មនុស្សស្រី ដែលមិនបណ្តោយតាមអាយុរបស់ខ្លួន ភាគច្រើនមានលក្ខណៈពិសេសទាំងនេះ!

តើស្រី្តដូចម្តេចទៅ ដែលមិនព្រមបណ្តោយខ្លួនឱ្យដើរតាមអាយុកាល? គ្មាននរណាអាចទប់ស្តាត់ភាពមិនចេះចាស់នោះ តែចំពោះដួងចិត្ត និងរូបរាងកាយរបស់យើងគឺជារបស់អាចក្តោបក្តាប់បាន។ ស្ត្រីដែលមានទឹកចិត្តវិជ្ជាមាន ទោះជារូបសម្បត្តិខាងក្រៅចាស់ក៏ពិតមែន តែក្នុងចិត្តពោលពេញដោយសេចក្តីក្លៀវក្លា និងភាពទាក់ទាញ ពីព្រោះជីវិតរបស់ពួកគេពេញលេញ និងសុខភាពល្អ ដូច្នេះយើងមកមើលលក្ខណៈទាំង៤ដែលបញ្ជាក់ថាស្រី្តមិនបណ្តោយតាមអាយុរបស់ខ្លួន។

១. ញញឹមឱ្យបានច្រើន

ស្នាមញញឹម គឺជាគ្រឿងសម្អាងតុបតែងមុខដ៏ល្អបំផុតសម្រាប់ស្ត្រី នៅលើមុខរបស់ស្ត្រីបើមាននូវស្នាមញញឹមរហូតនោះ គឺវាអាចបន្ថែមនូវភាពភ្លឺថ្លា និងទាក់ទាញនៅលើផ្ទៃមុខ។ ផ្ទុយមកវិញ បើនៅលើមុខសោះកក្រោះ ទោះជារូបសម្បត្តិស្អាត ផាត់មុខក្រាស់ ស្លៀកសម្លៀកបំពាក់ថ្លៃយ៉ាងណា ក៏មើលទៅមិនស្អាតនោះដែរ។

ស្ត្រីដែលចូលចិត្តញញឹម សុទ្ធតែមានភាពទាក់ទាញ គេជាមនុស្សសុទ្ធិដិនិយម ឆាប់ភ្លេចរឿងដែលមិនសប្បាយចិត្ត មិនខ្វល់ច្រើន និងមិនប្រកាន់ច្រើន ហើយបើជួបរឿងដែលមិនស្របបំណងវិញ គឺមិនបន្ថែមការស្មុគស្មាញមកលើខ្លួនឯងឡើយ។ តាមពិតទៅរឿងជាច្រើនគឺកន្លងផុតដោយងាយស្រួលនោះទេ គ្រាន់តែយើងមិនព្រមប្រលែងវាចោលតែប៉ុណ្ណោះ។

២. ហាត់ប្រាណឱ្យបានច្រើន

ហេតុអ្វីបានជាឆាប់ចាស់ អាចមកពីការបញ្ចេញញើសបានតិចពេក។ មានតារាសម្តែងជាច្រើន ហេតុអ្វីបានជាគេមិនងាយចាស់ មិនមែនព្រោះតែពួកគេមានប្រាក់ច្រើន ប្រើគ្រឿងសម្អាងថ្លៃៗនោះទេ គួបផ្សំជាមួយគ្នានេះដែរ ពួកគេក៏មានការធ្វើលំហាត់ប្រាណថែរក្សារូបរាងកាយពួកគេបានល្អផងដែរ ។

ការធ្វើលំហាត់ប្រាណនេះ មិនត្រឹមតែបង្ហាញពីរូបរាងស្អាតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យយើងមានសុភាពល្អទៀតផង។ ការហាត់ប្រាណមានផលប្រយោជន៍ច្រើនយ៉ាង ជាពិសេសអ្នកដែលចូលចិត្តហាត់ប្រាណមិនងាយចាស់នោះទេ ព្រោះវាអាចកាត់បន្ថយស្ត្រេស ធ្វើឱ្យស្មារតី និងខួរក្បាលល្អ និងមិនងាយមានជំងឺផ្សេងៗឡើយ។

៣. អានសៀវភៅ

ការអានសៀវភៅអាចផ្លាស់ប្តូរផ្នត់គំនិតយើងបាន ពេលដែលអានកាន់ច្រើននឹងបង្កើនភាពឆ្លាតវៃកាន់តែខ្ពស់ ហើយយូរៗទៅអ្នកនឹងយល់ថាខ្លួនឯងមិនដូចពីមុនទៀតឡើយ។ ពេលដែលអ្នកចម្រើនការគិតហើយ អ្នកកាន់តែចេះគិតពិចារណា និងមានម្ចាស់ការចំពោះខ្លួនឯង និងមិនងាយជឿសម្ដីគេងាយ ដឹងថាអ្វីដែលខ្លួនត្រូវធ្វើ មិនយកពេលវេលាទៅខ្ជះខ្ជាយចំពោះរឿងឥតប្រយោជន៍ ហើយសម្ដីសម្ដៅ កាយវិការក៏ប្រកបដោយភាពថ្លៃថ្នូរ។

៤. ស្រលាញ់ខ្លួនឯង

ស្ត្រីភាគច្រើនឱ្យតែពេលមានគ្រួសារហើយ ភ្លេចៗខ្លួននឹងឆាប់ចាស់ ព្រោះតែពួកគេមិនបានស្រលាញ់ខ្លួនឯង។ ស្ត្រីភាគច្រើន ព្រោះតែគ្រួសារ បានលះបង់ ធ្វើការងាររកស៊ីយ៉ាងនឿយហត់ ដោយមិនបានយកចិត្តទុកដាក់និងសុខភាពរបស់ខ្លួនឯងឡើយ យល់ថាឱ្យតែមានការលះបង់នឹងទទួលបានការតបស្នងមកវិញជាមិនខាន។ តែគំនិតទាំងនេះគឺខុសទាំងស្រុង បើយើងមិនព្រមស្រលាញ់ខ្លួនឯងទេ ចុះឱ្យនរណាមកស្រលាញ់ខ្លួនយើងទៅ មិនប្រាកដថាឱ្យតែការលះបង់របស់យើងសុទ្ធតែគេមើលឃើញទុកក្នុងចិត្តនោះទេ ។

ដូច្នេះមានតែប្រឹងប្រែងមកស្រលាញ់ខ្លួនឯង យល់ពីខ្លួនឯង បណ្តាក់ទុនលើខ្លួនឯង ទើបមិនឱ្យខ្លួនយើងបណ្តោយតាមអាយុកាលរបស់ខ្លួន៕

អត្ថបទ ៖ Mythical Bird / Knongsrok