អ្នកណាៗ ក៏ប្រាថ្នាចង់បានមនុស្សដែលខ្លួនស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្លួន ជាមនុស្សតែម្នាក់ដែរ ប៉ុន្តែចំពោះពាក្យថា ស្នេហា មិនមែនសុទ្ធតែអាចបានសមតាមបំណងទាំងអស់នោះឡើយ។
អ្នកខ្លះ ស្រឡាញ់គេណាស់ ហួងហែងគេណាស់ តែម្នាក់នោះ មិនបានស្រឡាញ់គេវិញទេ ចំណែកមនុស្សដែលស្រឡាញ់គេ បែរជាមនុស្សដែលគេមិនស្រឡាញ់ទៅវិញ នេះហើយគេហៅថា ស្នេហាមិនសមបំណង។
ធ្លាប់ឆ្ងល់ថា ហេតុអ្វីក៏ទៅស្រឡាញ់មនុស្សដែលមិនស្រឡាញ់ខ្លួនឯង ហេតុអ្វីមិនស្រឡាញ់មនុស្សដែលស្រឡាញ់ខ្លួនឯងទៅ? គ្មានជម្រើសទេ នេះហើយស្នេហា គ្មានអ្នកណាចង់ឡើយ តែឱ្យធ្វើម៉េច បើចិត្តវាបែបហ្នឹង? ចុះបើសួរថា តើគួរជ្រើសយកមួយណា រវាងមនុស្សដែលស្រឡាញ់យើង និងមនុស្សដែលយើងស្រឡាញ់? បើគេជាមនុស្សតែម្នាក់ មិនពិបាករើសទេ តែនេះ ជាមនុស្សពីរនាក់ផ្សេងគ្នា តើឱ្យសម្រេចចិត្តបែបណា?
បើជ្រើសយកមនុស្សដែលយើងស្រឡាញ់ គឺយើងត្រូវទ្រាំរង់ចាំ ឱ្យគេមកស្រឡាញ់យើងវិញ តែវាមិនងាយទេ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីយកចិត្តគេបាន ពេលខ្លះ ទោះធ្វើគ្រប់យ៉ាង ក៏មិនប្រាកដថាគេស្រឡាញ់យើងវិញដែរ។ ប៉ុន្តែបើយើងជ្រើសយកអ្នកដែលគេស្រឡាញ់យើង គឺយើងត្រូវរង់ចាំ ឱ្យយើងនេះ ទៅស្រឡាញ់គេវិញ តែវារឹតតែពិបាក ដែលត្រូវបង្ខំចិត្តខ្លួនឯង ឱ្យទៅស្រឡាញ់មនុស្សដែលខ្លួនមិនបានស្រឡាញ់។
ពិតជាពិបាកសម្រេចចិត្តណាស់ តែបើសួរខ្ញុំ ខ្ញុំសុំឆ្លើយថា ខ្ញុំសុំនៅម្នាក់ឯងវិញ ព្រោះខ្ញុំមិនអាចធ្វើបាបចិត្តមនុស្សដែលស្រឡាញ់ខ្ញុំ ដោយឱ្យគេរង់ចាំខ្ញុំទៅស្រឡាញ់គេវិញនោះឡើយ ហើយខ្ញុំក៏មិនអាចបង្ខំខ្លួនឯងឱ្យទៅស្រឡាញ់គេ ទាំងដែលខ្ញុំគ្មានចិត្តឱ្យគេនោះដែរ ចុងក្រោយ ខ្ញុំអាចឱ្យខ្លួនឯង ឈឺចាប់ ឯកា ដោយសារមនុស្សដែលខ្ញុំស្រឡាញ់ ទោះគេមិនបានស្រឡាញ់ខ្ញុំក៏ដោយ តែខ្ញុំមិនអាចធ្វើឱ្យអ្នកផ្សេង ចូលមកលំបាក ឈឺចាប់ ជាមួយនឹងអារម្មណ៍របស់ខ្ញុំនោះទេ ខ្ញុំអាចទ្រាំនឹងការឈឺចាប់ ដោយសារនរណាម្នាក់បាន តែខ្ញុំមិនអាចទ្រាំមើលនរណាម្នាក់ ត្រូវមកឈឺចាប់ដោយសារខ្ញុំ ត្រូវមករង់ចាំខ្ញុំនោះឡើយ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