ក្រុមហ៊ុនគ្រីសអេនើជី ឈានដល់ដំណាក់កាលសំខាន់មួយទៀត ​​ ក្នុងការ​អភិវឌ្ឍន៍អណ្តូងប្រេង​កាតអប្សរា ​​ក្នុង​ប្លុក A កម្ពុជា ខណៈពេលដែល​ផ្លាតហ្វម កំពុងត្រូវបានដឹកចេញ​ទៅ​កាន់​ទីតាំង​គម្រោង

សិង្ហបុរី ថ្ងៃទី ២៦ សីហា ២០២០ - ក្រុមហ៊ុន​គ្រីសអេនើជី អិលធីឌី ​(តទៅនេះ​​ហៅថា “គ្រីសអេនើជី​” ឬ “ក្រុមហ៊ុន”)​ ​ដែល​ជា​ក្រុមហ៊ុន​រុក​រក​ប្រេង និង​ឧស្ម័ន​​ឯក​រាជ្យ​មួយ​​ ​មាន​សេចក្តី​សោម​នស្ស​រីក​រាយ​ សូម​​ប្រកាស​ថា ការ​កសាង​ផ្លាតហ្វម​​ក្បាល​អណ្ដូងផលិតកម្ម​ (“Mini-Platform”)​ សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត​អប្សរា ក្នុង​ប្លុក A ដែលស្ថិត​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ បានបញ្ចប់ជាស្ថាពរ ហើយ​​​ផ្នែកខាងលើ និងជើងទម្រផ្លាតហ្វមខ្នាតតូច​នេះ​​កំពុង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់ដែនទឹក​នៃ​ប្រទេស​កម្ពុជា ដែលស្ថិត​ក្នុងឈូងសមុទ្រថៃ ដើម្បី ធ្វើការតម្លើង។

ការ​កសាង​ផ្លាតហ្វម​ខ្នាតតូច សម្រាប់​ការ​អភិវឌ្ឍន៍អណ្ដូង​ប្រេងកាត​ដំបូងគេបង្អស់​​របស់ប្រទេស​កម្ពុជាបានចាប់ផ្ដើម​កាលពីដើមខែធ្នូ ឆ្នាំ ២០១៩ នៅឯ​រោង​ចក្ររបស់ NOV’s PT Profab ដែលស្ថិត​នៅ​កោះបាតាម (Batam Island) ប្រទេស​ឥណ្ឌូនេស៊ី ។ ការ​លើកដាក់ និងការដឹកចេញ​ផ្លាតហ្វមខ្នាតតូច​នេះ​ បានចប់សព្វគ្រប់ ​នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ។

លោក Kelvin Tang នា​យក​ប្រតិ​បត្តិ​ និង​ជា​​ប្រធាន​​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី​ប្រចាំ​​កម្ពុជា បាន​មានប្រសាសន៍ថា៖ “គិត​ចាប់ពី​ការ​រៀបចំកាត់ដែកដំបូង រហូតដល់ការ​ដឹកចេញផ្លាតហ្វមខ្នាតតូចនេះ គឺមានរយៈពេល ៩ ខែ ហើយ​សមិទ្ធផល​នេះ​រឹតតែវិសេស​វិសាល​ថែមទៀត បើ​ទោះបីជាមានការ​លំបាក និង​បម្រាមនានា​ ដែល​ក្រុមការងាររបស់យើង និង​សហការី​នៅឯ NOV Profab បានប្រឈម​មុខ​ តាំងពីដើម​​ឆ្នាំ ២០២០ ដោយសារ​តែមេ​រោគ​រាត​ត្បាត​កូរ៉ូណា​”។

លោក​បានបន្ថែមទៀតថា៖ “សូមថ្លែងអំណរគុណដល់កិច្ច​ខិត​ខំប្រឹង​ប្រែង​ដ៍ធំធេងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួម​ទាំងអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ ដែល​បានជំនះ​រាល់​ឧបសគ្គផ្នែកភស្តុភារទាំងទ្បាយ ធ្វើយ៉ាងណាដើម្បីរក្សាការប្រគល់នូវឧបករណ៍ និង​សម្ភារនានាពីគ្រប់ទីកន្លែង​លើសកលលោក មក​ឲ្យ​រោង​ចក្រនៅ Batam បានទាន់ពេលវេលាតាមកាលកំណត់ ដើម្បីយើង​ឈានទៅរកគោលដៅ​នៃ​ការ​ផលិត​ប្រេង​អប្សរា​ដំបូង​​​ឲ្យ​បាន​មុនដំណាច់​ឆ្នាំនេះ”។

