មនុស្សគ្រប់រូប ជាពិសេសមនុស្សស្រី តែងតែស្រមៃចង់ឱ្យស្នេហា ការស្រឡាញ់របស់នាង នៅឋិតថេរដូចដើម ដូចថ្ងៃដំបូងដែលបានចាប់ផ្ដើមជាមួយគ្នា។ ក៏ប៉ុន្តែ ស្នេហានីមួយៗ គឺរមែងប្រែប្រួល ព្រោះស្នេហាវាកើតពីចិត្ត និងអារម្មណ៍របស់មនុស្ស ហើយចិត្ត និងអារម្មណ៍របស់មនុស្សម្នាក់ៗ តែងតែប្រែប្រួល ផ្លាស់ប្ដូរទៅតាមពេលវេលា។ ស្នេហា គឺមានដំណាក់កាលរបស់វា ហើយវាក៏ប្រែប្រួលទៅតាមដំណាក់កាលនីមួយៗផងដែរ។
១. ដំណាក់កាលទី១ ៖ រយៈពេល ៣ ខែដំបូង
៣ខែដំបូង ដែលមនុស្សពីរនាក់ចាប់ផ្ដើមដាក់ចិត្តស្រឡាញ់គ្នា គឺមានគ្រប់រសជាតិ គ្រប់អាម្មណ៍ដែលមានចំពោះគ្នា ផ្អែមក៏ផ្អែម ប្រចណ្ឌ ហួងហែង ខ្វាយខ្វល់ យកចិត្តទុកដាក់ ខឹង អាន់អន់ស្រពន់ចិត្ត ចេះគិត ចេះតែនឹក និងបារម្ភពីគ្នា សឹងតែថា ឃ្លាតមួយនាទីក៏មិនបាន។ ហើយម្ខាងៗ គឺតែងតែព្យាយាមទាមទារពីដៃគូ ចង់ឱ្យគេនៅក្បែរ មើលថែ សួរនាំ និងប្រាប់គ្រប់ពេល មិនថាទៅណាមកណា ជាមួយអ្នកណានោះឡើយ និយាយទៅគឺ ចង់ដឹងពីគ្នា។
២. ដំណាក់កាលទី២ ៖ រយៈពេល ៦ ខែ
រហូតដល់៦ខែ វាក៏ចាប់ផ្ដើមប្រែប្រួលបន្តិចហើយ គឺម្នាក់ៗ ហាក់ចង់បានពេលវេលាផ្ទាល់ខ្លួនខ្លះ ចង់ជួបជុំមិត្តភក្តិ បងប្អូនគេខ្លះ ក៏អាចនិយាយបានថា គឺមានអារម្មណ៍ចាប់ផ្ដើមធុញទ្រាន់នឹងចរិតដៃគូខ្លះហើយ ព្រោះមានដៃគូខ្លះ ពេលដែលទាក់ទងគ្នា ហាក់ដូចជាព្យាយាមទាមទារនេះ ទាមទារនោះ រករឿងអ៊ីចេះ រករឿងអ៊ីចុះ មានបញ្ហា ខឹងឈ្លោះឥតល្ហែ ពេលខ្លះ ថែមទាំងនិយាយពាក្យបែកដាក់គ្នាទៀត។
៣. ដំណាក់កាលទី៣ ៖ រយៈពេលមួយឆ្នាំ
អាចបន្តបានដល់មួយឆ្នាំ គិតថាអាចថាំចិត្ត អត់ធ្មត់បានគួរសម ព្រោះអ្នកទាំងពីរអាចឆ្លងកាត់អារម្មណ៍ធុញទ្រាន់នឹងគ្នាបាន ដូចនេះក៏អាចហៅបានថា វាល្អគួរសម អាចមានសង្ឃឹមបានសាងអនាគត ថ្ងៃមុខក្លាយជាប្ដីប្រពន្ធនឹងគ្នា។ ប៉ុន្តែឈានដល់ដំណាក់កាលនេះ អ្នកគួរតែរៀនកែប្រែ ផ្លាស់ប្ដូរទម្លាប់មួយចំនួន ដែលដៃគូមិនពេញចិត្ត ដើម្បីថ្ងៃមុខ បើចង់រស់នៅជាប្ដីប្រពន្ធនឹងគ្នា។
៤. ដំណាក់កាលទី៤ ៖ រយៈពេល ៣ ឆ្នាំឡើងទៅ
