នៅ​ពេល​​សង្រ្គាម​លោកលើកទី២​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅ

នៅ​ពេល​​សង្រ្គាម​លោកលើកទី២​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅហើយ នៅ​ក្នុង​តំបន់​អាស៊ី គឺ​សង្រ្គាម​រវាង​ជប៉ុន និង​ចិន ដែល​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​១៩៣៧។ មិនតែប៉ុណ្ណោះនៅឆ្នាំ១៩៣៣ ប្រទេសជប៉ុនបានដកខ្លួនចេញពីសង្គមប្រជាជាតិផងដែរ ដែលជាហេតុនាំអោយសង្គមប្រជាជាតិចុះខ្សោយឥទ្ធិពលយ៉ាងខ្លាំង។

នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ​ចាប់ផ្ទុះឡើ នាខែ​កញ្ញា ឆ្នាំ​១៩៣៩ ទឹកដីរបស់ប្រទេសចិនត្រូវបានទទួលរងគ្រោះស្រេច​ទៅហើយគឺទឹកដី​មួយផ្នែក​ធំ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ចិន​ត្រូវ​បាន​កងទ័ព​ជប៉ុន​ឈ្លានពាន​កាន់កាប់​រួច​ទៅហើយ។ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់ មួយចំណែក​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​​របស់​លោក ជៀង កាយចៀក និង​មួយ​ចំណែក​តូចទៀត​ស្ថិត​ក្រោម​​ការ​កាន់កាប់​របស់​ក្រុមកុម្មុយនិស្ត​​របស់ ​ម៉ៅ សេទុង

នៅ​ក្នុង​ឆ្នាំ​ដំបូងៗ នៃ​សង្រ្គាម​លោកលើកទី២ នៅ​​ពេល​ដែល​អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​សូវៀត នាំគ្នា​ឈ្លានពាន​ពង្រីក​ទឹកដី នៅ​​ក្នុង​តំបន់​អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក​វិញ គឺ​ជា​ដែន​ប្រមាញ់​របស់​ចក្រភព​ជប៉ុន ដែល​ស្ថិត​ក្នុង​បក្សសម្ព័ន្ធ​ត្រី​ភាគី​ អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន ហើយ​ដែល​បាន​ចុះ​សន្ធិសញ្ញា​រក្សា​អព្យាក្រឹត​ជាមួយ​សហភាព​សូវៀត។

នៅ​ខែ​កញ្ញា​ ឆ្នាំ​១៩៤០ នៅ​ក្រោយ​ពេល​ដែល​បារាំង​ត្រូវ​ទទួល​បរាជ័យ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់អាល្លឺម៉ង់ ហើយ​រដ្ឋាភិបាល​ថ្មី​របស់​បារាំង ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ Pétain ក៏​ត្រូវ​ក្លាយ​ជា​រដ្ឋាភិបាល​រណប​របស់​ហ៊ីត្លែរ​ដែរ​នោះ ជប៉ុន​ក៏​បាន​ចាប់ផ្តើម​បញ្ជូន​ទ័ព​ចូល​ឈ្លានតំបន់​ឥណ្ឌូចិន ដែល​ជា​ដែនដី​អាណានិគម​របស់​បារាំង។

គោលដៅ​របស់​ជប៉ុន គឺ​កាត់ផ្តាច់​ផ្លូវ​ដឹក​ជញ្ជូន​ស្បៀង ប្រេង និង​សព្វាវុធ ពី​កំពង់ផែ​ហាយហ្វុង ​ប្រទេស​វៀតណាម កាត់តាម​ហាណូយ​ ចូល​ទៅ​ក្នុង​ខេត្ត​យូណាន​ យក​ទៅ​ផ្គត់ផ្គង់​កម្លាំង​ទ័ព​របស់ ជៀង កាយចៀក និង​ម៉ៅសេទុង ដើម្បី​ច្បាំង​ទល់​នឹង​កងទ័ព​ជប៉ុន។ នៅថ្ងៃ​ទី២២ កញ្ញា ១៩៤០ បារាំង​បាន​សុខចិត្ត​​អោយ​កងទ័ព​ជប៉ុន​កាន់កាប់​តំបន់​តុងកឹង (ប៉ែក​ខាងជើង​ប្រទេស​វៀតណាម ជាប់នឹង​ព្រំដែនចិន។ ក៏ប៉ុន្តែ ជប៉ុន​មិនសុខចិត្ត​ទទួល​យក​ត្រឹម​តំបន់​តុងកឹង​នេះ​មួយទេ។ ចាប់​ពី​ឆ្នាំ​១៩៤១ កងទ័ព​ជប៉ុន​ក៏​បាន​វាតទី​កាន់កាប់​ទីតាំង​ជាច្រើន​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល។

ដោយសារមើលឃើញបែបនេះ សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការ​ព្រមព្រៀង​ពី​សំណាក់​អង់គ្លេស​ ក៏​បាន​សម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ជប៉ុន ហើយ​បាន​ទាមទារ​ឲ្យ​ជប៉ុន​ដក​ខ្លួន​ចេញ​ពី​ឥណ្ឌូចិន។  ទណ្ឌកម្ម​នេះ​បាន​ធ្វើ​អោយ​ជប៉ុន​ត្រូវ​ទទួល​រងនូវការ​ខូចខាត​យ៉ាងខ្លាំង ដោយ​ត្រូវ​បាត់បង់​ប្រភព​ផ្គត់ផ្គង់ប្រេង​រហូតដល់​ទៅ​ ៩០% និង​បាត់បង់​ចំណូល​ពី​​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិរហូតដល់​ទៅដល់ ៧៥%។

ប្រឈមមុខ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ គណៈរដ្ឋមន្រ្តី​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤១ ក្រោម​អធិបតីភាព​របស់​អធិរាជ ហ៊ីរ៉ូហ៊ីតូ  )Hirohito) ដើម្បី​ជជែក​គ្នា អំពី​ជម្រើស​៣៖ ទីមួយ ​ដក​ថយ​ពី​​តំបន់​ឥណ្ឌូចិន​តាម​ការ​ទាមទារ​របស់​អាមេរិក ទីពីរ ធ្វើការ​​ចរចា​​ស្វែងរក​សម្បទាន​ពី​អាមេរិក និង​ទីបី ​បើក​ធ្វើ​សង្រ្គាម​ទល់​នឹងអាមេរិក​តែម្តង។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ ជប៉ុន​ក៏​បាន​សម្រេច​​ថា​នឹង​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែក្នុងពេល​ជាមួយ​គ្នា​​ត្រូវ​ចាប់ផ្តើម​រៀបចំ​​ទ័ព​ធ្វើ​សង្រ្គាមប្រសិនបើ​ការ​ចរចា​មិនបាន​សម្រេច។

តែអ្វីៗ ក៏បានប្រែប្រួលទៅវិញក្នុងរយៈពេល១ខែក្រោយមក បន្ទាប់ពីមានការតែងតាំង​លោក ហ៊ីដេគី តូចូ រដ្ឋមន្ត្រីកិច្ចការសង្គ្រាមឲ្យក្លាយជានាយករដ្ឋមន្ត្រីជប៉ុន។  ជប៉ុនងើបមុខឡើងលើកកាំភ្លើងបែរកាណុងតម្រង់ទៅសហរដ្ឋអាមេរិក ហើយបង្ករជាភ្លើងសង្គ្រាមកាន់តែឆាបឆួលក៏ដោយសារបុរសម្នាក់នេះផងដែរ ក្នុងសម័យសង្គ្រាមលោកលើកទី២៕

ក្នុងស្រុករក្សាសិទ្ធ