យោងតាមក្បួនតម្រាខ្មែរទស្សន៍ទាយជោគជតារាសី និងចរិតលក្ខណៈអ្នកឆ្នាំកំណើតទាំង ១២ តាមក្បួនខ្មែរ ដែលមើលតាមខែកំណើតនីមួយៗនៃឆ្នាំទាំង ១២។
១. ទំនាយបុគ្គលកើតឆ្នាំជូត ៖ ឆ្នាំជូត (សត្វកណ្តុរ) ធាតុទឹក ពង្សាកំណេីតជាទេព្តាប្រុស ត្រូវត្រង់កាលដែលនាយសារថីនាំព្រះតេមិយទៅកប់។ បុគ្គលអ្នកកេីតឆ្នាំជូតមូលព្រលឹងនៅនឹងដេីមដូង និងដេីមចេក ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកដាំដេីមដូង និងដេីមចេកឱ្យមានក្នុងភូមិស្ថាន ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ កណ្តុរមាស ធាតុទឹកទន្លេ ជាកណ្តុរពាំកែវ នឹងមានបុណ្យវាសនា។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ កណ្តុរតូចៗ ប្រឹងសុីចំណី ធាតុទឹកដែលមនុស្សអាស្រ័យនៅ ចរចារពាក្យសាប មិនបានជាទីកោតសរសេីរ តែចិត្តជាបុណ្យ។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ កណ្តុរអត់ចំណីងាប់ ធាតុទឹកក្នុងព្រៃ រកចិញ្ចឹមខ្លួនបានដោយកម្រ ទឹកចិត្តក្លាហានហេីយកាចមួម៉ៅ។ មនុស្សកេីតឆ្នាំជូត កំណើតក្នុងខែ បុស្ស មាឃ ផល្គុន កណ្តុរផេីម នៅដោយភ្លឺស្រែ ធាតុទឹកក្នុងជ្រលងអូរ ជាកណ្តុរមានភ្នែកសម្លក់ធំៗ ជាមនុស្សមានកូនច្រេីន ចិត្តជាបុណ្យ ធន់ស៊ូណាស់។
២. ទំនាយបុគ្គលកើតឆ្នាំឆ្លូវ ៖ ឆ្នាំឆ្លូវ (សត្វគោ) ធាតុដី ពង្សារកំណេីតជាមនុស្សប្រុស ត្រូវត្រង់កាលដែលព្រះមហាជនកលាព្រះមាតាទៅរកគ្រូអាចារ្យ ហេីយក៏ធ្លាយសំពៅកណ្តាលសាគរ ប៉ុន្តែជាកុសលកម្មបាននាងមេខលាជាអាទិទេពសមុទ្រហោះទៅស្រង់យកទៅទុកក្នុងសួនឧទ្យាន។ បុគ្គលអ្នកកេីតឆ្នាំឆ្លូវមូលព្រលឹងនៅនឹងដេីមត្នោត ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមត្នោត ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ជាគោព្រៃ ធាតុដីឆ្អិន ជាគោឡេីងបូក កាត់ពូជសាសន៍ច្រេីន ពិបាកប្រេី ចិត្តកាច ចិត្តរឹងទទឹង តែកាលនៅពីតូចជាក្មេងល្អ។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ជាគោមនុស្សភ្ជួរស្រែ ធាតុដីស្ងោរ ចរចាមិនរាបសារ ច្រេីនពោលពាក្យខ្ជាន់ៗ ចិត្តរឹង គំនិតរុះរេីច្រេីន។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ គោសំគម បាក់ជេីង ធាតុដីកំពូលភ្នំ ជាគោនៅក្នុងរោង ឬក្រោល ពិបាករកសុី តែចិត្តជាបុណ្យ។ មនុស្សកេីតឆ្នាំឆ្លូវ កំណើតក្នុងខែ បុស្ស មាឃ ផល្គុន គោឧសភរាជ គោព្រះរាជាចិញ្ចឹម ធាតុដីក្រៀម ស្ងួត ជាគោទំពារអៀង ឧត្តមល្អ មានវាសនាជាអ្នកមានទ្រព្យធន។