មិនខ្វះទេ អ្នកដែលអាចរក្សាចំណងស្នេហាបានរយៈពេល៣ឆ្នាំ តែវាក៏រឹតតែមិនងាយ បើឱ្យគិតរក្សាបន្ត៣ឆ្នាំទៅមុខទៀត ព្រោះអ្នកខ្លះ មកដល់៣ឆ្នាំនេះ ក៏មិនដឹងឈ្លោះគ្នាប៉ុន្មានដង បែកគ្នាប៉ុន្មានសារនោះឡើយ ហើយអ្នកខ្លះ ក៏មិនដឹងថាលួចក្បត់គ្នាយ៉ាងណានោះដែរ តែយកល្អ បើគិតថាអាចទទួលយកគ្នាបាន អាចជឿជាក់ ទុកចិត្តគ្នាបានហើយ ក៏គួរតែគិតគូររៀបការទៅ កុំបន្លាយពេលវេលាយូរជាងនេះ វាអាចនឹងមិនល្អ ព្រោះមនុស្សស្រីខ្លះ គាត់មិនអាចចំណាយពេល ៤ ឬ៥ឆ្នាំ ដើម្បីរង់ចាំមនុស្សណាម្នាក់ ដែលហាក់មិនប្រាកដប្រជានឹងនាងនោះឡើយ។
៥. ដំណាក់កាលទី៥ ៖ រៀបការក្លាយជាប្ដីប្រពន្ធ
អាចហៅបានថា អ្នកទ្រាំជាមួយគ្នាបានច្រើន ទើបអាចរក្សាចំណងស្នេហា ពីសង្សាររាប់ឆ្នាំ អាចចាំគ្នារហូតក្លាយជាប្ដីប្រពន្ធ តែក៏មានដៃគូខ្លះ កាលនៅជាសង្សារអាចទ្រាំ អាចទទួលយកគ្នាបាន តែបែរជាការមិនបានប៉ុន្មានក៏ស្រាប់តែលែងលះគ្នា ចែកផ្លូវគ្នា ក្រោមហេតុផល មិនអាចរស់នៅចុះសម្រុងនឹងគ្នា មិនអាចទទួលយកចរិតរបស់ដៃគូបាន។ តាមការពិត អ្នកគួរតែគិតឡើងវិញ នេះមកពីមានម្ខាង មិនព្រមកែប្រែចរិតនិស្ស័យ កាលនៅដំណាក់កាលទី៣ ហើយម្ខាងទៀត នៅតែទ្រាំរង់ចាំ ហើយគិតថាពេលយូរទៅគេនឹងកែ ពេលការហើយគេនឹងកែ ពេលមានកូនគេនឹងកែ តែអ្នកត្រូវចាំថា ចរិតមនុស្សខ្លះបើមិនកែ ទោះមានដល់ចៅក៏គេនៅតែមិនកែដដែល ដូចនេះមិនគួរចាប់ផ្ដើមរៀបការនឹងគ្នានោះឡើយ តែបើការហើយក៏គួរតែគិតផងថា ទម្រាំមកដល់ថ្ងៃនេះ អ្នកតស៊ូ អត់ធ្មត់សព្វគ្រប់បែបយ៉ាង លំបាក វេទនា ខឹងឈ្លោះគ្នាបែបណាខ្លះមុននឹងសម្រេចចិត្តរៀបការជាមួយគ្នា។
គ្រប់ដំណាក់កាលនីមួយៗ ម្នាក់ៗដឹងច្បាស់ហើយថាបែបណា ដឹងពីអត្តចរិត និស្ស័យ សន្ដានរបស់ដៃគូ ហើយក៏បានឆ្លងកាត់ រឿងរ៉ាវបញ្ហាជាច្រើនមកជាមួយគ្នា ជាពិសេស គ្រប់ដំណាក់កាលទាំងអស់ គឺសុទ្ធតែបង្កប់នូវស្លាកស្នាម ការចងចាំ និងអនុស្សាវរីជាច្រើនជាមួយគ្នា។ ហើយមកដល់ពេលនេះ តើស្នេហារបស់អ្នក ឈានដល់ដំណាក់កាលទីប៉ុន្មានហើយ?