ទំនប់មួយ ត្រូវបានគេដឹងថាមានទេសភាពស្រស់ស្អាតជាខ្លាំង នូវផ្ទៃទឺកដ៏ធំល្វឹងល្វើយនារដូវវស្សា ដែលអាចមកងូតកម្សាន្តលេង ឬបោះតង់គេងបានជាមួយនឹងបរិយកាសស្រស់ស្រាយខ្លាំង នោះគឺ ទំនប់ «ខ្ពបត្របែក » ។
ទំនប់ មួយនេះតែងតែមានក្មេងៗមកងូតទឹកលេងកម្សាន្តលេង ជាមួយសម្លេងសើចសប្បាយ លាយឡំនឹងសម្លេងខ្យល់ និងសត្វយំ ធ្វើឱ្យបរិយាកាសកាន់តែមានភាពស្រស់បំព្រង ជាពិសេសក៏មានភ្ញៀវទេសចរណ៍មកកម្សាន្តលេង ទស្សនាវាលស្រែ មើលជីវភាពអ្នកស្រែ អ្នកនេសាទ អាចងូតទឹកទំនប់ បោះតង់ និងញាំអាហារជួបជុំគ្រួសារបែបពិចនិចទៀតផង។
យ៉ាងណាមិញដោយសារតែទីតាំងនេះ ជាទីតាំងបែបធម្មជាតិ ប្រសិនជាអ្នកមកកម្សាន្តបោះតង់ឬចង់មកទទួលទានអាហារក្រោមដើមឈើ អ្នកអាចវេចខ្ចប់អាហារមកពីផ្ទះជាស្រេចមកទទួលទាន ពិសេសកុំភ្លេចមានការទទួលខុសត្រូវចំពោះអនាម័យបរិស្ថាន បន្ទាប់ពីការកម្សាន្តរួចផង។
គួរឱ្យដឹងផងដែរថា ទំនប់ « ខ្ពបត្របែក » មានទីតាំងស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៤១ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ខាងកើតផ្លូវបែកជាបួនត្រង់ចំណុចផ្សារត្រពាំងអណ្ដើក បត់ឆ្វេងប្រមាណ ១គីឡូម៉ែត្រ នោះលោកអ្នកនឹងបានឃើញផ្ទៃទឺកដ៏ធំល្វឹងល្វើយនារដូវវស្សានៃ ទំនប់នេះ ៕
កែសម្រួលអត្ថបទ និងប្រភពរូបភាពពី៖ Scenery Heritages - មរតកទេសភាព