៣. ទំនាយបុគ្គលកេីតឆ្នាំខាល ៖ ឆ្នាំខាល (ខ្លា) ធាតុឈេី ពង្សាកំណេីតជាយក្ខិនី ត្រូវត្រង់កាលព្រះសុវណ្ណសាមទៅដងទឹកជាមួយហ្វូងសត្វ។ បុគ្គលអ្នកកេីតឆ្នាំខាលមូលព្រលឹងនៅនឹងដេីមរខ្នុរសំឡ និងដេីមរាំងភ្នំ ដូច្នេះគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតមកស្លៀកដណ្តប់ដេីមខ្នុរសំឡ ឬ ដេីមរាំងភ្នំ ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ខ្លាធំ ធាតុឈេីស្ងួត ជាខ្លាអារក្សអ្នកតា ទឹកចិត្តទៀងទាត់ ប៉ុន្តែក្រលំបាក។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ខ្លាត្រី ធាតុឈេីស្ទន់ បានកូនជាមនុស្សមានបុណ្យ ហេីយនឹងជាទីពឹងពំនាក់ ដោយសារភរិយា/ប្តីជា។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ខ្លារខិន ដេកស្ងៀម ធាតុឈេីក្រអូប មានទ្រព្យសម្បត្តិបរិបូណ៌ ចរចាពាក្យពិតប្រាកដ។ មនុស្សកេីតឆ្នាំខាល កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ខ្លាបង្កង់ សុីមនុស្ស ធាតុឈេីលេីកំពូលភ្នំ មានបញ្ញាឆ្លៀវឆ្លាត តែជាអ្នកលេងឫក។
៤. ទំនាយបុគ្គលកេីតឆ្នាំថោះ ៖ ឆ្នាំថោះ (សត្វទន្សាយ) ធាតុឈេី ពង្សាកំណេីតជាមនុស្សស្រី ត្រូវត្រង់កាលដែលព្រះនេមិរាជ ទៅពិនិត្យមេីលស្ថានសួគ៌ និងស្ថាននរក។ បុគ្គលអ្នកកេីតឆ្នាំថោះមូលព្រលឹងនៅនឹងដេីមដូងនាឡិ (ដូងតាកែ) ឬដេីមល្មុត ដូច្នេះគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមដូងនាឡិ ឬដេីមល្មុតដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ទន្សាយក្នុងវង់ព្រះចន្ទ ធាតុឈេីស្ងួត លុះត្រាតែនឿយព្រួយគំនិត ទេីបបានជាអ្នកគ្រាន់ជាបេី បេីនឹងប្រព្រឹត្តល្អទេីបបានបុណ្យកុសលហុចឱ្យរហ័ស។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ទន្សាយបាក់ភ្លៅ ហេីយភ្នែកខ្វាក់ទាំងសងខាងផង ធាតុឈេីស្ទន់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាប្រាកដ។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ទន្សាយស្គម ទ្រមយ៉ាងខ្លាំង ធាតុឈេីក្រអូបឈ្ងប់ ច្រេីនរំខានចិត្ត អំពល់ព្រួយនឹងរោគចុកជេីងដៃ។ មនុស្សកេីតឆ្នាំថោះ កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ទន្សាយលោតហក់លេីកំពូលភ្នំ ធាតុឈេីប្រក្រតី មានបញ្ញាខ្ពស់ ឆ្លាតវៀងវៃ ស្មារតីរឹងប៉ឹង។
៥. ទំនាយបុគ្គលកេីតឆ្នាំរោង ៖ ឆ្នាំរោង (នាគរាជ) ធាតុមាស ពង្សាកំណេីតជាទេព្តាប្រុស ត្រូវត្រង់កាលដែលព្រះមហោសថដោះស្រាយប្រស្នាឱ្យទេព្តាស្តាប់។ បុគ្គលអ្នកកេីតឆ្នាំរោងមូលព្រលឹងនៅនឹងដេីមរលួស ឬ ដេីមឬស្សី ដូច្នេះគួររកស្រោចទឹក ជ្រោយដីគុម្ពដេីមរលួស ឬដាំដេីមឬស្សីដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ពស់នាគរាជ ធាតុមាសទង់ហ្វ៊ា ធ្វេីការរដ្ឋល្អ មានខ្ញុំកំដរច្រេីន សត្រូវប៉ងនឹងប្រទូស្តមិនបាន។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ពស់ថ្លាន់ ខ្លួនធំ ធាតុមាសពណ៌ឆ្អិនឆ្អៅ កាលពីតូចមានសេចក្តីចង្អៀតចង្អល់ចិត្តច្រេីន លុះធំឡេីងមានចិត្តទូលាយគ្រប់ពេល។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ពស់វែករនាម ធាតុមាសកប្បាស ចិត្តបុណ្យ ច្រេីនអាសូរដល់អ្នកក្រីក្រលំបាក ជាមនុស្សមានចិត្តធ្ងន់។ មនុស្សកេីតឆ្នាំរោង កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ពស់ថ្លាន់ភ្ញី ធាតុមាសប្រក្រតី ជាមនុស្សទៀងទាត់ ធ្វេីការរដ្ឋគាប់ប្រសេីរ អ្នកផងគាប់ចិត្ត។