លោក Kim Lamb នាយកគ្រប់គ្រងក្រុមហ៊ុន NOV Profab បានមានប្រសាសន៍ថា៖ “យើង​ខ្ញុំ​មាន​សេចក្ដីរីករាយក្នុងការ​រួមចំណែក​ដ៏សំខាន់​​នៅក្នុងគម្រោង​ដំបូងមួយនេះ​​សម្រាប់ប្រទេស​កម្ពុជា។ ទាំងក្រុមការងារ​​របស់​​ក្រុមហ៊ុន NOV និង ក្រុមហ៊ុនគ្រីសអេនើជី សុទ្ធតែបានធ្វើការជាមួយគ្នាយ៉ាងជិត​ស្និទ្ធ​ ដោយ​ប្រើប្រាស់វិធីសាស្ត្រ​ធ្វើការ​រួមគ្នាជា​ក្រុមដ៍ពេញលេញ ដើម្បី​ផលិតផ្លាតហ្វម​ដែលមានគុណភាពមួយ ហើយនេះ ជាសក្ខីភាពពិតនៃការប្តេជ្ញាចិត្ត​របស់​អ្នកពាក់ព័ន្ធទាំងអស់។ យើង​​ទន្ទឹង​រង់ចាំធ្វើការជាមួយក្រុមហ៊ុនគ្រីសអេនើជីសាជាថ្មីម្តងទៀត​នាពេល​អនាគត”។

តំបន់​ប្រេង​អប្សរា នៅក្នុង​ប្លុក​ A ​កម្ពុជា លាត​សន្ធឹង​នៅ​លើ​បាសាំង​ខ្មែរ ដែល​ជា​​បាសាំង​ភូគព្ភសាស្ត្រមិន​ទាន់ត្រូវបានផលិត ស្ថិត​ក្នុង​ដែន​​សមុទ្រ​​កម្ពុជា ​ឈូង​សមុទ្រ​ថៃ​។ ដោយ​សារ​​​ភាពមិន​ទាន់ច្បាស់លាស់ នៃ​​​សមត្ថ​ភាព​ផលិតកម្ម​របស់​បាសាំង​នេះ ការ​អភិវឌ្ឍ​ន៍តំបន់​ប្រេងអប្សរានឹងត្រូវធ្វើទ្បើងជា​ដំណាក់​កាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់​​ពេលវេលា​សម្រាប់​ការ​ប្រមូល​ និង​វិភាគ​លើ​ទិន្នន័យ​សំខាន់​ៗ ដើម្បី​អនុវត្ត ក្នុង​ដំណាក់​កាលនានាពេល​អនា​គត​។

ដំណាក់​កាល​​អភិវឌ្ឍ​ Mini Phase 1A នេះ រួមមាន ​ផ្លាត​ហ្វមខ្នាតតូច និង អណ្តូង​ប្រេង​អភិវឌ្ឍដំបូង​ចំនួន​៥ ដែល​នឹងត្រូវ​បាន​ភ្ជាប់​ទៅ​កាន់នា​វា​ផលិត​កម្ម Ingenium II សម្រាប់​ដំណើរ​ការ​ប្រព្រឹត្តិកម្ម​ប្រេង ឧស្ម័ន និង​ទឹក​។ ដំណាក់​កាល​​អភិវឌ្ឍ​ Mini Phase 1A ត្រូវ​បាន​រំពឹង​ទុក​ថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧.៥០០ បា​រ៉ែលក្នុង​១​ថ្ងៃ​។

Photo_2020 08 26_15 37 20 (2)

Photo_2020 08 26_15 37 20

Photo_2020 08 26_15 37 21

Knongsrok

ទំនាក់ទំនងព័ត៌មាន៖

លោកស្រី Tanya Pang

ប្រធានទំនាក់ទំនងវិនិយោគិន និងទំនាក់ទំនងសាជីវកម្ម

ទូរស័ព្ទ៖ +៦៥ ៦៨៣៨ ៥៤៣០

អ៊ីមែល៖ tanya.pang[at]krisenergy.com

អំពីក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy)

ក្រុមហ៊ុន​ គ្រីសអេនើជី អិលធីឌី គឺជា​ក្រុមហ៊ុន​រុករកប្រេងកាត និងឧស្ម័នឯករាជ្យ​មួយ ដែលផ្តោតសំខាន់លើការ​រុករក ​ អភិវឌ្ឍ ​និង​ផលិត​ប្រេងកាត​ និង​ឧស្ម័ន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ក្រុមហ៊ុនមានភាគហ៊ុន ក្នុងតំបន់​ផលិតកម្ម​ប្រេងកាត និង/ឬ ឧស្ម័ន​​ចំនួន​ពីរ ដោយក្នុងនោះមួយតំបន់មានទីតាំងនៅ​ក្នុងឈូង​សមុទ្រថៃ និង​មួយ​ទៀតស្ថិត​នៅ​ក្នុងដែនគោកនៃ​ប្រទេស​បង់ក្លាដេស។ ក្រុម​ហ៊ុន​ក៏មានភាគហ៊ុន​នៅ​ក្នុង​ប្លុក​ចំនួន ៩ ផ្សេងទៀត ដែលកំពុងស្ថិតក្នុង​ដំណាក់​កាល​អភិវឌ្ឍ វាយ​តម្លៃ និង​រុក​រក​ផ្សេងៗគ្នា នៅក្នុង​ប្រទេស​បង់ក្លាដេស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាមផងដែរ។ ក្រុមហ៊ុន​គ្រីសអេនើជីជា​ប្រតិបត្តិករ​​ក្នុង​តំបន់កិច្ច​សន្យា​ចំនួន៨។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ​www.krisenergy.com