ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា កំពុងផ្ដល់កម្មវិធីពិសេស ដល់អ្នកដែលចូលចិត្ត ពិសារកាហ្វេ ដោយប្រគល់ប្រាក់ ១៥% ត្រលប់មកវិញ សម្រាប់ការជាវភេសជ្ជៈ នៅតាមហាងកាហ្វេអាម៉ាហ្សូន ។
កម្មវិធីពិសេសនេះ ចាប់ផ្ដើមនៅថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីជាការអបអរពិធី បុណ្យភ្ជុំបិណ្ឌ។
នេះជាកម្មវិធីសហការមួយ ក្នុងចំណោមកម្មវិធីសហការជាច្រើនទៀត ដែលក្រុមហ៊ុនទ្រូម៉ាន់នី បានប្រកាសនាពេលថ្មីៗកន្លងមកនេះ។ ក្នុងនោះរួមមាន ការបង់សេវាអគ្គិសនី និងសេវាប្រមូលសំរាមទៅឲ្យ អគ្គិសនីកម្ពុជា (EDC) និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ ដោយពុំគិតថ្លៃសេវាជាដើម ។
លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ថា៖ “យើង កំពុងព្យាយាមឥតឈប់ឈរក្នុងការស្វែងរកកម្មវិធីពិសេសៗដែលមានតម្លៃសម្រាប់អតិថិជនរបស់យើង ហើយការផ្ដល់ជូននៅពេលនេះ គឺជាកម្មវិធីសហការមួយក្នុងចំណោមកម្មវិធីសហការជាច្រើនទៀតដែល យើងនឹងធ្វើការប្រកាសនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ”។
ដើម្បីមានសិទ្ធិទទួលបានទឹកប្រាក់ ១៥% ត្រលប់មកវិញភ្លាមៗ អតិថិជនកាហ្វេអាម៉ាហ្សូនត្រូវទូទាត់ ថ្លៃភេសជ្ជៈ របស់ ខ្លួន ដោយប្រើប្រាស់កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet។
កម្មវិធីពិសេសនេះ នឹងផ្ដល់ជូននៅតាមហាងកាហ្វេដូចតទៅនេះ៖ កាហ្វេអាម៉ាហ្សូន មហាវិថីព្រះនរោត្តម កាហ្វេអាម៉ាហ្សូនភ្លើងស្តុបណានជីង កាហ្វេអាម៉ាហ្សូនច្បារអំពៅ កាហ្វេអាម៉ាហ្សូននាគវ័ន្ត ១ កាហ្វេអាម៉ាហ្សូនផ្សារតូច កាហ្វេអាម៉ាហ្សូនផ្លូវជាតិលេខ ៣ (ព្រៃកី) កាហ្វេអាម៉ាហ្សូនវិមានឯករាជ្យ និង កាហ្វេអាម៉ាហ្សូនព្រែកព្នៅ ។
លោកស្រី ដារា បានបន្ថែមថា៖ “យើងមានបំណងផ្ដល់កម្មវិធីពិសេសនេះក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពីព្រោះ យើងយល់ថា ប្រជាពលរដ្ឋគាត់មានពេលវេលាសម្រាក ហើយនឹងចង់បានការផ្ដល់ជូនពិសេស បែបនេះ។ ទន្ទឹមនឹងនេះ យើងចង់ផ្ដល់កម្មវិធីពិសេសដល់អតិថិជនដែលប្រើកម្មវិធី TrueMoney Wallet សម្រាប់ការស្មោះស្ម័គ្ររបស់ពួកគេជារៀងរហូតមក”។
ចាប់តាំងពី ក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។