៦. ទំនាយបុគ្គលកេីតឆ្នាំម្សាញ់ ៖ ឆ្នាំម្សាញ់ (សត្វពស់វែក) ធាតុភ្លេីង ពង្សាកំណេីតជាមនុស្សប្រុស ត្រូវត្រង់កាលដែលព្រះភូរិទត្តពែនលេីដំបូក អាយលម្ពាយចាប់យកទៅឃុំឃាំង ហេីយបង្ខំឱ្យរាំ។ បុគ្គលអ្នកកេីតឆ្នាំម្សាញ់មូលព្រលឹងនៅនឹងដេីមរាំងភ្នំ ឬដេីមឬស្សី ដូច្នេះគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមរាំងភ្នំ ឬ ស្រោចទឹកជ្រោយគុម្ពឬស្សីដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ស្តេចពស់តូចធាតុភ្លេីងលេីមេឃ ជាមនុស្សចិត្តរាបសា គិតការអ្វីច្រេីនសម្រេច មាត់នោះលុះតែថាហេីយ នឹងបានកកេីតជាសាច់ការ ល្អណាស់។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ពស់តូច ជាពស់ថ្លាន់ភ្ញី ធាតុភ្លេីងភ្នក់ ទិដ្ឋិរឹង ចិត្តមនោមានះ បញ្ញាខ្ជាប់ខ្ជួន មាត់អាក្រក់តែចិត្តល្អ ទ្រព្យសម្បត្តិមធ្យម។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ពស់វែកស្រងែ ខ្លួនតូច ធាតុភ្លេីងក្នុងថ្ម ចិត្តទោរទន់ សំដីតិច តែច្រេីនបានការ កិរិយាមាយាទសមសួនជាមនុស្សល្អ។ មនុស្សកេីតឆ្នាំម្សាញ់ កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ពស់តូច ជាពស់តុកកែ ធាតុភ្លេីងក្នុងកែវ ចិត្តជាបុណ្យ ធន់ស៊ូក្នុងការងារ មិនជាសត្រូវនឹងគេ ចិញ្ចឹមខ្លួនបានដោយស្រួល។
៧. ទំនាយបុគ្គលអ្នកកេីតឆ្នាំមមី ៖ ឆ្នាំមមី (សត្វសេះ) ធាតុភ្លេីង ពង្សាកំណេីតជាទេព្តាស្រី ត្រូវត្រង់កាលដែលព្រះចន្ទកុមារ ត្រូវព្រាហ្មយកទៅបូជាយញ្ញ ទេព្តាមកជួយដោះស្រាយទេីបបានផុតពីភយន្តរាយ។ បុគ្គលអ្នកកេីតឆ្នាំមមីមូលព្រលឹងនៅនឹងដេីមចាន់ ឬដេីមចេក ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមចាន់ ឬ រកដាំដេីមចេកក្បែរផ្ទះដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ) សេះអស្សរាជ ធាតុភ្លេីងកណ្តាលអាកាស មានបញ្ញាភ្លឺថ្លា ចិត្តទោរទន់ រក្សាខ្លួនបានដោយប្រពៃ។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ សេះទាល់ច្រក ធាតុភ្លេីងគប់ មានចិត្តជាអ្នកលេង ច្រេីនថ្លោះធ្លោយមាត់ ហាស្តីឡេីងនាំឱ្យគេមេីលងាយ។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ សេះគេថែរក្សា ធាតុភ្លេីងថ្ម បេីទោះណាជាមានសម្បត្តិទ្រព្យស្តុកស្តម្ភ ក៏មិនបានជាឧត្តុងឧត្តមឡេីយ។ មនុស្សកេីតឆ្នាំមមី កំណើតក្នុងខែ បុស្ស មាឃ ផល្គុន)៖ សេះខ្ចកជេីង ធាតុភ្លេីងក្នុងកែវ មានយសសក្តិ នឹងបានជាធំ មានសម្បត្តិទ្រព្យបរិបូណ៌។
