ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារ គឺជាខេត្តមួយដែលសម្បូរទៅដោយសក្តានុពលធម្មជាតិដ៏ស្រស់បំព្រង ជាពិសេសគឺជួរភ្នំតូចធំ បង្កើតជាកន្លែងកម្សាន្តយ៉ាងច្រើនអនេកស្វាគមន៍ភ្ញៀវទេសចរណ៍កកម្សាន្ត។
នៅក្នុងនោះ តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ក៏ជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយប្រចាំខេត្តព្រះវិហារផងដែរ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ និងទឹកជ្រោះតូចធំយ៉ាងស្រស់បំព្រង ។
ដើម្បីឡើងដល់កំពូលភ្នំនេះ អ្នកទេសចរ ត្រូវធ្វើដំណើរតាមជម្រាលភ្នំ ដែលអមទៅដោយទេសភាពព្រៃភ្នំ ចម្ការដំណាំធំល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែក ជាពិសេសគឺត្រូវដើរឡើងភ្នំដែលមានកម្ពស់ជាង ៤០០ម៉ែត្រ និងមានកាំជណ្តើរ ដល់ទៅ ១៨០០ កាំ។
ហើយពេលឡើងទៅដល់ លោកអ្នកនឹងប្រទះទេសភាពជុំវិញខៀវស្រងាត់ ពពកអ័ព្ទអណ្តែតមីដេដាស ពាសពេញកំពូលភ្នំ ជាពិសេសគឺមានទឹកជ្រោះឱ្យកម្សាន្តជាច្រើនកន្លែងផងដែរ។
គួរឱ្យដឹងផងដែរថា តំបន់ភ្នំត្បែងមានជ័យ ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ គឺជាទីជម្រកធម្មជាតិដ៏សំខាន់នៃហ្វូងសត្វព្រៃជាច្រើនប្រភេទ ពិសេសពពួកថនិកសត្វប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Google/ Dek Phlov ដេកផ្លូវ - advanture and photography/ Cambodia Amazing Trip Planner/