ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ - ក្រុមហ៊ុន Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយបំផុត របស់ខ្លួនស្តីពីការពង្រឹងស្តង់ដារសុវត្ថិភាពសហគមន៍កាលពីថ្ងៃអង្គារ ដោយរៀបរាប់លម្អិតអំពីមធ្យោបាយ ដែលក្រុមហ៊ុនកំពុងប្រើប្រាស់ដើម្បីតាមដាននិងដោះស្រាយបញ្ហាមាតិកាដែលបានផ្សព្វផ្សាយមិនស្របតាមគោលការណ៍ស្តង់ដារសុវត្ថិភាពសហគមន៍របស់ក្រុមហ៊ុន នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook និង Instagram។
របាយការណ៍ស្តីពីការពង្រឹងសុវត្ថិភាពស្តង់ដារសហគមន៍លើកទី៥នេះ មានរៀបរាប់អំពីវិធានការណ៍ ដែលក្រុមហ៊ុន Facebook បានប្រើដើម្បីពង្រឹងការអនុវត្តគោលការណ៍របស់ខ្លួន ពីចន្លោះខែតុលា ឆ្នាំ ២០១៩ ដល់ ខែមីនា ឆ្នាំ ២០២០ (ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០១៩ ដល់ត្រីមាសទី ១ ឆ្នាំ ២០២០) ប៉ុន្តែ របាយការណ៍នេះមិនបានបញ្ចូលទិន្នន័យនាអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ (COVID-១៩)ទេ។
Facebook បានឲ្យដឹងថាក្រុមហ៊ុនបានរកឃើញសារបង្ហោះដែលប្រើប្រាស់ភាសាស្អប់ខ្ពើម ជិត៩០ភាគរយ ហើយក្រុមហ៊ុនបានលុបវាចេញ មុខពេលដែលមានគេរាយការណ៍ទៅទៀត ហើយតួលេខនេះ បានកើនឡើង ២៤ ភាគរយ បើធៀបនឹងតួលេខក្នុងរបាយការណ៍ដំបូងរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៨ ។
នៅលើបណ្តាញសង្គម Instagram ក្រុមហ៊ុន Facebook បានឲ្យដឹងថា ទោះបីមិនមានការរាយការណ៍ពីអ្នកប្រើប្រាស់ ក្រុមហ៊ុនបានរកឃើញច្រើនជាងមុនចំនួន៨៩,៧ភាគរយ នូវការបង្ហោះដែលពាក់ព័ន្ធនឹងការសម្លាប់ខ្លួន និងការបង្ករបួសស្នាមលើខ្លួនរបស់អ្នកបង្ហោះ ក្នុងត្រីមាសទី ១ ពោលគឺល្អប្រសើរជាងមុនដល់ទៅ ១២ ពិន្ទុ បើគិតចាប់ពីរបាយការណ៍មុនមក។ ជាលទ្ធផល ចំនួនមាតិកាដែលក្រុមហ៊ុន Facebook បានចេញវិធានការ បានកើនឡើង ៤០%។
គោលការណ៍ត្រួតពិនិត្យមាតិកាផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook រួមមាន ការរើសអើងនិងស្អប់ខ្ពើម រូបភាពអាក្រាតមនុស្សពេញវ័យនិងសកម្មភាពផ្លូវភេទ មាតិកានិងរូបភាពហឹង្សា ព្រមទាំងការសម្លុតនិងការយាយីសម្រាប់ Instagram ក៏ដូចជា ទិន្នន័យអំពីបណ្តឹងតវ៉ានិងការសម្រេចចិត្តដែលយើងបដិសេធ។
ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុន Facebook បានលុបចោលការបង្ហោះមាតិកាផ្សព្វផ្សាយចំនួន ៤,៧ លាន មាតិកា នៅតាមបណ្ដាញសង្គម Facebook ដែលទាក់ទងនិងការប្រើប្រាសភាសារើសអើងនិងស្អប់ខ្ពើម ពោលគឺកើនឡើងចំនួន ៣ លានមាតិកា បើប្រៀបធៀបទៅនឹងត្រីមាសមុន។
លើសពីនេះទៀត ដោយមិនមានអ្នករាយការណ៍ពីអ្នកប្រើប្រាស់ជាមុន ក្រុមហ៊ុនក៏បានរកឃើញច្រើនជាងមុននូវការប្រើប្រាស់ភាសារើសអើងនិងស្អប់ខ្ពើមដែលមានលក្ខណៈគ្រោងទុកជាមុន ព្រមទាំងរកឃើញនិងដកចេញច្រើនជាងមុននូវមាតិកាមិនសមរម្យ មុនពេលដែលមានគេរាយការណ៍មកក្រុមហ៊ុន Facebook ពោលគឺកើនឡើងពីចំនួន ៨៩,៦ ភាគរយក្នុងត្រីមាសទី ៤ ក្នុងឆ្នាំ២០១៩ មកត្រឹមចំនួន ៩៦,៧ ភាគរយក្នុងត្រីមាសទី ១ ក្នុងឆ្នាំ២០២០។
ក្រុមហ៊ុន Facebook ក៏បានធ្វើបច្ចុប្បន្នភាពលទ្ធផល នៃយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិតទាក់ទងនិង វីរុសកូវីដ ១៩ (Covid-19) របស់ខ្លួន ដោយក្រុមហ៊ុនបានឲ្យដឹងថានៅក្នុងខែមេសា ក្រុមហ៊ុនបានដាក់សញ្ញា ព្រមានដល់ការបង្ហោះមាតិកាផ្សព្វផ្សាយមិនពិតទាក់ទងនិង វីរុសកូវីដ ១៩ ចំនួនប្រហែល ៥០លាន មាតិកា លើបណ្ដាញសង្គម Facebook ដោយផ្អែកលើអត្ថបទប្រហែល ៧ ៥០០ អត្ថបទ ដោយមានការត្រួតពិនិត្យពីដៃគូឯករាជ្យរបស់ខ្លួន។
ក្រុមហ៊ុន Facebook និយាយថា ៩៥ ភាគរយនៃអ្នកដែលបានឃើញមាតិកាព័ត៌មាន ដែលមានស្លាកព្រមាននេះ មិនបានចុចចូលមើលមាតិកានោះទេ។
ចាប់តាំងពីថ្ងៃទី ១ ខែមីនាមក ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោលមាតិកាទាំងឡាយដែលផ្សព្វផ្សាយលក់ ម៉ាស់ ទឹកលាងដៃសម្លាប់មេរោគ ក្រដាសជូតសម្លាប់មេរោគ និងឧបករណ៍ពិនិត្យវីរុសកូវីដ ១៩ ចំនួនជាង២លាន៥សែនមាតិកា។
ដើម្បីលុបមាតិកាទាំងនេះបាន ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាពិនិត្យមើលរបស់កុំព្យូទ័រ ដែលក្រុមហ៊ុនធ្លាប់បានប្រើកន្លងមកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរក និងដកចេញមាតិកាដែលទាក់ទងនឹងការលក់អាវុធនិងគ្រឿងញៀន។
ក្រុមហ៊ុន Facebook បានឲ្យដឹងថា ការដែលក្រុមហ៊ុនអាចត្រួតពិនិត្យនិងលុបចោលមាតិកាគ្រោះថ្នាក់ទាំងនេះបានល្អជាងមុននោះ គឺដោយសារតែបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនបានអភិវឌ្ឍកាន់តែប្រសើរជាងមុន។ ការអភិវឌ្ឍនោះ រួមមានសមត្ថភាពកាន់តែខ្ពស់លើផ្នែកយល់ច្បាស់ នូវអត្ថន័យរបស់ភាសាផ្សេងៗគ្នា និងសមត្ថភាព យល់ដឹងពីខ្លឹមសារទាំងមូលនៃមាតិកា ជាជាងការដែលគ្រាន់តែយល់ន័យរបស់រូបភាព ឬអត្ថបទ។