ហាងកាហ្វេ មួយបាននឹងកំពុងតែល្បីល្បាញជាខ្លាំងនៅក្នុងបណ្តាញសង្គម ជាពិសេសនៅក្នុងប្រទេសថៃ ដោយសារតែហាងកាហ្វេមួយនេះ បានយកយន្តហោះចាស់មួយគ្រឿងច្នៃជាហាងកាហ្វេ ដោយចតលើកណ្តាលព្រៃភ្នំ ប្រកបដោយបរិយកាសស្រស់ស្រាយនៅជុំវិញ មានឈ្មោះថា « Coffee War ឫ កាហ្វេសង្គ្រាម » ។
« Coffee War ឫ កាហ្វេសង្គ្រាម » ជាហាងកាហ្វេ ដែលយកតួយន្តហោះចាស់មួយគ្រឿង Airbus 330 មកកែច្នៃ តុបតែងបន្ថែម ដោយចំណាយលុយអស់ប្រមាណជា ១០លានបាត ឬប្រមាណជា ៣២ ម៉ឺនដុល្លារ អាចផ្ទុកមនុស្សប្រមាណជាង ៣០០ រួមទាំងបុគ្គលិក និងភ្ញៀវ ដោយបម្រើអាហារសម្រន់ និងភេសជ្ជៈនៅលើកៅអីយន្តហោះ មើលទៅប្លែកភ្នែកប្លែកអារម្មណ៍ខ្លាំងមែនទែន ។ បន្ថែមពីការបម្រើកាហ្វេ និងភេសជ្ជៈជាច្រើនមុខ ហាងកាហ្វេនេះ ក៏មានចំណតឡានក្រុង សេវាកម្មឡើងភ្នំ និងលក់ឧបករណ៍សម្រាប់បោះតង់ទៀតផង។ ហើយដោយសារតែភាពប្លែកថ្មីនៃការកែច្នៃហាងកាហ្វេពីយន្តហោះបែបនេះះហើយ ហាងកាហ្វេនេះទទួលបានការគាំទ្រ និងមានភាពល្បីល្បាញខ្លាំងមែនទែន ដោយមានអតិថិជនភ្លូកទឹកភ្លូកដី នាំគ្នាទៅកាន់ហាងកាហ្វេមួយនេះ និងធ្វើដំណើរកម្សាន្តបែបធម្មជាតិផងដែរ។
គួរឱ្យដឹងផងដែរថាហាង « Coffee War ឫ កាហ្វេសង្គ្រាម » ដ៏ពេញនិយមមួយនេះ មានទីតាំងស្ថិតក្នុងខេត្ត ជុនបុរី ក្នុងប្រទេសថៃ ។ តែយ៉ាងណាសូមមេត្តារង់ចាំមួយរយៈសិនណា ព្រោះដោយសារតែវិបត្តិវីរុស Covid-19 រដ្ឋាភិបាលថៃ បានសម្រេចឱ្យហាងកាហ្វេនេះបិទដំណើរមួយរយៈសិន ដើម្បីការពារការឆ្លងរាលដាលនៃវីរុសនេះផង និងដើម្បីរក្សាគម្លាតគ្នាផងដែរ តែនឹងបើកដំណើរការវិញឆាប់ៗនេះហើយ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Papainoina พาไปหน่อยนะ/ Fangz W