៨. ទំនាយបុគ្គលអ្នកកេីតឆ្នាំមមែ ៖ ឆ្នាំមមែ (ពពែ) ធាតុមាស ពង្សាកំណេីតជាទេព្តាស្រី ត្រូវត្រង់កាលដែលព្រហ្មនារទរែកមាសចុះមកស្ថានមនុស្សលោក ហេីយរក្សាសីល។ បុគ្គលអ្នកកេីតឆ្នាំមមែមូលព្រលឹងនៅនឹងដេីមឫស្សីព្រៃ ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួរជីកដីជ្រោយគុម្ព និងស្រោចទឹកគល់ឫស្សីនោះ ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ពពែរកសុីដាច់សង្វែង ធាតុមាសទង់ហ្វ៊ា រៀនវិជ្ជាបានចេះដឹងល្មមចិញ្ចឹមខ្លួនឯងបាន តែស្វែងរកលាភទីឆ្ងាយមិនសូវបាន។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ពពែគេចិញ្ចឹមក្នុងភូមិ ធាតុមាសសស្រួយ មានសេចក្តីទុក្ខច្រេីន ទញ់ទាល់គំនិត ប៉ងនឹងទៅទីឆ្ងាយ មិនងាយនឹងបានទៅ។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ពពែខ្ចក់ជេីង ធាតុមាសស ច្រេីនឈេីដៃឈឺជេីង ចិត្តមុត មានសេចក្តីក្លាហាន មានបញ្ញាស្មារតីល្អ ចងចាំអ្វីបានមិនរលត់។ មនុស្សកេីតឆ្នាំមមែ កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ពពែស្តេចចិញ្ចឹម ធាតុមាសទឹកដប់ ចិត្តទន់ ចិត្តជាបុណ្យ នឹងបានជាធំមានសម្បត្តិបរិបូណ៌។
៩. ទំនាយបុគ្គលអ្នកកេីតឆ្នាំវក ៖ ឆ្នាំវក (ពានរ) ធាតុដែក ពង្សាកំណេីតជាយក្សា នោះកាលព្រះពិធូរត្រូវអសុរនវយក្សចងដៃភ្ជាប់នឹងកន្ទុយសេះ នាំឆ្ពោះទៅកាន់ស្ថានភុជង្គនាគ មូលព្រលឹងនៅដេីមខ្នុរ។ ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមខ្នុរ ដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ស្វាពោធិសត្វ ធាតុដែកទន់ ចិត្តទន់ ធ្វេីគុណនឹងគេច្រេីនអសារបង់ លុះគ្រាក្រោយទៅនឹងបានជាល្អវិញ។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ស្វាព្រៃ ធាតុមេដែក ចិត្តទៀងទាត់ នឹងបានជាធំ បរិបូណ៌ដោយសម្បត្តិទ្រព្យ តែមិនចេះរក្សាទុកដាក់។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ស្វានៅក្នុងព្រៃស្មសាន ធាតុដែកល្អ ចិត្តក្លាហាន មានបរិវារខ្ញុំកំដរច្រេីន ចិត្តសប្បាយ និងមានសណ្តានចិត្តទូលាយ។ មនុស្សកេីតឆ្នាំវក កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ស្វាព្រាហ្មណ៍ ពិបាកចិញ្ចឹម ធាតុដែកថែប តែចិត្តជាបុណ្យ ចរចាពាក្យទៀងត្រង់ ឬកពាសម នឹងរូបរាង្គ។
១០. ទំនាយបុគ្គលអ្នកកេីតឆ្នាំរកា ៖ ឆ្នាំរកា (សត្វមាន់) ធាតុដែក ពង្សាកំណេីតជាយក្សា ត្រូវត្រង់កាលដែលព្រះវេស្សន្តរនាំមហេសី ព្រមទាំងបុត្រាបុត្រីទៅគង់នៅឯភ្នុំគិរីវង្គត សាងព្រឹទ្ធជាឥសី។ បុគ្គលអ្នកកេីតឆ្នាំរកាមូលព្រលឹងនៅនឹងដេីមចំបក់ ឬដេីមកប្បាសទេស ដូច្នេះចាស់ជាន់ដេីមលោកប្រដៅថាឱ្យគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមចំបក់ដេីម្បី ជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ មាន់គកគេចិញ្ចឹមបម្រុងទុកជល់ ធាតុដែកទន់ កាលនៅតូចច្រេីនលំបាកចិត្ត ចិត្តទន់ ចិត្តជាបុណ្យ បេីជាស្រីច្រេីនអភព្វប្តី។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ មាន់ព្រៃ ធាតុមេដែក មានបុណ្យច្រេីន មានបញ្ញាច្រេីន ពាក្យពេចន៍ពិរោះ សន្តានចិត្តឆាប់ខឹង ប្រកាន់ខឹង។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ត្រូវចំលេីមាន់ងាប់ ដេីរសព្វច្រកល្ហក ធាតុដែកល្អ មិនសូវមានបញ្ញា តែចិត្តជឿបុណ្យ និងបាប។ មនុស្សកេីតឆ្នាំរកា កំណើតក្នុងខែ បុស្ស មាឃ ផល្គុន មាន់ពោធិសត្វ ធាតុដែកថែប មានសម្បត្តិភោគច្រេីន ហេីយមានបញ្ញា រៀនវិជ្ជាចេះដឹងល្អប្រសេី។
