ប្រធាននាយកយុទ្ធសាស្រ្ត ក្រុមហ៊ុន ទ្រូម៉ាន់នី លោកស្រី ឃួន ហ្រ្វង់ដារា ប្តេជ្ញាចង់បង្កើនចំនួនស្ត្រី ដើម្បីបម្រើ
ការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ក្រុមហ៊ុនផង និងសម្រាប់ប្រទេសជាតិផងដែរ។
ក្នុងនាមជាពលរដ្ឋ ខ្មែរ-បារាំង ដែលមានបទពិសោធន៍ជ្រៅជ្រះច្រើនជាង ១៥ ឆ្នាំ ក្នុងវិស័យ ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ ដារា គឺជាឈ្មោះ ដែលមិត្តភ័ក្តិរបស់គាត់ហៅ ហើយលោកស្រី បានឲ្យដឹងថាភាគច្រើននៃប្រធានតំណាងប្រទេសនិមួយៗរបស់ ទ្រូម៉ាន់នី គឺជាស្រ្តី។
ថែមពីលើនោះ លោកស្រី ហ្រ្វង់ដារា ក៏បានឲ្យដឹងទៀតថា ក្នុងចំណោមភ្នាក់ងារឆ្នើមជាង ១ម៉ឺន នាក់ ក្នុងនោះភាគច្រើនគឺជាស្ត្រី។ ទោះជាយ៉ាងណា លោកស្រីមានបំណង បង្កើនចំនួនកម្លាំង ពលកម្មជាស្ត្រីបន្ថែម ទៀតនាពេលខាងមុខ។
លោកស្រី ហ្រ្វង់ដារា បានមានប្រសាសន៍ថា៖ «តាមពិតទៅ កត្ដានេះបានកើតឡើង ដោយឯកឯង។ នៅពេល យើងប្រកាសជ្រើសរើស ភ្នាក់ងារទូទាំងប្រទេស យើងឃើញថាបេក្ខជនដាក់ពាក្យភាគច្រើនជាស្រ្តី។ យើងក៏បានពិនិត្យឃើញដែរថា ស្រ្តីដែលបានក្លាយជាភ្នាក់ងាររបស់យើង មានសមត្ថភាពពីយូរមកហើយក្នុងការ ធ្វើកិច្ចការងារទាំងនេះ។»
លោកស្រី ហ្រ្វង់ដារា បានបន្ថែមទៀតថា៖ «ការជឿទុកចិត្ត ការយកចិត្តទុកដាក់ និងសេចក្ដីមេត្តា កត្តាទំាងអស់នោះហើយបាន នាំមកនូវភាពជោគជ័យ ក្នុងកម្លាំងពលកម្មស្រ្តីរបស់យើង។»
លោកស្រី ហ្រ្វង់ដារា ខ្លួនឯងផ្ទាល់ ទទួលបានជោគជ័យក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រី បានកាន់តួនាទីជា អគ្គនាយកក្រុមហ៊ុន Novus Technologies កម្ពុជា មុនពេលលោកស្រី ក្លាយជា ប្រធានផ្នែកប្រតិបតិ្ត របស់ធនាគារឯកទេសវីង បន្ទាប់មក លោកស្រី ក្លាយជា ប្រធានផ្នែកប្រតិបតិ្ត និង នាយកគ្រប់គ្រង ផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន Royal Railways។ លោកស្រីក៏បានគ្រប់គ្រង សាខាធនាគារ ANZ Royal ដែលឥឡូវនេះ បានផ្ដូរឈ្មោះទៅជា ធនាគារ J Trust។
ឥឡូវនេះ ក្នុងនាមជាប្រធាននាយកយុទ្ធសាស្រ្ត ទ្រូម៉ាន់នី (កម្ពុជា) លោកស្រី ហ្រ្វង់ដារា ដឹកនាំក្រុមកាងារជាង ៣០០ នាក់ ដោយមានស្រ្តីចំនួន ជាង ៤០ភាគរយ កាន់តួនាទីផ្នែកគ្រប់គ្រង។ ហើយ ក៏មានចំនួនស្រ្តីជាង ៤០ ភាគរយផងដែរ បានចូលរួមក្នុង កម្លាំងពលកម្ម ផ្នែករដ្ឋបាល និងតួនាទីមិនមែនផ្នែកលក់។
ដោយមានការទទួលស្គាល់ថា ទ្រូម៉ាន់នី ជានិយោជិកដែលផ្ដល់ឱកាសស្មើភាពគ្នា លោកស្រី ហ្រ្វង់ដារា ក៏មានប្រសាសន៍ដែរ ថាស្ត្រីខ្មែរ មានសម្ថភាពពីធម្មជាតិ សម្រាប់ការងារក្នុងវិស័យហិរញ្ញវត្ថុ។
លោកស្រីបានពន្យល់៖ «យើងបានកត់សម្គាល់ឃើញថា ស្រ្តីបានកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ហើយយើងរំពឹងថាទំនោរនេះនឹងបន្តទៅមុខ។»
ចាប់តាំងពី ក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹងថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១មឺុន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។
នៅដើមខែនេះ ទ្រូម៉ាន់នី ក៏ដាក់ឲ្យដំណើរការសេវាទូទាត់វិក្កយបត្រភ្លើង និងសំរាម ជូនប្រជាពលរដ្ឋប្រើប្រាស់។ ពីថ្ងៃទី ២០ ខែកក្កដា អតិថិជន ទ្រូម៉ាន់នី ទាំងអស់ អាចធ្វើការទូទាត់ វិក្កយបត្រភ្លើង និងសំរាម ជាមួយភ្នាក់ងារ តាមសាខា ទ្រូម៉ាន់នី ឫ តាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet ដែលមានភាពងាយស្រួលនិងសន្សំសំចៃពេលវេលា។
ដើម្បីជាការអបអរសាទរដល់ការបើកដំណើរការ សេវាទូទាត់វិក្កយបត្រភ្លើង និងសំរាម ថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិនពិសេសគឺការបង់ វិក្កយបត្រភ្លើង និងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០ ។
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន។ទ្រូម៉ាន់នីបានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី១ប្រទេសទៅជា៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។បច្ចុប្បន្នទ្រូម៉ាន់នីបាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃកម្ពុជាមីយ៉ាន់ម៉ាឥណ្ឌូនេស៊ីវៀតណាមនិងហ្វីលីពីន។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។