ភ្នំពេញ ប្រទេសកម្ពុជា, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤៖ បន្ទាប់ពីទទួលបានភាពជោគជ័យ នៅក្នុងកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំកាលពីឆ្នាំមុន ក្រុមហ៊ុន Sequoia Group និង MR Training and Jobs Center (MRTJC) មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីការត្រលប់មកវិញនូវ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះសម្រាប់ឆ្នាំនេះផងដែរ។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងក្រោមប្រធានបទ "ការគ្រប់គ្រងទេពកោសល្យ ការរៀបចំផែនការជោគជ័យ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងសម័យឌីជីថល" ក្រោមគោលបំណងចម្បង ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យឈានឆ្ពោះទៅរក វិស័យឧស្សាហកម្មឌីជីថល។
កិច្ចប្រជុំកំពូលនេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ឯកឧត្តមបានផ្តល់នូវទស្សនវិស័យជាយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងសង្កត់ ធ្ងន់លើតម្រូវការចាំបាច់ក្នុងការបណ្តុះទេពកោសល្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នាពេលខាងមុខ។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវអ្នកជំនាញគ្រប់គ្រងជាន់ខ្ពស់ អ្នកជំនាញផ្នែកធនធានមនុស្ស និងអ្នកដឹកនាំគំនិតក្នុងវិស័យឧស្សាហកម្ម សម្រាប់កិច្ចពិភាក្សាដ៏សកម្ម និងសិក្ខាសាលារៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែងពេញមួយថ្ងៃ ក៏ដូចជាផ្តោតលើ លើយុទ្ធសាស្ត្រជាក់ស្តែងសម្រាប់ការអភិវឌ្ឍទេពកោសល្យ និងភាពជាអ្នកដឹកនាំ ព្រមទាំងការរៀបចំផែនការបន្តវេន។
ដំណើរការនៃកិច្ចប្រជុំកំពូលនេះគឺមានសារៈសំខាន់ណាស់ ស្របពេលដែលប្រទេសកម្ពុជាកំពុង ឈានទៅមុខក្នុងការផ្លាស់ប្ដូរខ្លួនក្នុងយុគសម័យឌីជីថល។ នៅក្នុងសម័យកាលនៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សនេះ ការកកើតឡើងនៃឧស្សាហកម្មថ្មីៗ វិស័យថ្មីៗ និងឱកាសថ្មីៗកំពុងលេចឡើង។ អនាគតនៃការងារតម្រូវឱ្យមានសំណុំជំនាញថ្មីៗ រួមមានជំនាញផ្នែកបញ្ញា ទំនាក់ទំនងមនុស្ស បច្ចេកវិទ្យា និងការគ្រប់គ្រង។ ការបំពាក់បំប៉នកម្លាំងពលកម្មកម្ពុជាជាមួយនឹងជំនាញទាំងនេះ ដើម្បីឆ្លងកាត់បរិបទថ្មីនេះ គឺជាការចាំបាច់សម្រាប់ប្រទេសជាតិក្នុងការកសាងកម្លាំងពលកម្មប្រកបដោយថាមពល និងភាពធន់ ដើម្បីជួយពង្រីកឱកាសសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ ស្របតាមគោលនយោបាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។
របៀបវារៈដ៏ទូលំទូលាយនៃកិច្ចប្រជុំកំពូលនេះ រួមមានការពិភាក្សាជាក្រុមស្តីពីប្រធានបទ "ការស្វែងរកសមត្ថភាពសំខាន់ៗសម្រាប់ទេសភាពធុរកិច្ចនៃថ្ងៃស្អែក៖ ការអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគត" ដោយមានវាគ្មិនចូលរួមដូចជា អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group of Companies, កញ្ញា Jacqueline Wong ស្ថាបនិក និងនាយិកាគ្រប់គ្រងនៃក្រុមហ៊ុន Sequoia Group ប្រទេសសិង្ហបុរី និងលោក Jimmy Ong ដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Nucleus Advisory មកពីប្រទេសម៉ាឡេស៊ី។
