ្ឋភាពខុសៗគ្នានៃការធ្វើអាជីវកម្មលើ Facebook រាប់បញ្ចូលទាំងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើ Facebook និងការចាត់ចែងការងារផ្សព្វផ្សាយទីផ្សារលើ Facebook ដោយប្រើបុគ្គលជាតារាជាដើម។
គន្លឹះសម្រាប់ទទួលជោគជ័យលើអាជីវកម្មបែបសន្ទនា
គន្លឹះចំនួន ៦ សម្រាប់ទទួលជោគជ័យលើអាជីវកម្មបែបសន្ទនាលើ Facebook
រាជធានីភ្នំពេញ ថ្ងៃទី ១១ កញ្ញា - ពាណិជ្ជកម្មបែបសន្ទនាអាចជាឧបករណ៍ដ៏ល្អប្រពៃសម្រាប់នាំផ្លូវអ្នក ក្នុងការធ្វើអាជីវកម្មតាមអនឡាញឲ្យបានទទួលជោគជ័យ ដោយប្រើប្រាស់កម្មវិធីនានា ដូចជា Messenger និង Instagram ជាដើម ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងអតិថិជនរបស់អ្នក បង្កើនកម្រិតជឿទុកចិត្ត ហើយលក់ផលិតផលរបស់អ្នកឲ្យបានកាន់តែច្រើន។ ខាងក្រោមនេះគឺជាគន្លឹះ មួយចំនួន ដែលអាចជួយអ្នកក្នុងការធ្វើពាណិជ្ជកម្មបែបសន្ទនាប្រកបដោយភាពសក្ដិសិទ្ធ។
១. បង្កើត Messenger និងគ្រប់គ្រងការសន្ទនា
បុរេលក្ខខណ្ឌតែមួយគត់ក្នុងការប្រើប្រាស់ Messenger សម្រាប់ពាណិជ្ជកម្មបែបសន្ទនា គឺត្រូវបង្កើតទំព័រ Facebook សម្រាប់អាជីវកម្មរបស់អ្នក ជាមុនសិន។ នៅពេលដែលទំព័រពាណិជ្ជកម្មរបស់អ្នកត្រូវបាន បង្កើតរួចហើយ អ្នកអាចចាប់ផ្ដើមផ្ញើ និងទទួលសារបានភ្លាមៗ។
ប្រសិនបើអ្នកមានទំព័រអាជីវកម្មលើ Instagram អ្នកអាចប្រើ Unified Page Inbox ដើម្បីគ្រប់គ្រងរាល់ សារទាំងអស់ នៅក្នុងទីកន្លែងតែមួយ។ ធ្វើដូច្នេះ អាចឲ្យអ្នកគ្រប់គ្រងលើការសន្ទនានៅលើ Facebook, Instagram និង Messenger បានកាន់តែលឿន និងកាន់តែងាយស្រួល។
២. បង្ហាញពីគុណតម្លៃដែលអ្នកអាចផ្ដល់ឲ្យ
ជួយឲ្យអតិថិជនយល់ថាតើហេតុអ្វីបានជាគេគួរចាប់ផ្ដើមសន្ទនាជាមួយនឹងអាជីវកម្មរបស់អ្នក នៅលើ Messenger។ ណែនាំដល់អតិថិជនរបស់អ្នកពីចំណុចចូលសន្ទនា និងជំរុញឲ្យមានការសាកសួរ និង មូលហេតុខ្លី និងច្បាស់លាស់ ដែលពួកគេគួរផ្ញើសារមកកាន់អាជីវកម្មរបស់អ្នក ដូចជា ការណាត់ម៉ោងជួប ឬជជែកជាមួយនឹងអ្នកជំនាញជាដើម។
៣. រួសរាន់ក្នុងការឆ្លើយតប
ព្យាយាមឆ្លើយតបទៅអតិថិជនឲ្យបានឆាប់តាមដែលអាចធ្វើបាន អាចថា ក្នុងពេលពីរបីម៉ោង។ ប្រសិនបើ អ្នកមិននៅ ចូរបង្កើត ការឆ្លើយតបដោយស្វ័យប្រវត្តិ (Instant Replies) ដើម្បីថ្លែងអំណរគុណ និងឲ្យអតិថិជនដឹងថា អ្នកនឹងឆ្លើយតបក្នុងពេលឆាប់ៗ។ អ្នកក៏អាចបង្កើតសារ Away Message នៅពេល ដែលអាជីវកម្មរបស់អ្នកបិទទ្វារសម្រាក។
៤. ចូរប្រាកដថា អតិថិជនដឹងថាគេនឹងបានអ្វីពីអាជីវកម្មរបស់អ្នក
ចូរពន្យល់ឲ្យបានច្បាស់លាស់ថាតើអតិថិជនអាចចំណេញអ្វីខ្លះពីការប្រើប្រាស់ Messenger ដើម្បីឲ្យ អតិថិជនដឹងថាតើពួកគេរំពឹងថានឹងទទួលបានអ្វីខ្លះពីការសន្ទនា ហើយពួកគេតម្រូវឲ្យធ្វើអ្វីខ្លះ។ បើទោះបីជាអ្នកចង់ប្រើ ការឆ្លើយតបដោយស្វ័យប្រវត្តិក្ដី ចូរត្រៀមឲ្យមានអ្នកដែលអតិថិជន អាច និយាយជាមួយបាន ប្រសិនបើពួកគេមានសំណួរជាក់លាក់ផ្សេងៗ។ ចូរប្រាប់ឲ្យអតិថិជនដឹងថា ពួកគេ អាចជជែកជាមួយនឹងមនុស្សណាម្នាក់ តាម Messenger ឬកម្មវិធីផ្សេងទៀត។
៥. យកចិត្តទុកដាក់ចំពោះម៉ាកយីហោរបស់អ្នក
យកចិត្តទុកដាក់លើម៉ាកយីហោរបស់អ្នក និងកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោ ក៏ដូចជារបៀបបង្ហាញ ម៉ាកយីហោ នោះនៅលើ Messenger។ ត្រូវហ៊ានប្រើប្រាស់មុខងារច្នៃប្រឌិតផ្សេងៗ ដូចជា ប្រើរូបភាព GIFs និងវីដេអូផ្សាយផ្ទាល់ខ្លីៗ ប្រសិនបើត្រូវគ្នានឹងម៉ាកយីហោរបស់អ្នក។
៦. សាកល្បងអ្វីដែលប្លែកពីគ្នា
ព្យាយាមពិសោធន៍មើលថាតើ Messenger មានដំណើរការដូចម្តេច ។ អ្នកអាចសាកប្រើវិធីគោរព ខុសៗគ្នា វីដេអូផ្សេងៗគ្នា ឬធ្វើបច្ចុប្បន្នភាពលើការសន្ទនារបស់អ្នកឲ្យប្លែកពីមុន។ ធ្វើការសម្រេចចិត្ត លើគោលដៅ ហើយកែសម្រួលយុទ្ធសាស្ត្ររបស់អ្នកដើម្បីសម្រេចគោលដៅនោះ។ ស្វែងយល់ពីរបៀបប្រើ ប្រាស់ មុខងារប្រើសារ ដើម្បីធ្វើការផ្សព្វផ្សាយទីផ្សារអាជីវកម្មរបស់អ្នកឲ្យបានពេញ ទំហឹង។