រាជធានីភ្នំពេញកាលពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ - ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានបើកទូលាយ និង ក្រុមហ៊ុន Smart Axiata បានប្រកាសពីការចាប់ផ្ដើមផ្សព្វផ្សាយវីដេអូមេរៀនអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ដោយទទួលបានការគាំទ្រពីមូលនិធិទឹកប្រាក់ ១ លានដុល្លារបស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំងជំងឺកូវីដ១៩។
ក្រោយពីការប្រកាសរបស់ក្រុមហ៊ុន Smart Axiata កាលពីចុងខែឧសភាថា ក្រុមហ៊ុននឹងគាំទ្រស្ថាប័នទាំងពីរនេះរួចមក ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ បានរៀបចំស្ទូឌីយោចំនួនពីរដែលមានបំពាក់បរិក្ខារពេញលេញ សម្រាប់ផលិតវីដេអូអនឡាញសម្រាប់សិស្សថ្នាក់ទី ១២ ដើម្បីជួយឲ្យពួកគេអាចបន្តការសិក្សាពីចម្ងាយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំសិក្សានេះ ស្របពេលមានការបិទទ្វារសាលារៀនទូទាំងប្រទេសដោយសារតែមេរោគរាតត្បាតកូវីដ១៩។
កម្មវិធី Smart 1,000 Grade 12 Video Collection នឹងក្លាយជាធនធានដ៏សំខាន់សម្រាប់សិស្សថ្នាក់ទី ១២ នាឆ្នាំនេះ ក៏ដូចជាពេលអនាគត ហើយបណ្ណាល័យឌីជីថល ដែលមានផ្ទុកវីដេអូអនឡាញនេះ ក៏នឹងជួយដល់ការត្រៀមខ្លួនជាស្រេចរបស់ក្រសួងអប់រំ សម្រាប់ពេលអនាគតផងដែរ។ មូលនិធិនេះបានជួយគុណតម្លៃយ៉ាងច្រើនបន្ថែមទៀត ដល់កិច្ចសហការ និងភាពជាដៃគូយូរអង្វែងរវាងក្រុមហ៊ុន Smart Axiata ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងតែពង្រីកកាលានុវត្តភាពនៃការសិក្សាពីចម្ងាយ ដូច្នេះមូលនិធិរបស់ក្រុមហ៊ុន Smart Axiata គឺជាជំនួយយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដោយបានជួយទ្រទ្រង់ដល់ប្រព័ន្ធអប់រំរបស់កម្ពុជា តាមរយៈបច្ចេកវិទ្យាឌីជីថល។ គំនិតផ្ដួចផ្ដើមនេះផ្ដោតលើសិស្សថ្នាក់ទី ១២ ពីព្រោះសិស្សដែលកំពុងរៀនឆ្នាំចុងក្រោយសម្រាប់មធ្យមសិក្សា ចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ការប្រឡងបញ្ចប់ ហើយបន្តចូលទៅរៀននៅសកលវិទ្យាល័យ»។
រហូតមកទល់នឹងពេលនេះ មានវីដេអូចំនួនជាង ៤០០ ហើយដែលបានផលិតឡើង។ ខណៈដែលមានវីដេអូជាច្រើនទៀតកំពុងស្ថិតក្នុងដំណើរការផលិត ក្នុងពេលនេះដែរ ក្រសួងអប់រំ នឹងចាប់ផ្ដើមសម្ពោធឲ្យប្រើប្រាស់វីដេអូ ដែលបានរៀបចំយ៉ាងមានរបៀបរៀបរយ។ វីដេអូទាំងនោះនឹងត្រូវបានចាក់ផ្សាយនៅលើទំព័របណ្ដាញសង្គមរបស់ក្រសួង រួមមាននៅលើទំព័រ Facebook និងទំព័រ YouTube របស់ក្រសួងផ្ទាល់ ក៏ដូចជានៅលើប៉ុស្តិ៍ទូរទស្សន៍កម្ពុជា ២ ( ប៉ុស្តិ៍អប់រំ TVK 2) ផងដែរ។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងមានបំណងចង់ធានាថា