ព្រះសីហនុ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៖ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ដោយបានរៀបចំសិក្ខាសាលានៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ។ សិក្ខាសាលាមានការចូលរួមយ៉ាងអធិកអធមពីសំណាក់សិស្សនិស្សិតចំនួន ១៥០នាក់ ដែលក្នុងនោះរួមមាន និស្សិតដែលកំពុងសិក្សាជំនាញផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ធនាគារនិងហិរញ្ញវត្ថុ និងទីផ្សារ។។
សិក្ខាសាលានេះផ្តោតលើតួនាទីរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការគ្រប់គ្រងហានិភ័យឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ ដែលមានគោលបំណងបំពាក់បំប៉នដល់និស្សិតនូវចំណេះដឹងសំខាន់ៗសម្រាប់សុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងលោកស្រី សេង សុភា នាយកសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ដព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដ៏មានគុណតម្លៃនេះ ផងដែរ។
លោក អឿ សុធារ័ត្ន បានលើកឡើងថា៖ «ការប្តេជ្ញាចិត្តរបស់ ស៊ីប៊ីស៊ី លើសពីការធ្វើឱ្យប្រសើរឡើងនៃបរិយាបន្នហិរញ្ញវត្ថុ។ យើងខិតខំពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ រៀបចំរូបវន្ដបុគ្គលម្នាក់ៗដើម្បីរុករកនូវទិដ្ឋភាពឥណទានប្រកបដោយការទទួលខុសត្រូវ។ សិក្ខាសាលានេះគឺជាសក្ខីភាពនៃភាពជាដៃគូរបស់យើងជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងការអប់រំក្រៅប្រព័ន្ធ។»
លោកស្រី សេង សុភា បានបន្ថែមថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយ ស៊ីប៊ីស៊ី ដើម្បីពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់សិស្សនិស្សិតរបស់យើង ដែលជាជំនាញបំណិនជីវិតដ៏សំខាន់ដែលនឹងជួយដល់ពួកគេផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។»
និស្សិតម្នាក់ដែលបានចូលរួមឈ្មោះ ស៊ុន ឆវន្ដ ពិតជារំភើបចំពោះគំនិតផ្ដួចផ្ដើមនេះ ព្រមទាំងបានលើកឡើងថា៖ «វាជាឱកាសដ៏ល្អសម្រាប់យើងក្នុងការយល់ដឹងពីពិភពហិរញ្ញវត្ថុឱ្យកាន់តែច្បាស់។ ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍បែបនេះបន្ថែមទៀត។»
គួរបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់របស់ ស៊ីប៊ីស៊ី ចំពោះកិច្ចការសង្គម គឺបង្ហាញឱ្យឃើញនៅក្នុងការរៀបចំសិក្ខាសាលាជាប្រចាំរបស់ខ្លួនសម្រាប់សិស្សនិស្សិតនៅទូទាំងខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដោយស្របតាម “យុទ្ធសាស្រ្តថ្នាក់ជាតិស្ដីអំពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៦ដល់ឆ្នាំ២០២៥”។ ស៊ីប៊ីស៊ី នៅតែបន្តចូលរួមចំណែកក្នុងការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា តាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួន។
អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវ សេវាព័ត៌មាន ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងប្រទេស កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២មក ស៊ីប៊ីស៊ី បានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងអត្ថប្រយោជន៍ ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរតាមរយៈដំណោះស្រាយជាច្រើនដូចជា
របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យ
ឥណទាន សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ និងសេវាវាយតម្លៃអចលនទ្រព្យឌីជីថលជាដើម។ បច្ចុប្បន្នស៊ីប៊ីស៊ីមានសមាជិករហូតដល់ទៅ ១៩៣ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។
សម្រាប់ព័ត៌មានបន្ថែមអំពី ស៊ីប៊ីស៊ី និងសិក្ខាសាលាផ្សេងៗនាពេលខាងមុខ សូមតាមដានគេហទំព័រ៖ www.creditbureaucambodia.com.kh