មនុស្សមានថ្ងៃត្រចះត្រចង់ ក៏អាចមានថ្ងៃធ្លាក់ចុះផងដែរ ពេលគ្មានប្រាក់ ធ្វើអ្វីតែងគិតគូរម៉ត់ចត់ មិនហ៊ានខ្ជះខ្ជាយឡើយ។ ពេលគ្មានប្រាក់ តែងមានគំនិតបាក់ស្បាត ខ្លាចរអាល មិនហ៊ានទៅមុខ របស់ដែលខ្លួនចង់បាន តែងតែមិនអាចបានដូចបំណងឡើយ។ ម្យ៉ាងទៀតពេលជីវិតធ្លាក់ចុះ នៅក្បែរខ្លួនមិនសូវជាមានមិត្តច្រើនឡើយ ស្ទើរតែរុញយើងទម្លាក់ទឹកទៀតផង។
ពាក្យចាស់ពោលថា “រឿងរ៉ាវជាច្រើនប្រែប្រួលមិនទៀង” ក្នុងសង្គមបច្ចុប្បន្ននេះ ឱ្យតែអ្នកលះបង់ដោយភាពត្រឹមត្រូវ នោះនឹងមានការទទួលបានជាមិនខាន។ ពេលមនុស្សធ្លាក់ក្នុងភាពលំបាក ងាយស្រួលមើលច្បាស់អំពីចិត្តបំណងរបស់អ្នកជុំវិញខ្លួន ក៏ធ្វើឱ្យយើងអាចដឹងថា មានតែខ្លួនឯងទេទើបជួយខ្លួនឯងបាន។ ដើម្បីឱ្យខ្លួនរស់នៅមានសុភមង្គល មិនឱ្យខ្លួនរស់នៅក្រោមការមើលស្រាលរបស់អ្នកដទៃ ឱ្យតែអ្នករស់នៅបានល្អហើយ ច្បាស់ជាគ្មាននរណាអាចមកជាន់ឈ្លីមើលស្រាលអ្នកបានឡើយ។
១. ជីវិតមិនទាន់ធ្លាក់ដុនដាន ត្រូវរៀនយល់ពីភាពលំបាកនៃការគ្មានប្រាក់
ពេលនៅក្មេងមានកម្លាំង គឺគ្មានសម្ពាធឡើយ មិនយល់អំពីភាពលំបាកនៃការរកប្រាក់មិនបានឡើយ ក៏មិនចេះស្តាយស្រណោះប្រាក់មួយកាក់មួយសេនដែរ។ ប៉ុន្តែបើអ្នកចេះទៅឈ្វេងយល់អំពីភាពលំបាកនៃការរកប្រាក់ នឹងបញ្ហាដែលជួបការលំបាកនៅក្នុងជីវិតរស់នៅគ្រប់បែបយ៉ាង នោះអ្នកនឹងចេះស្រលាញ់ប្រាក់ជាមិនខាន។ ពេលដែលគ្មានប្រាក់ តាមពិតទៅសូម្បីតែអ្នកផ្ទះខ្លួន ក៏មើលស្រាលខ្លួនអ្នកដែរ នៅក្នុងពេលនេះបើនៅតែមិនតស៊ូទៀត ដូច្នេះគ្មានអ្នកណាអាចជួយអ្នកបានឡើយ។
ពេលមានសមត្ថភាពរកប្រាក់ ក៏ត្រូវមានសមត្ថភាពចាត់ចែងលុយកាក់ បើចំណូលតិចជាងចំណាយ ដូច្នេះប្រាក់ដែលរកបានច្រើនប៉ុនណាក៏មិនអាចក្តាប់ជាប់ក្នុងដៃបានឡើយ។ ការរស់នៅត្រូវការចាយប្រាក់ តែក៏ត្រូវការសន្សំប្រាក់ដែរ ពេលដែលអ្នកចេះសន្សំប្រាក់ ពេលប្រថុចញ៉ុចត្រូវការប្រាក់មកដោះស្រាយបន្ទាន់ នោះអ្នកគ្មានការតក់ស្លុត និងភ័យខ្លាចឡើយ។
២. ក្នុងហោប៉ៅគ្មានប្រាក់ គ្រប់ស្ថានភាពសុទ្ធតែលំបាក
ស្រទាប់អាយុមិនដូចគ្នា ការយល់ឃើញចំពោះភាពចំបាច់របស់ទឹកប្រាក់ក៏មិនដូចគ្នាដែរ តែដាច់ខាតត្រូវចេះការពារប្រសើជាងព្យបាលដែរ។ ពីព្រោះនរណាក៏មិនដឹងពីគ្រោះថ្នាក់មុនឡើយ និងមកដល់នៅពេលណាឡើយ បើនៅក្នុងដៃគ្មានដើមទុនជាក់លាក់មួយ គឺបានន័យថាគ្មានទំនុកចិត្តក្នុងការទប់ទល់ឧបសគ្គពេលមកដល់។
គ្មានប្រាក់ ងាយនឹងឱ្យយើងមានអារម្មណ៍តូចចិត្ត ដូច្នេះហើយ ពេលខ្លួននៅក្មេង ដាច់ខាតត្រូវរកប្រាក់ និងសន្សំប្រាក់តាមលទ្ធភាពរបស់ខ្លួន នេះទើបជាភាពរីកចម្រើនដ៏ល្អនៅក្នុងឆាកជីវិតរបស់អ្នពេលដែលដល់វ័យកណ្តាល មិនត្រឹមតែត្រូវចិញ្ចឹមខ្លួនឱ្យរស់នោះទេ នៅត្រូវពិចារណាអំពីសុភមង្គលក្នុងគ្រួសារទៀតផង។ បើសូម្បីតែមនុស្សនៅក្បែរខ្លួនមិនអាចការពារបានផង ដូច្នេះបញ្ជាក់ថា អ្នកពិតជាគ្មានសមត្ថភាពឡើយ។ តាមពិតមនុស្សគ្រប់រូបសុទ្ធតែរវល់ ប៉ុន្តែសុទ្ធតែដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានការធូធារប៉ុណ្ណោះ៕
អត្ថបទ ៖ បក្សី ទេព / Knongsrok