មិត្តល្អ! មិនប្រកាន់ក្រ ឬមាន នៅលីវ មានប្ដី ឬមេម៉ាយ ជិត ឬឆ្ងាយទេ សំខាន់នៅតែបន្តរាប់អានគ្នាស្មោះ មិនបោះបង់គ្នា

គេថា ឱ្យតែមានលុយ មិនខ្វះទេអ្នកស្គាល់ រាប់អានយើង តែត្រូវដឹងថា បើអ្នកមានលុយ អ្នកមានប្រយោជន៍ អ្នកក៏មិនអាចរកឃើញមិត្តល្អពិតប្រាកដបានដែរ ព្រោះតែលុយ ព្រោះតែផលប្រយោជន៍ទេ ទើបគេមកស្គាល់អ្នកនោះ។ ប៉ុន្តែ អ្នកនឹងមើលឃើញមិត្តល្អពិតប្រាកដ នៅពេលដែលអ្នកមានការ មានធុរៈ ឬកំពុងជួបទុក្ខលំបាក នឹងមានមិត្តប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមិនបោះបង់អ្នកចោល។

82859126_797921400633756_5125158794707337216_n

ដូចពាក្យចាស់តែងពោលថា " ពេលមានទុក្ខ ទើបដឹងចិត្តមិត្តល្អ ពេលធ្លាក់ខ្លួនក្រ ទើបដឹងចិត្តភរិយាស្មោះ " មិនខុសទេ មិត្តល្អពិតប្រាកដ មិនដែលរត់ចោលយើង ក្នុងគ្រាដែលយើងមានទុក្ខ​ជួបបញ្ហានោះឡើយ គេតែងតែនៅក្បែរ ទោះមិនបានជួយអ្វីច្រើន តែគេនៅតែជាកម្លាំងចិត្ត និងផ្ដល់គំនិត រកច្រកចេញឱ្យយើងជានិច្ច​។

82792533_473447446608250_7649669974918692864_n

ជាពិសេស គឺមិត្តដែលស្គាល់គ្នាតាំងពីក្មេងៗមក ក៏រឹតតែមិនងាយរកបានទៅទៀត គេហៅថា មិត្តជំនាន់៧៩នោះអី កម្រណាស់ ដែលមានមិត្តស្គាល់គ្នាតាំងពីក្មេងៗ ឬធ្លាប់រៀនជាមួយគ្នា នៅតែរាប់អានគ្នាជាក្រុមតែមួយ មិនថាបែកគ្នាទៅឆ្ងាយយ៉ាងណា ទោះឃ្លាតឆ្ងាយពីគ្នាច្រើនឆ្នាំយ៉ាងណា ទោះមានអ្នកឡើងក្លាយជាមន្ត្រី ឧកញ៉ា មហាសេដ្ឋី អ្នកមាន អ្នកជំនួញក៏ដោយ ទោះមានប្ដី មានប្រពន្ធ មានកូន ឬនៅលីវ ក្លាយជាមេម៉ាយ ពោះមេម៉ាយក៏ដោយ ក៏នៅតែរាប់អានគ្នាដោយស្មោះ ទៅមក ហៅរកគ្នា មានពេលជួបជុំគ្នាយូរៗម្ដង រឹតតែពិបាករកទៅទៀត មិត្តបែបនេះ។

82143432_2611089852301991_2434779529462415360_n

ដូចដែលដឹងហើយថា មនុស្សឥឡូវ ទាល់តែយើងមានទ្រព្យ មុខមាត់ ហំហាន ហ៊ឺហា ទើបគេមកស្គាល់ រាប់អានយើង តែបើយើងក្រ យើងគ្មានអ្វីសោះ ឬជីវិតគ្រួសារបែកបាក់ ឬគ្មានអ្នកណាយក គេរឹតតែមើលងាយ រើសអើងយើងទៅវិញ។ តែយ៉ាងណាក្ដី ប្រភេទមនុស្សបែបហ្នឹង សម្លឹងតែប្រយោជន៍ រាប់តែលុយកាក់ ទ្រព្យសម្បត្តិអ៊ីចឹង មិនបាច់ស្គាល់ រាប់អានគ្នា ក៏មិនអីដែរ គ្មានគេជាមិត្តយើងក៏មិនស្លាប់ យើងរាប់តែអ្នកណាល្អចិត្ត ថ្លាគំនិត និងគេចង់រាប់អានយើងដោយស្មោះទៅបានហើយ៕

82162336_1218498198355232_5980999494509002752_n

83141838_588017158655109_8811153647153971200_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