ឆ្នាំថ្មី ឆ្នាំរោង ២០២៤ ចូលមកដល់ សូមជូននូវក្បួនហោរាទស្សន៍ទាយជោគជតារាសីសម្រាប់អស់លោកអ្នកតាមឆ្នាំកំណើតទាំង ១២។
១. ឆ្នាំជូត ៖ សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំជូត ក្នុងឆ្នាំរោង ២០២៤ នេះ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើន តែក៏នឹងមានអ្នកជួយលោកអ្នឱ្យឆ្លងផុតពីឧបសគ្គ ការលំបាកទាំងពួង យ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអ្នកនឹងមានគ្រោះខាតបង់ប្រយោជន៍មួយចំនួន។ ចំណែកមនុស្សស្រីឆ្នាំជូតនេះវិញ ឆ្នាំនេះអ្នកក៏មិនសូវមានពេលរីករាយដែរ កុំទុកចិត្តមនុស្សណាងាយៗពេក ចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ បើរកស៊ីជួញដូរ កុំធ្វេសប្រហែសឱ្យសោះ។
២. ឆ្នាំឆ្លូវ ៖ សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំឆ្លូវ កុំសូវទុកចិត្តមនុស្សជុំវិញខ្លួនពេក ឆ្នាំនេះមិនសូវអំណោយផលសម្រាប់អ្នកនោះឡើយ ពុំគួរធ្វើដំណើរផ្លូវឆ្ងាយ ចំណែកការរកស៊ីជួញដូរ កុំធ្វេសប្រហែសឱ្យសោះ។ សម្រាប់មនុស្សស្រីឆ្នាំគោ ក៏ដូចគ្នាដែរ ឆ្នាំនេះអ្នកមិនសូវរីករាយ មានរឿងខ្វល់ខ្វាយច្រើន យ៉ាងណាមិញ សូមប្រុងប្រយ័ត្ន ខាតបង់ក្នុងរឿងជាច្រើន តែក៏នឹងមានមនុស្សខ្ពង់ខ្ពស់ ជួយតម្រង់ និងជួយចម្លងអ្នកឈ្នះអស់ទុក្ខ និងឧបសគ្គផងដែរ។
៣. ឆ្នាំខាល ៖ សម្រាប់មនុស្សប្រុសដែលកើតឆ្នាំខ្លា ក្នុងឆ្នាំនេះ លោកអ្នកនឹងជួបបញ្ហា ការលំបាកញឹកញាប់ ដូច្នេះហើយ ចូរពង្រឹងស្មារតី តស៊ូ ពុះពារ ធ្វើការងារដោយសេចក្ដីអំណត់ ព្យាយាម ប្រកាន់នូវចិត្តស្វាហាប់ អ្នកនឹងទទួលបានជោគជ័យ។ ចំណែកមនុស្សស្រីឆ្នាំខ្លា ជាឱកាសសម្រាប់លោកអ្នកមានលាភសិរីដល់ដៃ ទោះសត្រូវមកពីទិសណា ក៏បំបាក់អ្នកមិនបានដែរ រៀបការក្នុងឆ្នាំនេះ នឹងអំណោយផលកខ្លាំងដល់ស្ត្រីឆ្នាខ្លា។
