ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន Facebook និងអង្គការ PACT នៅថ្ងៃនេះបានចាប់ផ្តើមបើកវគ្គ បណ្តុះបណ្តាលដល់សិក្ខាកាម ដែលនឹងធ្វើជាគ្រូបង្រៀនក្នុងកម្មវិធី SheMeansBusiness ដែលជាកម្មវិធីថ្មីមួយដែលមានគោលបំណងបណ្តុះបណ្តាលដល់សហគ្រិនជាស្ត្រីកម្ពុជាចំនួន១៧០០នាក់ ខាងផ្នែកចំណេះដឹងទីផ្សារឌីជីថល រហូតដល់ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។
កម្មវិធី SheMeansBusiness ត្រូវបានចាប់ផ្តើមដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១៩ ដើម្បីជួយដល់ស្ត្រីជាសហគ្រិនទូទាំងប្រទេសកម្ពុជា ឲ្យអភិវឌ្ឍអាជីវកម្មរបស់ខ្លួន តាមរយៈការទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើននៅកម្ពុជា។ តាមរយៈការធ្វើសិក្ខាសាលាវគ្គបណ្តុះបណ្តាល និងការផ្តល់ប្រភពធនធាននានាតាមអនឡាញជាបន្តបន្ទាប់ កម្មវិធី SheMeansBusiness នឹងផ្តល់ឲ្យសហគ្រិនស្ត្រីនូវចំណេះដឹង បណ្ដាញទំនាក់ទំនង ជំនាញ និងបច្ចេកវិទ្យា ដែលត្រូវការជាចាំបាច់ដើម្បីបង្កើត និងពង្រីក អាជីវកម្មអនឡាញរបស់ពួកគេឲ្យកាន់តែរីកចម្រើន។
កម្មវិធីនឹងរៀបចំឡើងក្រោមភាពជាដៃគូជាមួយនឹងគម្រោងសហគ្រិនស្ត្រី (WE Act) របស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ដែលគ្រប់គ្រងដោយអង្គការ Pact។ គម្រោង We Act ជួយផ្ដល់ឲ្យសហគ្រិនជាស្ត្រីវ័យក្មេង នូវចំណេះដឹង ឧបករណ៍ និងធនធានផ្សេងៗដែលត្រូវការជាចាំបាច់ដើម្បីសម្រេចបានជោគជ័យក្នុងទីផ្សារ។
ក្រោមភាពជាដៃគូនេះក្រុមហ៊ុន Facebook និងអង្គការ Pact បានរៀបចំវគ្គបណ្តុះបណ្តាលតាមតំបន់ជាច្រើន ដើម្បីបំប៉ន បង្វឹក និងផ្តល់លិខិតបញ្ជាក់អំពីការបណ្ដុះបណ្ដាលដល់គ្រូបង្រៀនចំនួន១១នាក់ ក្នុងឆ្នាំនេះ ហើយអ្នកទាំងនោះនឹងបណ្តុះបណ្តាលសហគ្រិនស្ត្រីវ័យក្មេងចំនួន ១៧០០ នាក់ដែលគាំទ្រដោយកម្មវិធី WE Act ។ ដោយសារឥទ្ធិពលនៃវីរុសកូវីដ១៩ថ្មី(Covid-19)ការបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀននឹងត្រូវធ្វើឡើងតាម រយៈកម្មវិធីលើប្រព័ន្ធអ៊ីនធឺណិត ការបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនសម្រាប់ គ្រូបង្រៀនចំនួន៥ នាក់សិនក្នុងដំណាក់កាលទីមួយ។
លោកស្រី Sabine Joukes ប្រធានគម្រោង WE Act បានមានប្រសាសន៍ថា៖ «យើងពិតជារំភើបរីករាយណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនFacebook ដើម្បីនាំយកកម្មវិធី SheMeansBusiness មកកម្ពុជា។ ដោយមានការគាំទ្រពី USAID កម្មវិធីនេះនឹងជួយឲ្យស្ត្រីរៀនពីរបៀបចាប់ផ្តើម និងអភិវឌ្ឍអាជីកម្មរបស់ខ្លួន តាមរយៈការប្រើប្រាស់កម្មវិធីតាមអនឡាញដែលមានសក្តានុពលដ៏អស្ចារ្យ ជាពិសេសនៅពេលដែលសហគ្រិនប្រឈមនឹងបញ្ហាវីរុសកូវីដ-១៩ថ្មី។»
ភាពជាដៃគូរវាងក្រុមហ៊ុន Facebook និងអង្គការ Pact គឺជាភាពជាដៃគូដ៏ពិសេសមួយ ដោយបង្ហាញពីរបៀបដែលដៃគូអភិវឌ្ឍ និងវិស័យឯកជនអាចធ្វើការ ដើម្បីសម្រេចគោលដៅរួម ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
លោកស្រី Veena Reddy នាយិការបេសកកម្មរបស់ USAID បានកត់សម្គាល់ថា៖ «ការសហការរវាងវិស័យឯកជន (ក្រុមហ៊ុន Facebook) និងដៃគូអភិវឌ្ឍ (អង្គការ Pact) ដែលមានគោលដៅរួមគ្នាក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវអាជីវកម្មរបស់សហគ្រិនស្ត្រីនិងការចូលរួមពីប្រជាពលរដ្ឋ គឺជាការបោះជំហានប្រកបដោយភាពស្វាហាប់ក៏ដូចជាផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់សហគ្រិនជាស្ត្រីកម្ពុជា»។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺកើនក្នុងកម្រិត ៧ភាគរយ ជាប្រចាំឆ្នាំ ប៉ុន្តែការរីកចម្រើននេះ មិនមានភាពស្មើគ្នាឡើយ ជាហេតុនាំឲ្យស្ត្រី និងសក្ដានុពលសេដ្ឋកិច្ចរបស់ពួកគាត់ ដើរមិនទាន់កំណើនសេដ្ឋកិច្ចនេះ។ បើទោះបីជាមានម្ចាស់អាជីវកម្មជាស្រ្តីច្រើនជាង ៦០ភាគរយ ក៏ដោយ ក៏៩៩ភាគរយ នៃអាជីវកម្មទាំងនោះគឺជាសហគ្រាសខ្នាតតូច(មាននិយោជិតច្រើនបំផុតចំនួន១០នាក់)ដែលបង្ហាញថា កម្ពុជានៅមានសក្តានុពលសេដ្ឋកិច្ចដ៏ធំមួយ ដែលមិនទាន់ប្រើប្រាស់នៅឡើយ។ ភាពមិនស្មើគ្នានេះបង្ហាញឲ្យឃើញអំពីឱកាសធំមួយដើម្បីជួយដល់ការអភិវឌ្ឍរបស់ស្ត្រីទាំងអស់ ក្នុងនាមជាអ្នកចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ច។ ស្ត្រីជាទូទៅ មាននិន្នាការចែករំលែកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងក្រុមគ្រួសារនិងសហគមន៍ តាមរយៈមធ្យោបាយផ្សេងៗ ដែលជួយធ្វើឱ្យប្រសើរឡើងមិនត្រឹមតែជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏ជួយដល់វិស័យសុខាភិបាល និងអប់រំផងដែរ។
ការដែលប្រជាពលរដ្ឋត្រូវស្ថិតនៅឱ្យឆ្ងាយពីគ្នា ដោយសារតែវីរុសកូវីដ១៩(Covid-19) បានធ្វើឲ្យសហគ្រិន ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយឱ្យសហគ្រិនស្ត្រីជាច្រើន អាចធ្វើអាជីវកម្មរបស់ពួកគេ តាមអនឡាញវិញបាន ដោយជោគជ័យនៅពេលដែលពួកគេត្រូវការបំផុត។
លោក Ruici Tio អ្នកគ្រប់គ្រងលើគោលនយោបាយកម្មវិធីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្រុមហ៊ុន Facebook បានឲ្យដឹងថា៖ «នៅពេលដែលស្ត្រីមានការអភិវឌ្ឍ យើងទាំងអស់គ្នាក៏ទទួលបានអត្ថប្រយោជន៍ដែរ។ កម្មវិធី SheMeansBusiness មិនត្រឹមតែផ្ដល់សហគ្រិនស្រ្តីនូវ ចំណេះដឹងដែលមានប្រយោជន៍ និងឱកាសឲ្យស្គាល់អាជីវករដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងបង្កើនការយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃភាពជាសហគ្រិនរបស់ស្ត្រី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ ជាមួយនឹងការចាប់ដៃគូជាមួយនឹង អង្គការPact យើងក៏អាចបោះជំហានទៅមុខមួយជំហានទៀត ក្នុងការធ្វើឲ្យកម្ពុជា ក្លាយជាកន្លែងកាន់តែល្អប្រសើរសម្រាប់ឲ្យស្ត្រី បង្កើត និងគ្រប់គ្រងអាជីវកម្មមួយ»។
