អ្នកបើកបរ Grab សញ្ជាតិម៉ាឡេស៊ីមួយរូប បានបង្ហាញទឹកចិត្តដ៏គួរឲ្យគោរពដែលព្រមបើកលើផ្លូវចម្ងាយជាង ២០០ គីឡូម៉ែត្រយកកាបូបដែលភ្ញៀវភ្លេចត្រលប់មកឲ្យម្ចាស់ដើមគេវិញ។
តាមសារព័ត៌មាន ZaoBao បានឲ្យដឹងថាភ្ញៀវម្នាក់ដែលមានឈ្មោះ Carney Mak បានហៅសេវាកម្ម Grab ធ្វើដំណើរក្នុងទីក្រុង Johor Bahru កាលពីថ្ងៃទី ៤ មករាកន្លងទៅ ប៉ុន្តែចៃដន្យអីបុរសអ្នកជិះអាយុស្រករ ៣១ ឆ្នាំរូបនេះបានភ្លេចកាបូបលុយម៉ាក Prada របស់គេនៅលើរថយន្ត Grab ហើយរហូតមកដល់ពេលគិតលុយញាំអាហារពេល្ងាចទើបដឹងថាខ្លួនឯងបានបាត់កាបូបលុយ។
នៅលើផ្លូវត្រលប់មកសិង្ហបុរីវិញ Carney បានទាក់ទងទៅកាន់ក្រុមហ៊ុន Grab ផ្ទាល់ ថាខ្លួនបានភ្លេចកាបូបលុយនៅលើរថយន្ត Grab ប៉ុន្តែមិនបានប៉ុន្មាននាទីផង Sateesh ដែលជាអ្នកបើកបរ Grab (បុរសស្បែកខ្មៅក្នុងរូប) បែរជាទាក់ទងមកកាន់ម្ចាស់ដើមវិញ។
ក្នុងករណីនេះប្រសិនណាអ្នកបើកបរ Grab មានគំនិតខូចខិល ហើយបដិសេធថាមិនបានឃើញកាបូបលុយអ្វីនោះក៏ភ្ញៀវមិនដឹងជាទៅរករឿងបែបណាដែរ ព្រោះគ្មានភស្តុតាងអ្វីទាំងអស់។
លុះជជែកគ្នាចុះឡើងអ្នកបើកបរ Grab ឈ្មោះ Sateesh ក៏បានប្រាប់ដំណឹងមកកាន់ភ្ញៀវថាពិតជាបានឃើញកាបូបលុយនៅលើរថយន្តមែន ហើយសំណាងល្អដែលខ្លួនបានទទួលដឹកភ្ញៀវដទៃប៉ុន្តែភ្ញៀវផ្សេងនោះហាក់មិនអើពើលើកាបូបដែលភ្លេចមួយនោះទៀត។
លុះព្រមព្រៀងគ្នាចុះឡើង អ្នកបើកបរ Grab ក៏បានណាត់ឲ្យទៅចាំនៅស្ថានីយប្រេងនៅទីក្រុង Johor ដែលមានចម្ងាយជាង ២០០ គីឡូម៉ែត្រពីទីតាំងឈរជើង ដើម្បីប្រគល់កាបូប Prada ដែលបាត់ មានលុយប៉ុន្មានរយដុល្លារ និងកាតសម្គាល់ខ្លួនសំខាន់ៗមួយចំនួនឲ្យទៅម្ចាស់ដើមវិញ។ សាមីខ្លួនពិតជារីករាយរកអ្វីប្រៀបផ្ទឹមមិនបាន ហើយសរសើរនៅទឹកចិត្តរបស់បុរសស្បែកខ្មៅរូបនោះ និងបង្ហោះសារអរគុណពេញទំហឹងមួយលើបណ្តាញសង្គមទៀតផង៕
ប្រភព៖ Worldofbuzz