បន្ទាប់ពីចូលបង្វឹកក្រុមកីឡាករ Derby ត្រៀមសម្រាប់ Pre-Season, Frank Lampard នឹងត្រូវប្រកាសធ្វើជាគ្រូបង្វឹកក្លិបតោខៀវ Chelsea ក្នុងរយៈពេល៤៨ម៉ោងទៀត។
តាមប្រភពជាច្រើនក្នុងប្រទេសអង់គ្លេស Frank Lampard និងChelsea បានយល់ព្រមលើកុងត្រា៣ឆ្នាំខណៈកុងត្រានេះតោខៀវនឹងផ្ដល់ប្រាក់ខែប្រចាំឆ្នាំ៤លានផោនបូកជមួយប្រាក់បន្ថែមលើកទឹកចិត្តលើទម្រង់លេងរបស់ក្រុមរួមទាំងប្រាក់រង្វាន់ទទួលបានកៅអីChampions League ដែលលុយសរុបនេះអាចឡើងដល់៥លានផោន។
ខណៈដែលកុងត្រានៅ Derby ដល់២ឆ្នាំទៀត Chelsea ក៏បានបង់លុយផ្ដាច់កុងត្រានេះទាំងអស់តែម្ដងដោយចំណាយលុយ៤លានផោន។ Lampard ក៏ត្រូវបានគេដឹងថានឹងនាំលោក Jody Morris ដែលបច្ចុប្បន្នជាគ្រូជំនួយនៅ Derby ដែលកាលកាលពីមុនក៏ជាខ្សែបម្រើក្លិបChelsea ដូចគ្នា។
លើសពីនេះលោក Chris Jones ដែលធ្លាប់ចំណាយពេល១២ឆ្នាំធ្វើជាបុគ្គលិកក្លិបChelsea កាលពីមុនក៏ត្រូវយកមកវិញដែរ។ គេបានដឹងថាការបន្ថែមបុគ្គលិកក្នុងផ្នែកគ្រូបង្វឹកនឹងឡើងដល់ពី៦ទៅ៨នាក់ហើយសូម្បីតែប្រធានផ្នែកពិនិត្យទម្រង់លេងកីឡាកររបស់លោក Derby លោក Steve Rands ក៏ត្រូវយកមកដែរ។
Lampard ធ្លាប់ចំណាយពេល១៣ឆ្នាំនៅ Chelsea ដោយជួយក្លិបឈ្នះពាន Premier League ៣ដង Champions League ម្ដង, FA Cup ៤ដង, League Cup ២ដង និងពាន Europa League ម្ដង៕
ប្រភព៖ Metro