ហាងកាហ្វេ ជាទូទៅត្រូវបានគេរៀបចំសម្រិតសម្រាំងជាហាងតូចធំ មានម៉ាស៊ីនត្រជាក់ និងកន្លែងអង្គុយមានផាសុកភាព សម្រាប់អតិថិជនអង្គុយធ្វើការ ឬជួបជុំមិត្តភក្តិជាដើម តែសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងជាមួយបរិយាកាសធម្មជាតិពិតៗប្រហែលជាពិបាករកបន្តិចហើយនៅក្នុងទីក្រុងដែលអ៊ូអរបែបនេះ។
តែមិនបាច់បារម្ភទេ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងកាហ្វេមួយកន្លែងដែលស្ថិតនៅកណ្តាលក្រុង តែមានបរិយាកាសធម្មជាតិជុំវិញ ដើមឈើតូចធំ ថែមទាំងស្ងប់ស្ងាត់ល្អទៀត ដែលលោកអ្នកនឹកស្មានមិនដល់ នោះគឺហាងកាហ្វេ Antique Cafe ដែលមានទីតាំងនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំយើងតែម្តង។
ហាងកាហ្វេមួយនេះស្ថិតនៅកណ្តាលធម្មជាតិ ដែលមានតូបកាហ្វេតូចល្មម និងតុកាហ្វេ ៣ ទៅ ៤ តុ ដែលអាចឱ្យលោកអ្នកអង្គុយក្រេបកាហ្វេរសជាតិឈ្ងុយឆ្ងាញ់គ្រប់ប្រភេទ អាចអង្គុយអានសៀវភៅ ឬជជែកគ្នាតិចៗទៅតាមការគួរ ដោយសារតែទីនេះជាកន្លែងប្រវត្តិសាស្រ្ត និងសម្រាប់គោរពបូជា វាមិនមានសភាពអ៊ូអរខ្លាំងរំខានអ្នកដែលចូលចិត្តស្ងប់ស្ងាត់ជាមួយធម្មជាតិ និងបរិយកាសត្រជាក់ចិត្តមួយនេះឡើយ។
គួរឱ្យដឹងផងដែរថា Antique Cafe មានទីតាំង នៅរមណីយដ្ឋានវត្តភ្នំយើងនេះតែម្តង ដោយមានបើកបម្រើការចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាចតែប៉ុណ្ណោះ ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មាន ឬទីតាំងលម្អិតតាមរយៈលេខទូរស័ព្ទ 011 919 151 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក