#ចង់ជោគជ័យយូរអង្វែង_កុំជិះទូកពីរក្នុងពេលតែមួយ(ប្រសាសន៍លោកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី)

ការបង្កើតអាជីវកម្មមួយឱ្យមានដំណើរការល្អ មិនមែនជារឿងងាយស្រួលនោះទេ ហើយអ្វីដែលកាន់តែពិបាកជាងនេះទៅទៀតនោះ គឺការរក្សានិរន្តរភាពក្រុមហ៊ុនឱ្យជោគជ័យយូរអង្វែង។ ហេតុនេះហើយទើបអាជីវកម្មមួយចំនួនជោគជ័យរយៈពេលខ្លី ខ្លះជោគជ័យក្នុង​រយៈ​ពេលវែង ចំណែកអាជីវកម្មខ្លះទៀតក៏ដួលរលំទៅវិញភ្លាមៗបន្ទាប់​ពីបើកដំណើរការមិនបាន២ទៅ៣ខែស្រួលបួលផងក៏មាន។

តាមបទពិសោធដែលខ្ញុំធ្លាប់ជួបកន្លងមក បរាជ័យភាគច្រើនតែងកើតចេញពីសហគ្រិនខ្លួនមួយជិះទូកពីរក្នុងពេលតែមួយ។ សហគ្រិនមួយចំនួនចាប់ផ្ដើមធ្វើអាជីវកម្មមួយមិនទាន់ទាំងរឹងមាំ ធំធាត់ស្រួលបួលផង ស្រាប់តែទៅបង្កើតអាជីវកម្មផ្សេងថ្មីមួយទៀត ខណៈពួកគេគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ ហើយគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើមុខជំនួញទាំងនោះ ជាហេតុធ្វើឱ្យអាជីវកម្មពួកគេគ្មានការរីកចម្រើនទៅមុខឬមិនអាច​ឈានទៅរកជោគជ័យបាន។

អ៊ីចឹងសូមយល់ថា ការប្រកបរបររកស៊ីអ្វីក៏ដោយ នៅពេលចាប់ផ្ដើមដំណើរការដំបូង យើងត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត គឺធ្វើយ៉ាងណាឱ្យអាជីវកម្មនោះដំណើរការល្អប្រសើរសិន ចៀសវាង​លោភបង្កើតមុខរបរ២ឬ៣ក្នុងពេលតែមួយ។ រួចនៅពេលអាជីវកម្មដំណើរការល្អ មានគ្រឹះរឹងមាំ មានស្ថិរភាព ហើយអាចដំណើរការបានដោយគ្មានយើងជាអ្នកគ្រប់គ្រង ចាំយើងបង្កើតមុខជំនួញថ្មីមួយទៀត ដែលមានលក្ខណៈលម្អអាជីវកម្មមុន ដើម្បីឱ្យអាជីវកម្មរបស់យើងកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ ឧទាហរណ៍ថាយើងបើកក្រុមហ៊ុនសាងសង់មួយកន្លែង។ នៅពេលក្រុមហ៊ុនយើងរីកចម្រើនខ្លាំង និងមានតម្រូវការទីផ្សារកាន់តែច្រើន យើងអាចបង្កើតក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដែក ឬសម្ភារៈផ្សេងៗសម្រាប់ផ្គត់ផ្គង់​ក្រុមហ៊ុនសំណង់មេ នោះនឹងធ្វើឱ្យអាជីវកម្មយើងកាន់តែរីកចម្រើន បន្ទាប់មកចាំយើងបង្កើតអាជីវកម្មថ្មីមួយបន្ថែមទៀត។

ប៉ុន្តែតាមការមើលឃើញរបស់ខ្ញុំ បច្ចុប្បន្នមានអ្នករកស៊ីមួយចំនួនតែងតែយល់ច្រឡំ ដោយពួកគាត់ឃើញគេរកស៊ីច្រើនមុខជំនួញជោគជ័យ ពួកគាត់ក៏ខំប្រឹងធ្វើដូចគេដែរ។ នៅពេលពួកគាត់បើកអាជីវកម្ម​២ឬ៣ក្នុងពេលតែមួយដូចគេ ស្របពេលក្រុមហ៊ុនរបស់ខ្លួនត្រូវការដើមទុនវិនិយោគបន្ថែម តែបែរជាគ្មានទុនវិនិយោគ ពេលនោះហើយ​ដែលក្រុមហ៊ុនពួកគាត់ត្រូវក្ស័យទុនតែម្ដង។

98301565_2938378166259302_1248619264361889792_o

ដូច្នេះដើម្បីឱ្យជំនួញរបស់យើងជោគជ័យបានរយៈពេលយូរអង្វែងយើងមិនត្រូវបង្កើតមុខជំនួញ២ឬ៣បន្ថែម ខណៈជំនួញចាស់មិនទាន់ដំណើរការបានល្អប្រសើរនោះទេ។ ផ្ទុយទៅវិញ ត្រូវបុកគ្រឹះជំនួញចាស់របស់យើងឱ្យរឹងមាំល្អ និងឱ្យដំណើរការបានល្អជាមុនសិន ចាំយើងបង្កើតជំនួញថ្មីបន្ថែម៕

#សម្រង់ប្រសាសន៍លោកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP

ប្រភពទាំងស្រុងពី៖ MJQ University Press