ការបិទទ្វារសាលាមិនមែនជាឧបសគ្គឡើយសម្រាប់ការអប់រំសិស្សនៅកម្ពុជា។ ក្រុមហ៊ុន Smart តែងមានការប្ដេជ្ញាចិត្តក្នុងការជួយទ្រទ្រង់ដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជានេះ។ យើងមានជំនឿចិត្តលើការធ្វើការជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដូច្នេះហើយ ទើបមូលនិធិទឹកប្រាក់ ១ លានដុល្លារបស់ ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួយដល់សហគមន៍ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតសកល»។
មូលនិធិនេះផ្ដោតលើគំនិតផ្ដួចផ្ដើមនានា ដោយផ្អែកលើគោលដៅចំនួនបួន រួមមាន៖ បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការអប់រំ ការគ្រប់គ្រងវិបត្តិ គម្លាតសង្គម និងអនាម័យផ្ទាល់ខ្លួន។ កម្មវិធីកិច្ចសហការជាដៃគូរវាងស្ថាប័នឯកជន និងរដ្ឋ ត្រូវបានជំរុញលើកទឹកចិត្តឲ្យដាក់សំណើមកកាន់មូលនិធិនេះ ដើម្បីទទួលបានជំនួយមូលនិធិរហូតដល់ទៅ ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់កម្មវិធីនីមួយៗ។
កាលពីខែមីនា គ្រប់សាលារៀនទាំងអស់ត្រូវបានតម្រូវឲ្យបិទទ្វារដើម្បីរារាំងការរាតត្បាតនៃមេរោគរាកូវីដ១៩។ ដោយមើលឃើញពីតម្រូវការបន្ទាន់ក្នុងការជួយគាំទ្រសម្ភារៈសិក្សាពីចម្ងាយ សម្រាប់សិស្សថ្នាក់ទី ១២ ក្នុងការត្រៀមខ្លួនដើម្បីការប្រលងទុតិយភូមិ វិទ្យាស្ថានបើកទូលាយ បានដាក់សំណើមកកាន់មូលនិធិដើម្បីអនុវត្តគម្រោងរួមគ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata។
ទាក់ទងនឹងអត្ថប្រយោជន៍ពីគម្រោងនេះ លោក Javier Sola នាយកប្រតិបត្តិវិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ថា៖ «ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលទទួលបានពីមូលនិធិសង្គ្រោះនេះ បានផ្ដល់លទ្ធភាពឲ្យវិទ្យាស្ថានយើងខ្ញុំក្នុងការកសាងស្ទូឌីយោថតដ៏ទំនើបចំនួនពីរយ៉ាងឆាប់រហ័សដែលសុទ្ធតែជាស្ទូឌីយោការពារសំឡេង និងបំពាក់ទៅដោយក្ដារខៀនវៃឆ្លាត ឧបករណ៍ថតសំឡេង និងម៉ាស៊ីនថតវីដេអូលំដាប់ខ្ពស់។
នៅពេលនេះ ស្ទូឌីយោទាំងពីរនេះកំពុងដំណើរការប្រកបដោយភាពពេញលេញ ដូច្នេះ យើងអាចផលិតវីដេអូបានចំនួនរហូតដល់ទៅ ៨០ វីដេអូបង្រៀនក្នុងមួយថ្ងៃ ។ ក្រុមការងារត្រួតពិនិត្យគុណភាពបានធ្វើការយ៉ាងម៉ត់ចត់ ដើម្បីធានាថា រាល់វីដេអូដែលបានថតគោរពតាមបទដ្ឋានរបស់ក្រសួង និងមានគុណភាពខ្ពស់សម្រាប់ការចាក់ផ្សាយ។
យើងពិតជាមានសេចក្ដីរំភើបរីករាយ ក្នុងការធ្វើការជាមួយនឹងលោកគ្រូអ្នកគ្រូដ៏ចំណាន និងក្រុមការងារដែលឧស្សាហ៍ព្យាយាម ក្នុងការផលិតវីដេអូទាំងអស់នេះ ដែលជាធនធានដ៏សំខាន់សម្រាប់សិស្សានុសិស្សទាំងនាពេលនេះផង ក៏ដូចជាក្រោយពេលជំងឺរាតត្បាតកន្លងផុតផងដែរ»។