បាត់ដំបង៖ មនុស្សស្ទើរតែពាសពេញពិភពលោកបានដឹងរួចមកហើយថា តារាសម្តែងស្រីលំដាប់ហូលីវូត អ្នកនាង អេនជីលីណាចូលី ស្រលាញ់ប្រទេសកម្ពុជាយើងខ្លាំងណាស់ តាមរយៈការងារសប្បុរសធម៌ជួយសង្គមខ្មែរជាច្រើន យកកូនខ្មែរទៅចិញ្ចឹម ថែមទាំងបានចូលសញ្ជាតិខ្មែរយើងទៀតផង។
ហេតុតែស្រលាញ់ប្រទេសកម្ពុជាបែបនេះ អ្នកនាង អេនជីលីណាចូលី ថែមទាំងមានដីជាច្រើនកន្លែងនៅក្នុងស្រុកខ្មែរយើងផងដែរ ដោយភាគច្រើនដីទាំងនោះជាកន្លែងដាច់ស្រយាលសម្បូរព្រៃឈើ ធនធានធម្មជាតិ ព្រោះតែការទិញដីរក្សាទុកនេះគឺស្ថិតនៅក្នុងចំណែកមួយជួយថែរក្សាព្រៃឈើខ្មែរផងដែរ។
តែកាន់តែភ្ញាក់ផ្អើល និងមិនសូវមានអ្នកដឹងនោះ ដីមួយកន្លែងរបស់អ្នកនាង អេនជីលីណាចូលី ដែលស្ថិតនៅក្នុងស្រុកសំឡូតចាស់ ខេត្តបាត់ដំបង ក្រៅពីមានធម្មជាតិព្រៃឈើខៀវស្រងាត់ នៅក្នុងនោះក៏មានទឹកជ្រោះដ៏ស្រស់ស្អាតលាក់បំពួនផងដែរ គ្រាន់តែឃើញក៏ស្រស់ស្រាយ។
តាមរយៈគណនីហ្វេសប៊ុក Piak Lim ដែលបានចុះទៅផ្តិតរូបភាព និងទៅលេងផ្ទាល់ បានសរសេររៀបរាប់ថា៖ « ទឺកធ្លាក់ អេនជេលីណាជូលី ~ សំឡូតចាស់ ngelina Jolie. Waterfall ~ Samlaut, Battambang ទឹកធ្លាក់នេះស្ថិតនៅក្នុងដី ដែលជាកម្មសិទ្ធិឯកជន ដែលមានពេលខ្លះ ក៏បានបើកអោយសាធារណះជនបានចូលលេងកំសាន្ត ផងដែរ ។ រូបដើមស្រស់ស្អាតតែអាចខុសបន្តិចពីខាងក្រៅ ព្រោះខ្ញុំបានថែមពណ៌បន្តិចបន្តួច»។
គួរឱ្យដឹងផងដែរថា ដោយសារតែទឹកជ្រោះនេះជាកម្មសិទ្ធឯកជនរបស់អ្នកនាង អេនជីលីណាចូលី ទឹកជ្រោះនេះមិនបានបើកការផ្សព្វផ្សាយឱ្យអ្នកទេសចរណ៍ចូលកម្សាន្តជាសាធារណៈផ្តេសផ្តាសនោះឡើយ តែតាមរយៈម្ចាស់គណនីដែលបានរៀបរាប់ ទឹកជ្រោះនេះក៏បានបើកឱ្យចូលសឹងតែរាល់ថ្ងៃគ្រាន់តែមិនសូវមានអ្នកស្គាល់តែប៉ុណ្ណោះ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Piak Lim