ជាធម្មតា មនុស្សប្រុសដែលមានភាពចាស់ទុំម្នាក់ ពេលដែលគេជួបនឹងមនុស្សស្រីដែលគេចង់យកជាគូអនាគត គេមិនសូវជាប្រើពាក្យសម្ដីមកបង្ហាញប៉ុន្មាននោះទេ គេតែងបង្ហាញចេញតាមរយៈកាយវិការ ឬសញ្ញាមួយចំនួន ដែលអាចសម្គាល់ដឹងថា គេមានបំណងអ្វីមកលើអ្នក។ ចំពោះមនុស្សប្រុសដែលគេចង់កំណត់អ្នកជាគូអនាគតរបស់គេនោះ គេនឹងមានសញ្ញាទាំង ៦ ដូចខាងក្រោមនេះ។
១. ចុះសម្រុង
ភាពចុះសមុ្រង គឺជាមូលដ្ឋានគ្រឹះក្នុងការទំនាក់ទំនងដ៏ល្អបំផុតនៅក្នុងរឿងស្នេហា ពេលដែលគេស្រលាញ់អ្នកហើយ គេភាគច្រើនគិតដល់អ្នក ធ្វើយ៉ាងម៉េចឱ្យទំនាក់ទំនងអ្នកទាំងពីរមានភាពចុះសម្រុង ដូចជា គេសុខចិត្តបដិសេធការណាត់ជួបជាមួយមិត្តភ័ក្រ្តដើម្បីមកកំដរអ្នក ឬគេមិនអាចគិតតែអង្គុយលេងហ្គេមមិនខ្វល់ពីអ្នកឡើយ។ ប្រសិនបើបែបនេះមែននោះ ប្រហែលជាស្នេហាដែលគេមានចំពោះអ្នកមិនមែនជាការលេងសើចជាមួយអ្នកឡើយ។
២. ចង់បណ្តាក់ទុនទៅលើអនាគតរបស់អ្នក
ឱ្យតែកើតមាននូវមនោសញ្ចេតនាយ៉ាងខ្លាំងក្លាហើយ បាតុភាពច្រើនឃើញបំផុតសម្រាប់មនុស្សប្រុស គឺគេតែងគិតពីរឿងអនាគតជាមួយអ្នក គេតែងជជែករឿងអនាគត ឬក៏ចាប់ផ្តើមមានការចាប់អារម្មណ៍ចំពោះអាជីព និង ចំណេះវិជ្ជាដែលអ្នកមាន ដូច្នេះគេព្រមបណ្តាក់ទុនដូចជាពេលវេលា ទ្រព្យសម្បត្តិ និងមនោសញ្ចេតនា មកលើស្នេហាមួយនេះ។
៣. ចង់ឱ្យអ្នកមានទំនាក់ទំនងល្អជាមួយសមាជិកគ្រួសាររបស់គេ
មុនពេលដែលមនុស្សប្រុសម្នាក់យកអ្នកជាគូអនាគត ជាដំបូងគេនឹងណែនាំអ្នកទៅឱ្យអ្នកនៅជុំវិញខ្លួនគេ និង ក្រុមគ្រួសាររបស់គេបានស្គាល់អ្នក គេសង្ឃឹមថាអ្នកអាចមានទំនាក់ទំនងល្អ ឬចុះសម្រុងជាមួយសមាជិកគ្រួសាររបស់គេ ព្រោះថ្ងៃអនាគតអ្នកនឹងក្លាយទៅជាចម្លែកមួយនៅក្នុងជីវិតរបស់គេ ដូច្នេះគេមិនចង់ឃើញទិដ្ឋិភាពមួយគឺ អ្នក និងសមាជិកគ្រួសារគេមានវិវាទនឹងគ្នានោះឡើយ។
៤. ក្លាហានក្នុងការនិយាយពាក្យសុំទោស
ពេលដែលគេស្រលាញ់អ្នកខ្លាំង អ្វីដែលគេខ្លាចបំផុតគឺជាការឈ្លោះគ្នា ព្រោះថាគេខ្លាចធ្វើឱ្យមានការប្រះឆាទៅដល់ទំនាក់ទំនងរបស់អ្នកទាំងពីរ បើពេលអ្នកខឹង គេមកសុំទោសអ្នកមុន ឬនិយាយពាក្យសុំទោសដោយសប្បាយចិត្តមកកាន់អ្នកនោះ នេះអាចបញ្ជាក់បានថា ទំនាក់ទំនងរបស់អ្នកទាំងពីរគឺមិនងាយនឹងប្រេះឆានោះឡើយ។
៥. គេតែប្រើពាក្យថា “ពួកយើង” ជំនួសពាក្យថា “បង ឬខ្ញុំ”
ការប្រើពាក្យ “ពួកយើង” មកជំនួសពាក្យ “បង ឬខ្ញុំ” អាចបញ្ជាក់ថាគេបានទុកអ្នកនៅក្នុងជីវិតរបស់គេស្រេចបាត់ទៅហើយ ឧទាហរណ៍ថា ៖ ផ្ទះរបស់ពួកយើង ប៉ាម៉ាក់របស់ពួកយើង ជាដើម។ គេចង់បង្ហាញថាអ្វីៗរបស់អ្នក គឺជាចំណែករបស់គេ ហើយអ្នកក៏មានសិទ្ធទៅលើជីវិតរបស់គេដូចគ្នា។
៦. គេប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់គេ
ប្រហែលជាគេអាចនឹងបង្ហាញឥរិយាបថដែលមានភាពថ្លៃថ្នូរឱ្យអ្នកឃើញ គេមិនចង់ឱ្យអ្នកឃើញពីចំណុចអវិជ្ជមានរបស់គេច្រើនឡើយ ម្យ៉ាងទៀត គេតែងចង់លឺពាក្យសរសើរដែលចេញពីមាត់អ្នក នៅពេលដែលគេធ្វើបានល្អ ឬសម្រេចការងារជោគជ័យណាមួយ ព្រោះគេគិតថាអ្វីដែលគេខិតខំក៏ដើម្បីតែអ្នកដែរ៕
ប្រែសម្រួលដោយ ៖ បក្សីទេព / ប្រភពពី ៖ https://mp.weixin.qq.com/