១១. ទំនាយបុគ្គលអ្នកកេីតឆ្នាំច ៖ ឆ្នាំច (សុនខ) ធាតុដី ពង្សាកំណេីតជាយក្ខិនី ត្រូវត្រង់កាលដែលស្តេចបោរសាទដុះចង្កូម ត្រូវគេបណ្តេញចេញពីស្រុក។ បុគ្គលអ្នកកេីតឆ្នាំចមូលព្រលឹងនៅនឹងដេីមសំរោង ឬដេីមឈូកប្រក្រតី ដូច្នេះយគួររកសំពត់ព្រែពណ៌តាមថ្ងៃកំណេីតទៅរុំដណ្តប់ឱ្យដេីមសម្រោង ឬដាំដេីមឈូកក្បែរលំនៅដេីម្បីជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ឆ្កែមានម្ចាស់ថែរក្សា ធាតុដីឆ្អិន កាលនៅតូចចិត្តចង្អៀត ចង្អល់ណាស់ លុះដល់ខ្លួនធំ ទេីបបានល្អវិញ។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ឆ្កែដេញសត្វ មានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរ ចរចាតែពាក្យមានប្រយោជន៍ច្រេីនមានបុណ្យ និងមានបញ្ញា។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ឆ្កែចចក ធាតុដីកំពូលភ្នំ ចិត្តរឹងក្លាហាន ជាមនុស្សស្រលាញ់វង់ត្រកូល។ មនុស្សកេីតឆ្នាំច កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ឆ្កែកណ្តាលផ្សារ ធាតុដីស្បាត់ ចិត្តជាទាហាន ចិញ្ចឹមខ្លួនបានដោយងាយ ជាមនុស្សគ្រប់គ្រាន់ដោយទ្រព្យធន។
១២. ទំនាយបុគ្គលអ្នកកេីតឆ្នាំកុរ ៖ ឆ្នាំកុរ (សត្វជ្រូក) ធាតុទឹក ពង្សាកំណេីតកេីតជាមនុស្សស្រី ត្រូវត្រង់កាលដែលព្រះសុភមិត្តនាំនាងកែវក្រឹស្នាចូលក្នុងព្រៃ។ បុគ្គលអ្នកកេីតឆ្នាំកុរមូលព្រលឹងនៅនឹងឈូករតន៍ និងដេីមឈូកប្រក្រតី ដូច្នេះគួររកដេីមឈូករតន៍ដាំដុះក្បែររបង ឬ អាចបូជាផ្កាឈូកដេីម្បីបានជាសិរីមង្គលដល់ដួងជតារាសីរបស់ខ្លួន។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ ចេត្រ ពិសាខ ជេស្ឋ ជ្រូកស្តេចចិញ្ចឹមធាតុទឹកទន្លេ ជាមនុស្សមានវាសនាខ្ពស់ មានសេចក្តីសុខច្រេីន គំនិតគិតអ្វីច្រេីនត្រូវ។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ អាសាឍ ស្រាពណ៍ ភទ្របទ ជ្រូកគេបំប៉ន ទំនុកបម្រុងដោយបាយក្នុងទ្រុង ធាតុទឹកដែលមនុស្សអាស្រ័យ ជាមនុស្សមានបុណ្យ មានគំនិតស្មោះត្រង់ និងច្រេីនជាមនុស្សចូលចិត្តមេីលបំណាំ។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ អស្សុជ កត្តិក មិគសិរ ជ្រូកអង្គែសុី ធាតុទឹកក្នុងព្រៃ ចិត្តធ្ងន់ ធន់ស៊ូ ជាមនុស្សល្មោភពោលពាក្យច្រំដែល ត្រេកអរនឹងពាក្យសរសេីរចំពោះមុខ។ មនុស្សកេីតឆ្នាំកុរ កំណើតក្នុងខែ បុស្ស មាឃ ផល្គុន ជ្រូកព្រៃពាំកែវ ធាតុទឹកក្នុងស្ទឹង ចិត្តជាបុណ្យ មានបញ្ញាភ្លឺស្វាង គំនិតច្រេីនយល់ត្រូវនឹងផ្លូវប្រយោជន៍៕