លោក Scott Neeson ធ្លាប់ជាអតីតតារាហូលីវូដ អ្នកដឹកនាំរឿង និងនាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូត ដូចជាផលិតកម្ម 20th Century Fox International និង Sony Pictures Entertainment ជាដើម តែក្រោយមកលោកក៏បានបោះបង់តំណែង ប្រាក់ខែខ្ទង់លានដុល្លារ ហើយលោកបានលក់ផ្ទះ កប៉ាល់ផ្ទាល់ខ្លួន និងរថយន្តរបស់លោក ដើម្បីមកកម្ពុជាបើក អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថា CFF នៅក្នុងឆ្នាំ ២០០៤ ក្នុងគោលបំណងជួយកុមារក្រីក្រនៅកម្ពុជា ជាពិសេសកុមារកម្ពុជានៅលើគំនរសំរាមស្ទឹងមានជ័យ។
# ជីវប្រវត្តិ
លោក Scott Neeson កើតនៅទីក្រុង Edinburgh ប្រទេសស្កុតឡែន តែនៅពេលដែលលោកមានអាយុ៥ឆ្នាំ លោកនិងក្រុមគ្រួសារបានផ្លាស់ទៅរស់នៅប្រទេសអូស្រ្តាលី ។ ទោះមិនបានរៀបចប់ថ្នាក់វិទ្យាល័យ តែលោក Scott បានចូលធ្វើការក្នុងក្រុមហ៊ុនឧស្សាហកម្មមួយស្ថិតនៅភាគខាងត្បូងប្រទេសអូស្ត្រាលី ដែលផ្ដោតទៅលើវិស័យភាពយន្ត។ ក្រោយមកលោកក៏បានឡើងតំណែងជាបន្តបន្ទាប់ រហូតបានក្លាយទៅជានាយកគ្រប់គ្រងការចែកចាយភាពយន្តរបស់ក្រុមហ៊ុនភាពយន្ត 20th Century Fox នៅប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ១៩៨៦ហើយនៅឆ្នាំ១៩៩៣ លោកក៏បានផ្លាស់មករស់នៅទីក្រុងឡូអែនជឺលេសសហរដ្ឋអាមេរិក។
បន្ទាប់មកនៅឆ្នាំ២០០០ លោកក៏បានក្លាយជានាយករបស់ក្រុមហ៊ុនភាពយន្ត 20th Century Fox International ដោយមានតួនាទីជាអ្នកដឹកនាំ និងផលិតរឿងល្បីៗជាច្រើនដូចជា Titanic , Braveheart , Independence Day , X-Men និង Star Wars រួមទាំងខ្សែភាពយន្តល្បីៗជាង១០០រឿងផ្សេងទៀត។នៅក្នុងឆ្នាំ២០០៣ លោក Scott បានលាឈប់ពីក្រុមហ៊ុនភាពយន្ត 20th Century Fox International ដោយចូលបម្រើការនៅក្នុងក្រុមហ៊ុនភាពយន្ត Sony Picture Entertainment ដោយមុននឹងចូលបម្រើការក្រុមហ៊ុនថ្មីនេះ លោក Scott បានចំណាយពេលវិស្សមកាលក្នុង តំបន់អាស៊ីដោយមានប្រទេសកម្ពុជាយើងផងដែរ។
# មូលហេតុនៃការលាឈប់ពីការងារជួយដល់កម្ពុជា
នៅក្នុងអំឡុងពេលវិស្សមកាលរបស់លោក Scott ក្នុងឆ្នាំ ២០០៣ លោកបានមកលេងប្រទេសកម្ពុជា ក្រៅពីបានដើរទស្សនាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ អ្វីដែលលោកចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការរស់នៅរបស់កុមារកម្ពុជានៅលើគំនរសំរាមនៅស្ទឹងមានជ័យ។ ពេលនោះ ជាពេលដំបូងដែលលោកបានមកដល់តំបន់ចាក់សម្រាមស្ទឹងមានជ័យ ដែលពោរពេញដោយសម្រាម និងជាតិពុល ដែលតំបន់នោះគេហៅថាទីក្រុងសម្រាម ដោយលោកបានឃើញផ្ទះជាច្រើនសាងសង់នៅលើគំនរសម្រាម និងមានកុមារក្រីក្រជាច្រើនកំពុងរើសសម្រាម ភាគច្រើនជាកុមារកំព្រា បានរស់នៅលើគំនរសម្រាប់ដ៏កខ្វក់ទាំងនោះ ដោយមិនបានសិក្សារៀនសូត្រ និងមានការហូបចុកគ្រប់គ្រាន់ឡើយ ជាពិសេសពួកគេរស់នៅដោយសារការរើសអេតចាយ។