ក្រុមហ៊ុន Facebook បាននិងកំពុងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រដល់ស្ត្រីទាំងអស់ ដែលគ្រប់គ្រងអាជីវកម្មខ្នាតតូចនៅកម្ពុជា តាមរយៈការចែករំលែកទំព័រអាជីវកម្ម រូបភាព និងវីដេអូនានារបស់ស្ត្រីទាំងនោះ លើបណ្តាញសង្គម Facebook របស់ខ្លួន ដោយភ្ជាប់នឹងពាក្យថា #SheMeansBusiness។ ដើម្បីទទួលបានព័ត៌មាន និងការលើកទឹកចិត្តបន្ថែម សូមចូលទៅកាន់គេហទំព័រ www.shemeansbusiness.fb.com៕
អំពី USAID
ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy និងដើរតួនាទីជាភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកសម្រាប់ជំនួយបរទេស។ ចាប់តាំងពីឆ្នាំ១៩៩២មក USAID បានវិនិយោគក្នុងទឹកប្រាក់ច្រើនជាង១ពាន់លានដុល្លារអាមេរិក លើការអភិវឌ្ឍរបស់កម្ពុជា។
អំពីអង្គការ PACT
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ អង្គការ Pact ព្យាយាមចូលរួមកសាងពិភពលោកមួយដែលមនុស្សគ្រប់រូប មានសិទ្ធិស្មើគ្នា មានសមត្ថភាព និងភាពអស្ចារ្យដូចគ្នា។ Pact បានជួយដល់ប្រជាពលរដ្ឋជាច្រើនក្នុងប្រទេសកម្ពុជា បើគិតចាប់តាំងពីឆ្នាំ១៩៩១មក។ ដោយសហការជាមួយនឹងដៃគូជាច្រើន Pact ប្រតិបត្តិគម្រោងច្បាប់សហគ្រិនជាស្ត្រី (WE Act) ចាប់តាំងពីខែសីហា ឆ្នាំ២០១៨មក ដើម្បីជួយជំរុញឲ្យសហគ្រិនជាស្ត្រីវ័យក្មេង អាចប្រើប្រាស់សក្តានុពលរបស់ខ្លួនឱ្យបានពេញលេញក្នុងនាមជាសហគ្រិន ព្រមទាំងទទួលបានជោគជ័យផ្នែកអាជីវកម្មរបស់ពួកគេ ក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិ។
អំពីកម្មវិធី #SHEMEANSBUSINESS
កម្មវិធី SheMeansBusiness ដែលបានចាប់ដំណើរការក្នុងឆ្នាំ២០១៦ មានបំណងចូលរួមគាំទ្រ និងផ្តល់សិទ្ជិអំណាចឲ្យសហគ្រិនជាស្ត្រីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការធ្វើសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងផ្តល់ប្រភពធនធានតាមអនឡាញ ជាបន្តបន្ទាប់ កម្មវិធី SheMeansBusiness នឹងផ្តល់ឲ្យសហគ្រិនជាស្ត្រីនូវចំណេះដឹង បណ្ដាញទំនាក់ទំនង ជំនាញ និងបច្ចេកវិទ្យា ដែលគេត្រូវការជាចាំបាច់ដើម្បីកសាងនិងធ្វើឲ្យអាជីវកម្មអនឡាញរបស់ពួកគេកាន់តែរីកចម្រើន។ កម្មវិធីនេះ នឹងរៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងអ្នកដឹកនាំអាជីវកម្ម សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនទូទាំងតំបន់។
កំណត់សម្គាល់សម្រាប់ការីនិពន្ធ
សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងទៅកាន់៖
កញ្ញា Nguyen Quynh Trang៖ អ្នកចាត់ការទូទៅផ្នែកទំនាក់ទំនងរបស់ Facebook ប្រចាំកម្ពុជា និងវៀតណាម
អ៊ីម៉ែល៖ quynhtrang[at]fb.com