សុភមង្គលពិត កើតចេញពីក្ដីស្រឡាញ់មួយដ៏ពិតប្រាក មិនសំខាន់ទេថា មនុស្សនៅជុំវិញយើងសម្បូរបែបប៉ុនណា មិនសំខាន់ទេថា ពួកគេនិយាយអ្វីពីយើង ក៏រឹតតែមិនសំខាន់ឡើយថា មានមនុស្សប៉ុន្មាននាក់ស្រឡាញ់យើង ចង់ចូលមកក្នុងជីវិតយើង ហើយពួកគេទាំងនោះ មានទ្រព្យហូរហៀរ ឬស្រស់ស្អាត ជាងមនុស្សដែលយើងស្រឡាញ់យ៉ាងណាក៏ដោយ ក៏គ្រប់យ៉ាងទាំងនោះ នៅតែមិនមានតម្លៃសម្រាប់យើង ព្រោះចិត្តយើង បានដាក់ចំពោះតែមនុស្សតែម្នាក់ ក្ដីស្រឡាញ់របស់យើង មានសម្រាប់មនុស្សម្នាក់រួចហើយ គឺយើងច្បាស់លាស់ ប្រាកដប្រជា និងស្មោះត្រង់ចំពោះមនុស្សដែលយើងស្រឡាញ់ មិនប្រែប្រួល។
នៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា ហើយចេះស្កប់ស្កល់ចំពោះពាក្យថា ចំណង់តណ្ហា នោះមានន័យថា អ្នកអាចបង្កើតគ្រួសារមួយដែលមានភាពកក់ក្ដៅ និងសុភមង្គលពិតប្រាកដហើយ ព្រោះតែភាពចេះស្កប់ស្កល់ ជាដើមចម្បង ដែលធ្វើឱ្យអ្នកលែងខ្វល់ពីអ្នកទីបី ដែលចង់ចូលមកបំបែកបំបាក់ស្នេហារបស់អ្នក។ ជាពិសេសនោះគឺ ភាពស្កប់ស្កល់របស់អ្នកដែលជាស្វាមី លែងមើលស្រីផ្សេង លែងមានអារម្មណ៍ចង់ទាក់ទង ឬពាក់ព័ន្ធជាមួយនឹងស្រីដទៃ នោះជាសេចក្ដីសុខ និងសុភមង្គលមិនអាចកាត់ថ្លៃបាន។
ចង់ឱ្យគ្រួសារមួយមានភាពកក់ក្ដៅ ចង់ឱ្យជីវិតប្ដីប្រពន្ធអាចរស់នៅជាមួយគ្នាបានយូរអង្វែងមិនប្រេះឆា ទាំងប្ដី ទាំងប្រពន្ធ កុំមានចិត្តសាវា កុំរារែក ជាពិសេស កុំចេះតែបណ្ដែតបណ្ដោយឱ្យអ្នកផ្សេងចូលមកបំបែកបំបាក់គ្រួសារអ្នក។ ត្រូវចាំថា ការដែលអ្នកចេះតែចែកចិត្តឱ្យទៅអ្នកនេះ ឬអ្នកនោះ ចេះតែបណ្ដោយឱ្យគេឆ្លៀតឱកាសជ្រែកចូលក្នុងជីវិតគ្រួសារអ្នក នោះហើយ ជាហេតុនាំឱ្យជីវិតគ្រួសារបែកបាក់យ៉ាងឆាប់រហ័ស៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