៥. ឆ្នាំថោះ ៖ សម្រាប់មនុស្សប្រុសឆ្នាំទន្សាយ ឆ្នាំនេះល្អប្រសើរ មានលាភធំ តែចូរប្រុងប្រយ័ត្ន ខាតបង់លាភ ដោយសេចក្ដីអំនួត។ អ្នកក៏អាចនឹងទទួលបានតំណែងធំក្នុងឆ្នាំថ្មីនេះផងដែរ។ រីឯស្ត្រីឆ្នាំទន្សាយវិញ ជោគលាភកើនឡើង ធ្វើអ្វីក៏បានសម្រេចជោគជ័យដែរ តែត្រូវតមសម្ដី កុំនិយាយស្ដីផ្ដេសផ្ដាស ក្រែងគ្រោះកើតព្រោះតែមាត់។
៥. ឆ្នាំរោង ៖ ២០២៤ នេះ សម្រាប់មនុស្សប្រុសដែលកើតឆ្នាំរោង កន្លែងធ្វើការ នឹងបង្កឱ្យមានអារម្មណ៍ធុញទ្រាន់ អ្នកក៏នឹងមានឱកាសផ្លាស់ប្ដូរការងារបានដោយរលូន តែសូមថែរក្សាសុខភាពឱ្យបានល្អ។ ចំណែកមនុស្សស្រីឆ្នាំរោង ក្នុងឆ្នាំនេះ ទោះមានអាសន្ន ទុក្ខធុរៈ ការលំបាកប៉ុនណា ក៏មានមិត្តតាមយកអាសារ ជួយឈឺឆ្អាលដែរ តែមុននឹងធ្វើអ្វីមួយ សូមគិតឱ្យបានល្អិតល្អន់ កុំលេងសើចឱ្យសោះ។
៦. ឆ្នាំម្សាញ់ ៖ សម្រាប់បុរសដែលកើតឆ្នាំពស់ សេចក្ដីសុខ លាភសំណាងតាមជាប់នឹងជោគជតាអ្នក មានបំណងប៉ងប្រាថ្នាអ្វី ក៏អាចសម្រេចជោគជ័យបានដែរ តែកុំចេះដឹងរឿងអ្នកដទៃខ្លាំងពេក ក្រឡេកមើលគ្រួសារយើងវិញ ចៀសវាងមានបញ្ហា ដោយសារតែការយកអាសារគេ។ ចំណែកមនុស្សស្រីឆ្នាំម្សាញ់ បើចង់រៀបការក្នុងឆ្នាំនេះល្អ អំណោយផល រឿងអាក្រក់អាចប្រែជាល្អ តែក៏ត្រូវប្រុងប្រយ័ត្នផ្ទះសម្បែង កុំដើរចោលផ្ទះផ្ដេសផ្ដាស។
៧. ឆ្នាំមមី ៖ មនុស្សប្រុសឆ្នាំសេះ ក្នុងឆ្នាំនេះ ទោះមានមនុស្សអាក្រក់តាមមកយាយី ក៏មានអ្នកមានបុណ្យតាមថែរក្សា ការពារដែរ តែកុំទុកចិត្តអ្នកណាដោយងាយ។ ចៀសវាងលីសែងធ្ងន់ ក្រែងលោធ្វើឱ្យជាប់ ឬថ្លោះចង្កេះ។ ចំណែកមនុស្សស្រីឆ្នាំសេះ ឆ្នាំនេះជោគជតារាសីអ្នកមិនសូវជាល្អប្រសើរទេ នឹងមានគ្រោះកាច តែស្ត្រីឆ្នាំនេះ មានបញ្ញាឆ្លាត ឈ្លាសវៃ ក្លាហាន អាចចៀសផុតគ្រោះអាក្រក់តូចធំទាំងពួង។
៨. ឆ្នាំមមែ ៖ បុរសឆ្នាំពពែ ក្នុងឆ្នាំនេះសូមដាស់តឿនអ្នក កុំមានបញ្ហាជាមួយមិត្តរួមការងារ រាសីអ្នកមិនល្អទេ អាចនឹងមានគ្រោះកាច ដូច្នេះចូរប្រើសេចក្ដីអំណត់ និងបញ្ញារបស់អ្នក ដើម្បីបញ្ចៀសនូវវិបត្តិ និងបញ្ហាទាំងពួង។ ចំណែកមនុស្សស្រីឆ្នាំពពែ ចូរប្រយ័ត្ននឹងអ្នកចូលមកក្បែរ គេមិនមានចិត្តបរិសុទ្ធជាមួយអ្នកទេ តែល្អសម្រាប់អ្នកមានគម្រោងរៀបការឆ្នាំនេះ នឹងទទួលបានផលលាភភ្លាមៗ។