អ្វីដែលបង្កើនតម្លៃកិច្ចប្រជុំកំពូលនេះបន្ថែមទៀត គឺសុន្ទរកថាគន្លឹះស្តីពីការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ដែលជាគ្រឹះសំខាន់នៃកំណើនប្រកបដោយចីរភាព និងមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងទេពកោសល្យ។ លើសពីនេះទៀត ក៏មានបទបង្ហាញស្តីពីនិន្នាការគ្រប់គ្រងទេពកោសល្យ និងបញ្ហាប្រឈម ព្រមទាំងឱកាសពិសេសៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ផងដែរ។
សិក្ខាសាលាអន្តរកម្មប្រកបដោយភាពរស់រវើក ស្តីពីការលើកកម្ពស់វប្បធម៌ ភាពជាអ្នកដឹកនាំប្រកបដោយការចូលរួម និងការសម្របសម្រួលកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព អំពីទេពកោសល្យនៅកម្រិតក្រុមប្រឹក្សាភិបាល លើកទឹកចិត្តឱ្យអ្នកចូលរួមបានស្វែងយល់ កាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈមដែលអ្នកដឹកនាំផ្នែកធនធានមនុស្សជួបប្រទះ និងស្វែងរកវិធីសាស្រ្តដែលពួកគេអាចដើរតួនាទីឱ្យកាន់តែប្រកបដោយយុទ្ធសាស្ត្រនៅក្នុងស្ថាប័នរបស់ពួកគេ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការរៀបចំផែនការបន្តវេន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ គឺក៏មានការរៀបចំវគ្គសិក្សាឯកទេសចំនួន៤ ស្តីអំពីការអភិវឌ្ឍធនធានមនុស្ស ទេពកោសល្យ ភាពជាអ្នកដឹកនាំ និងស្ថាប័ន ដែលផ្តល់ឱ្យអ្នកដឹកនាំនូវចំណេះដឹងស៊ីជម្រៅ ឧបករណ៍ និងដំណើរការនានា ដើម្បីពង្រឹងយុទ្ធសាស្រ្តរបស់ពួកគេសម្រាប់ការផ្លាស់ប្ដូរបរិបទអាជីវកម្ម និងមនុស្ស។
កិច្ចប្រជុំកំពូលនេះ ក៏រួមមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាង Sequoia Group និង MR Training and Jobs Center (MRTJC) ផងដែរ។ អនុស្សរណៈយោគយល់នេះ បង្ហាញពីកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗចំនួន៥ ដូចជា៖ ការអភិវឌ្ឍធនធានមនុស្ស និងទេពកោសល្យ ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍស្ថាប័ន ចីរភាព សហគមន៍នៃការអនុវត្តន៍ (CoP) សម្រាប់អ្នកជំនាញផ្នែកធនធានមនុស្ស និងការសហការបង្កើតចំណេះដឹងនៅក្នុងចំណុចដែលមានផលប្រយោជន៍ទៅវិញទៅមក។ អនុស្សរណៈយោគយល់នេះក៏នឹងពង្រឹង ការយកចិត្តទុកដាក់រួមរបស់ភាគីទាំង២ ចំពោះការ បំពេញតម្រូវការអភិវឌ្ឍធនធានមនុស្ស ទាំងវិស័យសាធារណៈ និងឯកជន។
កិច្ចប្រជុំកំពូលធនធានមនុស្សនៅកម្ពុជា ប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅសណ្ធាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
អំពី Sequoia Group
បង្កើតឡើងនៅឆ្នាំ ២០០១ ក្រុមហ៊ុន Sequoia គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងស្ថាប័ន ដែលផ្តល់នូវដំណោះស្រាយតាមតម្រូវការក្នុងវិស័យផែនការយុទ្ធសាស្ត្រ និងការមើលឆ្ពោះទៅអនាគត ការគ្រប់គ្រងការផ្លាស់ប្តូរ និងការចូលរួមពីភាគីពាក់ព័ន្ធ ភាពជាអ្នកដឹកនាំ និងការរៀនសូត្ររបស់ស្ថាប័ន ព្រមទាំងនិរន្តរភាព។
អំពី MRTJC
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារ MR (MRTJC) គឺជាវេទិកាមួយដែលភ្ជាប់យុវជនជាមួយ នឹងឱកាសការងារ។ ស្ថាប័នមួយនេះ ផ្តល់ជូនអតិថិជនសាជីវកម្មនូវបេក្ខជនដែលមានសមត្ថភាព និងសេវាកម្មផ្អែកលើគម្រោង ហើយដំណើរការជាភ្នាក់ងារផ្តល់សេវាកម្មពេញលេញក្នុងការជ្រើសរើសបុគ្គលិក។