ហាក់ដក់ជាប់នឹងស្ថានភាពរស់នៅរបស់កុមារក្រីក្រនៅស្ទឹងមានជ័យ មិនអាចបំភ្លេចបានពីក្រអៅបេះដូង ក្រោយពីលោកបានវិលត្រលប់ទៅធ្វើការក្នុងក្រុមហ៊ុន Sony Picture មិនដល់មួយឆ្នាំផង លោក Scott ក៏បានដាក់ពាក្យលាឈប់ពីការងាររបស់ខ្លួននៅឆ្នាំ២០០៤ ហើយបានលក់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដើម្បីមកបើកអង្គការមួយនៅកម្ពុជាមានឈ្មោះថា អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថា CFF ។
# ជីវិត និងការងារនៅកម្ពុជា
ក្រោយពីសម្រេចចិត្តចាកចោលការងារ និងកេរ្តិ៍ឈ្មោះល្បី លោក Scott បានប្រើជីវិតរស់នៅសាមញ្ញា នៅប្រទេសកម្ពុជា និងធ្វើការងារសប្បុរសធម៌ជាច្រើននៅក្នុងអង្គការរបស់លោកផ្ទាល់ ជាពិសេសគឺជួយដល់កុមារទីទាល់ ឱ្យបានសិក្សារៀនសូត្រ មានចំណេះដឹង ពោលគឺលោកជួយ និងស្រលាញ់កម្ពុជាអស់ពីបេះដូង ដោយលោកបាននិយាយដោយផ្ទាល់ផងដែរថា « លោកចាត់ទុកប្រទេសកម្ពុជាដូចជាផ្ទះរបស់លោក »។
អង្កការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) របស់លោក ត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឱ្យមានឱកាសបានទទួលការអប់រំរៀនសូត្រដូចក្មេងដទៃទៀត ដោយអង្គការមួយនេះ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនរកប្រាក់កំរៃ និង មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ដោយមានបេសកកម្មដ៏ធំមួយ គឺចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជួយកាត់បន្ថយភាពក្រីក្រតាមរយៈកម្មវិធីធំៗចំនួន ៦ គឺ៖ កម្មវិធីអប់រំ កម្មវិធីភាពជាអ្នកដឹកនាំ កម្មវិធីថែទាំសុខភាព កម្មវិធីទំនាក់ទំនងសហគមន៍ កម្មវិធីថែទាំកុមារ និង កម្មវិធីបណ្តុះបណ្ដាលវិជ្ជាជីវៈ។
# កិច្ចការងារ និងពានរង្វាន់
-តាមរយៈការងារមនុស្សធម៌កន្លងមករបស់លោក នៅឆ្នាំ២០០៧ លោក Scott ទទួលបានពានរង្វាន់ Q Prize ដោយការទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់លោកក្នុងការគាំទ្រ និង ឧបត្ថម្ភដល់កុមារ។
-ហើយនៅឆ្នាំ ២០០៧ ដដែលនោះ លោក Scott ទទួលបានពានរង្វាន់ Rex Foundation Bill Graham ក្នុងការផ្ដល់ទីកន្លែងស្នាក់នៅ ការសិក្សា និងការចិញ្ចឹមបីបាច់ដល់កុមារនៅកម្ពុជា។
-ឆ្នាំ២០១៣ លោក Scott បានទទួលពានរង្វាន់ប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី។-ឆ្នាំ២០១៤ Scott ទទួលបានពានរង្វាន់មនុស្សធម៌ Rotary International’s The One ។
គួរឱ្យដឹងផងដែរថា រហូតដល់ពេលនេះលោក Scott Neeson បានទទួលសញ្ជាតិខ្មែរជាប្រជាជនកម្ពុជាស្របច្បាប់ ដោយទទួលបានការប្រោសប្រទានពី ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច នរោត្តម សីហមុនី បន្ទាប់ពីលោកបានខិតខំជួយកុមារ នៅតំបន់ចាក់សំរាមស្ទឹងមានជ័យអស់ជាច្រើនឆ្នាំមក៕