៩. ឆ្នាំវក ៖ បុរសឆ្នាំវកក្នុងឆ្នាំនេះ បើអ្នកចង់រៀបការ នឹងបានដូចបំណង តែអាចនឹងមានបញ្ហាទំនាស់ជាមួយមេបាតិចតួច តែឆ្នាំនេះអ្នកមានឱកាសឡើងតំណែងនៅកន្លែងធ្វើការ តែយ៉ាងណាថែរក្សាសុខភាពផង។ ចំណែស្ត្រីឆ្នាំស្វា ឆ្នាំនេះជាឆ្នាំដែលអ្នកមានសេចក្ដីសុខ សុភមង្គលលើសលប់ គាប់ចិត្តគ្រប់យ៉ាង ជោគរាសីល្អខ្លាំង តែត្រូវចាំ កុំចេះដឹង លូកដៃរឿងគេ ប្រយ័ត្នជាប់ស៊យ។
១០. ឆ្នាំរកា ៖ មនុស្សប្រុសឆ្នាំមាន់ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្ន កុំលេងសើចផ្ដេសផ្ដាស ធ្វើអ្វីមួយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ កុំឱ្យធ្លោយមានបញ្ហា ត្រូវធ្វើជាមនុស្សដែលមានរបៀបរៀបរយ ប្រើបញ្ញា ស្មារតី និងសេចក្ដីល្អ តបតទៅសត្រូវវិញ។ ចំណែកស្ត្រីឆ្នាំមាន់ នឹងកើតអារម្មណ៍ធុញថប់ តប់ប្រមល់នឹងកន្លែងធ្វើការ បើអ្នកចង់ផ្លាស់ប្ដូរពីធ្វើការ មកប្រកបរបរ បើកអាជីពផ្ទាល់ខ្លួននឹងអំណោយផល តែកុំភ្លេចថែរក្សាសុខភាពផង។
១១. ឆ្នាំច ៖ សម្រាប់បុរសឆ្នាំចក្នុងឆ្នាំនេះ ជោគល្អ លាភច្រើន តែកុំបេះបួយ ប៉ប៉ាច់ប៉ប៉ោច ខូចមាត់ បើមិនដូច្នោះ ក្រែងលាភប្រែជាគ្រោះ បាត់អស់សំណាង នាំឱ្យបែកបាក់។ ចំណែកស្ត្រីឆ្នាំច រាសីល្អប្រសើរ លាភធំនឹងចូលមកបន្ទាប់ពីអ្នកខាតបង់កន្លងមក។ ប្រយ័ត្នប្រយែងគ្រប់កិច្ច លាភជ័យនឹងមករកអ្នកក្នុងពេលណាមួយនៃឆ្នាំនេះ។
១២. ឆ្នាំកុរ ៖ បុរសឆ្នាំកុរ ក្នុងឆ្នាំ ២០២៤ នេះ ឈ្នះអស់មាសត្រូវទាំងពួង សំណាងជុំទិស ចៀសផុតឧបសគ្គតូចធំ តែកុំភ្លេចបង្កើនប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសផុតគ្រោះផ្សេងៗ។ ចំណែកស្ត្រីឆ្នាំជ្រូក ក្នុងឆ្នាំនេះ អ្នកមិនសូវស្រណុកចិត្តប៉ុន្មានទេ នឹងជួបទុក្ខទោសញឹកញាប់ មានផលរំខាន យ៉ាងណាចូរពង្រឹងស្មារតី ប្រឹងគ្រប់គ្រងអារម្មណ៍ រម្ងាប់ចិត្ត តាំងចិត្តធ្វើការឡើងវិញ ទើបអាចសម្រេចកិច្ចការទាំងឡាយ៕